ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាននានា នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុនផ្តល់សេវា សន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេស ឱ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។
ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គ្រប់ក្រុមហ៊ុនផ្តល់សេវា និងសហគ្រាស គ្រឹះស្ថាន នៅពេលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខ ខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯក ជន និងសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំ នូវចំនួនភ្នាក់ងារសន្តិសុខឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជន ទៅក្នុងប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឌីជីថល។
ដោយឡែក ចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់នៅប្រមូលផ្តុំរបស់ភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាល ឱ្យបានត្រឹមត្រូវ ដូចជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះ ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ឱ្យមកទទួលការបណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗ ឱ្យបានត្រឹមត្រូវ មុនដាក់ពង្រាយឱ្យឈរ ជើងតាមគោលដៅនីមួយៗ ហើយត្រូវម្ចាស់ការលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជន ឱ្យបានជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការក្រើនរំលឹកឱ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាក សញ្ញាស័ក្កដូច ឬស្រដៀងទៅនឹងកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និងមិនត្រូវបំពាក់ឧបរណ៍ សម្ភារៈបច្ចេកទេស ដែលផ្ទុយពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែនៅមានសុខភាពល្អរឹងមាំ ឱ្យចូលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញឱ្យបន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាពិសេសចូលរួមជាមួយកម្លាំងនគរបាលជាតិ ការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចការផ្តល់នូវភ្នាក់សន្តិ សុខឯកជន ឱ្យចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ ព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមក៕