ភ្នំពេញ ៖ ក្មេងស្រីវ័យ១០ឆ្នាំម្នាក់ បានកើតមានអាការឈឺក្បាលខ្លាំង និងក្អួតញឹកញាប់ លុះក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប ដើម្បីពិនិត្យព្យាបាល ត្រូវបានក្រុមគ្រូពេទ្យជំនាញ ពិនិត្យឃើញថា ក្មេងស្រីរូបនេះ មានដុះសាច់ក្នុងខួរក្បាល។ បន្ទាប់មក ក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់ ព្យាបាល រហូតទទួលបានជោគជ័យ ដោយពេលនេះ សុខភាពរបស់ក្មេងស្រីល្អប្រក្រតី មិនមានពិការភាពឡើយ។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា ក្មេងស្រីអាយុ១០ឆ្នាំ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជយវរ្ម័នទី៧ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអាការក្អួតញឹកញាប់ និងឈឺក្បាលខ្លាំង។ កុមារីត្រូវបានថតឆ្លុះដោយម៉ាស៊ីន MRI រកឃើញមានដុំសាច់ខួរក្បាលមួយដ៏ធំនៅផ្នែកខាងស្តាំ ដែលហៅថា Astrocytoma ពេលនោះកុមារី ត្រូវបានធ្វើការព្យាបាលនិងវះកាត់យកដុំសាច់ចេញ ដោយក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រពន្ធ័ប្រសាទ នៃមន្ទីរពេទ្យជយវរ្ម័នទី៧ បានដោយជោគជ័យ ហើយក្រោយវះកាត់ កុមារី ត្រូវបានសម្រាកព្យាបាលបន្តនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ រហូតបានត្រឡប់ទៅផ្ទះវិញ និងបានមកតាមដានជាប្រចាំតាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យ ហើយនៅថ្ងៃ១១ ខែ មករា ឆ្នាំ២០២៥ កុមារីបានមកថតមើលខួរក្បាលដោយម៉ាស៊ីន MRI ដែលជាលទ្ធផលមិនមានដុំសាច់ខួរក្បាលដុះឡើងវិញទេ ជាមួយនឹងសុខភាពល្អ និងមិនមានពិការភាព។

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕