Saturday, January 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចលុយបងធម៌ ១ម៉ឺនដុល្លារ ជា---/ប់ខ្នោះ

លួ…/ចលុយបងធម៌ ១ម៉ឺនដុល្លារ ជា—/ប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី២នាក់ បានរាប់អានគ្នាដូចបងប្អូន និងតែងទៅណាមកណាជាមួយគ្នា លុះក្រោយមក ស្ត្រីជាបងធម៌ ចេះតែបាត់លុយកាក់ជារឿយៗ តែមិនចាប់អារម្មណ៍ រហូតដល់ឆែកមើលតាមកាមេរ៉ាសុវត្ថិ ភាព ទើបដឹងថា តាមពិតប្អូនស្រីធម៌ជើងល្អ ជាអ្នកលួច ជាច្រើនលើកមកហើយ គិតជាទឹកប្រាក់ប្រមាណ ១ម៉ឺនដុល្លារ ទើបសម្រេចដាក់ពាក្យបណ្តឹង ឱ្យកម្លាំងជំនាញអាវុធហត្ថជួយអន្តរាគមន៍ ចាប់ខ្លួនស្ត្រីសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចប្រាក់នេះ បានកើតឡើងជាបន្តបន្ទាប់ (ច្រើនដង) រាប់ចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មកម៉្លេះ។ រហូតមកដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញកងរាជអាវុធហត្ថ បានស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យ នាំយកមកសាកសួរ។

ស្ត្រីសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះឡម ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកលក់ផលិតផលឡេលាប ខ្លួន តាមអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះ មានឈ្មោះនឿន វន្នី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះនឿន វន្នី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ស្តីពីករណីលួចប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង និងមានភស្តុតាង (រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព) របស់ដើមបណ្តឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើពាក្យស្នើសុំបើកការ ស៊ើបអង្កេតបឋម មកការិយាល័យព្រហ្មទណ្ឌកង រាជអាវុធហត្ថខេត្ត ដើម្បីរៀបចំនីតិវិធីបន្តទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ ០៨.អ.យ.ក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ របស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុង បានធ្វើការកោះហៅឈ្មោះឡម ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចូលមកឆ្លើយបំភ្លឺលើករណីខាងលើ នៅមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ។ ឈ្មោះឡម ចិន្តា បានឆ្លើយបដិសេធនូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត ដូចមានក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព របស់ដើមបណ្តឹងឈ្មោះនឿន វន្នី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបន្តថា តាមការរៀបរាប់របស់ដើមបណ្តឹង ឈ្មោះនឿន វន្នី បានរៀបរាប់ក្នុងពាក្យបណ្តឹងថា ខ្លួនបានស្គាល់គ្នាជាឈ្មោះឡម ចិន្តា អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ព្រោះឈ្មោះឡម ចិន្តា ជាអ្នកលក់ផលិតផលឡេលាបខ្លួន តាមអនឡាញ ហើយជាម៉ូយទិញឡេពីខ្លួនទៀតផង រហូតរាប់អានគ្នាជាបងប្អូនធម៌ ហើយចេញចូលផ្ទះរបស់ខ្លួនជាញឹកញាប់ និងពេលចេញទៅដើរលេងកម្សាន្តជាមួយគ្នាម្តងៗ ខ្លួនតែងតែផ្ញើកាបូបលុយជាមួយឈ្មោះឡម ចិន្តា នៅពេលខ្លួនចូលបន្ទប់ទឹក ខ្លួនតែងតែបាត់លុយក្នុងកាបូប ចំនួន ៥០០០បាត ទៅ៦០០០បាត (ប្រាក់ថៃ) តែខ្លួនមិនចាប់អារម្មណ៍ គ្រាន់តែមានការសង្ស័យទៅលើឈ្មោះឡម ចិន្តា តែប៉ុណ្ណោះ។

រហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០២៤ ឈ្មោះ ឡម ចិន្តា មកសុំលក់កាហ្វេ នៅមុខតូបលក់អីវ៉ាន់របស់ខ្លួន ព្រមទាំងសន្យាជួយលក់អីវ៉ាន់ឱ្យខ្លួន ដោយមិនគិតថ្លៃឈ្នួល។ បន្ទាប់មកខ្លួនបានសម្រេចចិត្តឱ្យលក់ជាមួយ ដោយគិតថាជាអ្នករាប់អានគ្នា។ លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្លួនបានយកប្រាក់ ចំនួន១០០០ដុល្លារ និង ១០០០ បាត មកដាក់ក្នុងថតតុគិតលុយនៅក្នុងតូបលក់អីវ៉ាន់ ដើម្បីទុកសងគេ រហូតដល់វេលាម៉ោង៤រសៀល ថ្ងៃដដែល ខ្លួនបានទៅបើកថតតុ យកលុយនោះ ស្រាប់តែបាត់អស់ ហើយខ្លួនបានសួរទៅឈ្មោះឡម ចិន្តា ពេលនោះគេឆ្លើយថា មិនដឹង។ ក្រោយមក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះឡម ចិន្តា បានបបួលខ្លួនទៅលេងនៅក្រុងប៉ោយប៉ែត ក្រោយត្រឡប់មកវិញ មិនឃើញឈ្មោះឡម ចិន្តា មកលក់កាហ្វេ នៅមុខតូបរបស់ខ្លួនទៀតទេ។ ដោយមានការសង្ស័យ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្លួនបានឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញឈ្មោះឡម ចិន្តា តែងតែធ្វើសកម្មភាពលួចយកលុយតរបស់ខ្លួន ដែលទុកក្នុងថតតុ នៅក្នុងផ្ទះជាប្រចាំ សរុបជាប្រាក់ដែលបាត់អស់ប្រហែល ១ម៉ឺនដុល្លារ ទើបខ្លួនមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធ ហត្ថក្រុង តែម្តង។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ទោះបីឈ្មោះ ឡម ចិន្តា មិនទទួលស្គាល់លើភ័ស្តុតាងរូបថតកាមេរ៉ាសុវត្ថិភាពរបស់ដើមបណ្តឹង យ៉ាងណាក្តី ក៏កម្លាំងជំនាញរបស់លោក នៅតែកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត តាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតរបស់អយ្យកាអមសាលាដំបូងខេត្ត ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ស្ត្រីសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES