Friday, October 18, 2024
Homeតារាខ្មែរសុគន្ធ និសា-យក់ ថិតរដ្ឋា មានជម្លោះ?

សុគន្ធ និសា-យក់ ថិតរដ្ឋា មានជម្លោះ?

នៅពេលដែលសុគន្ធ និសា ចេញពីហង្សមាស ចូលទៅថោន នោះ យក់ ថិតរដ្ឋា បានសម្ងំច្រៀងនៅផលិតកម្ម  ហង្សមាស ដោយសុខសាន្ត តែពេលដែលនិសា វិលចូលហង្សមាស វិញ រដ្ឋា បែរជាចេញទៅថោន គឺហាក់ដូចជាមិនអាចនៅក្បែរគ្នាបានឡើយ។ នេះជាការលើកឡើងរបស់ទស្សនិកជនដែលមានចម្ងល់ ហើយសួរមក “អង្គរធំ” នាពេលនេះថា តើមូលហេតុដែលយក់ ថិតរដ្ឋា ដើរចេញពីហង្សមាស ចូលទៅថោន នោះ ដោយសារតែតារាទាំង២មាន ជម្លោះជាមួយគ្នាឬ?

សុគន្ធ និសា មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីពេលថ្មីៗនេះ ដោយលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ ត្រូវបានបិទ។

ចំណែកយក់ ថិតរដ្ឋា ត្រូវបានស្វាមីនាងលោកឃុំ ប៉ុណ្ណាដែត និយាយជំនួសកាលពីថ្ងៃទី១៧ ខែកុម្ភៈ ដោយអះអាងថា “នោះជារឿងចៃដន្យទេបង ព្រោះអីវាជួនគ្នា ដែលពេលនិសា ចូល រដ្ឋា ចេញ អីចឹងក៏ចេះតែមានការលើកឡើងបែបនេះហើយ។ ខ្ញុំសូមបញ្ជាក់នៅពេលនេះថា ចំពោះរដ្ឋា គឺមិនមានបញ្ហាវិវាទ ឬជម្លោះអីគ្នាទេជាមួយនិសា អាចនិយាយថា ពួកគាត់រាប់អានគ្នាដូចបងប្អូន តាំងពីនៅផលិតកម្មរស្មីស្ទឹងសង្កែ ម៉្លេះ។ រដ្ឋា ក៏មិនមានរឿងជាមួយឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដែរ ពោលគឺការចាកចេញរបស់គាត់ពីហង្សមាស ទៅថោន គឺ ជារឿងដាច់ដោយឡែក មិនមានការពាក់ព័ន្ធ និងការរកាំរកូសជាមួយតារាដូចគ្នានោះទេ តែនោះជាពេលដែលគាត់ត្រូវរកអ្វីដែលគាត់ចង់ធ្វើ ហើយខ្ញុំជាស្វាមីគាត់បានបើកសិទ្ធិពេញលេញឱ្យគាត់បន្តអាជីពសិល្បៈ ដែលគាត់ពេញចិត្ត ខ្ញុំមិនបិទសិទ្ធិគាត់ទេ បើទោះជាពេលនេះ ពួកយើងមានមុខជំនួញខ្លះ ដែលត្រូវរវល់ក៏ដោយ តែខ្ញុំនៅតែពេញចិត្តគាត់បន្តអាជីពចម្រៀងរបស់គាត់ជាមួយផលិតកម្មថោន នាពេលនេះ”។

សុគន្ធ និសា ដែលទៅហើយវិលវិញនេះ ត្រូវបានអ្នកគាំទ្រថា តារាស្រគត់ស្រគំរូបនេះ ជ្រើសផ្លូវត្រូវ។

ប្រភពបានឱ្យដឹងថា សុគន្ធ និសា នឹងត្រូវផលិតកម្មហង្សមាស យកចិត្តទុកដាក់ទម្លាក់បទឱ្យច្រៀង ច្រើនជាងមុនជាមិនខាន ដើម្បីស្កាត់ផ្លូវតារារូបនេះកុំឱ្យវិលទៅទ្រនំចាស់ថោន វិញ ហើយនៅពេលដែលយក់ ថិតរដ្ឋា មិននៅបែបនេះ តារាតូចច្រឡឹងរូបសម្រស់ស្អាតជាងគេនៅហង្សមាស រូបនេះមានសង្ឃឹមល្បីជាងមុនច្រើន។ ប៉ុន្តែយ៉ាងណា សុគន្ធ និសា ដែលធ្លាប់ជាតារាប្រដមប្រសងជាមួយនាងមាស សុខសោភា ពេលនៅថោន នោះ ប្រហែលជាមិនអាចនឹងយកឈ្នះឱក សុគន្ធកញ្ញា បានឡើយ នៅហង្សមាស បើទោះជាយក់ ថិតរដ្ឋា ចេញក្តី តែសុគន្ធកញ្ញា នឹងនៅតែបន្តជាតារាស្រីឈានមុខគេនៅទ្រនំធំនេះដដែល គឺសុគន្ធ និសា នៅតែពិបាកនឹងប្រជែង ដោយសារតែនាងគ្មានខ្នងបង្អែកដូចសុគន្ធកញ្ញា។

ទស្សនិកជនរង់ចាំមើលថា សុគន្ធ និសា នឹងនៅតែរាក់ទាក់គ្នាជាមួយនាងយក់ ថិតរដ្ឋា ដូចមុន ដោយគ្មានបញ្ហាដូចលោកឃុំ ប៉ុណ្ណាដែត អះអាងដែរឬទេ នាពេលខាងមុខនេះ? ព្រោះតែពេលនេះ តារាទាំង២ គឺមិនមែនរួមទ្រនំជាមួយគ្នាឡើយ គឺជាគូប្រជែងគ្នាទៅហើយនាពេលនេះ។

សុគន្ធ និសា ដែលវិលត្រឡប់មករកទ្រនំចាស់វិញ ជាង១ឆ្នាំនេះ បទចម្រៀងនាងនៅមិនទាន់ដិតដល់លើទីផ្សារឡើយ ហើយស្រីស្អាតរូបនេះ ក៏មិនមានខ្នងបង្អែកដូចមុនដែរ ព្រោះតែអតីតសង្សារ លោកសុខ ជំនោរ លែងអើពើក្នុងការសរសេរបទថ្មីៗឱ្យនិសា ច្រៀងទៀតហើយ ពេលដែលចែកផ្លូវគ្នានេះ…៕

RELATED ARTICLES