ភ្នំពេញ ៖ លោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី ដែលមុននេះល្បីរឿងត្រូវប្រជាពលរដ្ឋជាច្រើនប្តឹងតវ៉ារឿងលក់ផ្ទះខ្យល់ ទិញផ្ទះ បានដីនោះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ខណៈដែលប្រុងឆ្លងដែនចេញទៅប្រទេសថៃ តាមច្រកព្រំដែន អូរស្មាច់ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយ ប្រមាណ៦០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនលោកស្រី ម៉ន ដានី នេះ គឺសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន ចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនខាងលើ បានបញ្ជាក់ថា ៖ ត្រូវបានចោទប្រកាន់លើឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 040470839(01) មានអាស័យដ្ឋាន ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ និងផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការ ទូទាត់ប្រាក់។

បានឃើញ ដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៥២៥ “រ” ព្រ.ទ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។

ហេតុដូច្នេះសម្រេច ៖ ១-បង្គាប់ឱ្យនាំខ្លួនឈ្មោះ ម៉ន ដានី ភេទស្រី សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ។ ២-បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា លោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួន ពាក់ព័ន្ធការ ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ក្នុងទំហំទឹកប្រាក់ចំនួន៦០ម៉ឺនដុល្លារ។

តាមប្រភពសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទិ១៧ ខែមករា ឆ្នាំ២០២៥ ថា លោកស្រី ម៉ន ដានី ត្រូវបាននាំខ្លួនមកដល់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ មករា ដើម្បីសាកសួរបន្ត និងបញ្ជូនទៅតុលាការភ្លាមៗនៅក្នុងថ្ងៃដដែលនោះតែម្តង៕
