ខេត្តសៀមរាប ៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងក្លែងបន្លំឯកសារសារធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង បន្ទាប់ពីបុរសរូបនោះ បានបង់រំលស់រថយន្ត ១គ្រឿង តែបង់មិនទាន់ដាច់ផង ក៏យកទៅបញ្ចាំ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះនូ សំអន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។
ការឃាត់ខ្លួនបុរសខាងលើ បានធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះឃុន ច័ន្ទសេរីរ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់ TL) បានទូរស័ព្ទមកប្តឹងលេខអន្តរាគមន៍ពិសេស ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឈ្មោះចិត្រ វាសនា ភេទប្រុស ម្ចាស់ហាងបញ្ចាំ វីរ៉ណា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បាននាំជនសង្ស័យឈ្មោះនូ សំអន យកមកប្រគល់ឱ្យ ការិយាល័យជំនាញសាកសួរ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ត យកមកដាក់បញ្ចាំនៅហាងរបស់គាត់។
នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ឈ្មោះនូ សំអន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករថយន្តដែលខ្លួនបានបង់រំលស់ពីក្រុមហ៊ុន LT ទៅដាក់បញ្ចាំមែន ដោយខ្លួនបានធ្វើក្លែងឯកសារលក់-ទិញប្រាកដមែន ហើយរថយន្តដែលខ្លួនបានយកមកដាក់បញ្ចាំ ម៉ាកតូយ៉ូតា ហាយឡែនដឺរ ស៊េរីឆ្នាំ២០០១ ពណ៌បៃតងចាស់ ពាក់ស្លាក លេខ ភ្នំពេញ 2AS -9691។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕