ខេត្តកណ្តាល ៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ក្លូរី ដែលស្ថិតនៅក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្តាល ជាច្រើននាក់ បានផ្ទុះកូដកម្មទាមទាររកប្រាក់បំណាច់ឆ្នាំ បន្ទាប់ពីភាគីខាងរោងចក្រពន្យារពេលអស់ច្រើនថ្ងៃ ទើបនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កម្មករប្រមូលផ្តុំគ្នាតវ៉ា ឈានរហូតដល់បិទកំណាត់ផ្លូវជាតិលេខ៤ ខាងមុខរោងចក្រតែម្តង។

តាមប្រភពក្រុមកម្មករ បានលើកឡើងថា ប្រាក់បំណាច់ឆ្នាំ ទោះជាច្បាប់ក្រសួងការងារ បានចេញហើយក្តី ភាគីខាងក្រុមហ៊ុនរោងចក្រ ក្លូរី ពុំបានបើកជូនកម្មករឡើយ គិតមកដល់ព្រឹកថ្ងៃនេះ ដោយពន្យារពេលម្តងថ្ងៃនេះ ម្តងថ្ងៃនោះ ទើបនៅព្រឹកនេះ កម្មករមិនព្រមចូលធ្វើការ ប្រមូលផ្តុំតវ៉ា ដើម្បីទាមទារអត្ថប្រយោជន៍របស់កម្មករ ។

ក្រុមកម្មករបន្តថា បន្ទាប់ពីតវ៉ានៅខាងមុខរោងចក្រ ពុំមានភាគីខាងរោងចក្រចេញមកដោះស្រាយ ទើបនៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃដដែលនោះ ពួកគេបាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងមុខរោងចក្រតែម្តង។ បន្ទាប់ពីក្រុមកម្មករបិទកំណាត់ផ្លូវជាតិលេខ៤ ធ្វើឱ្យកកស្ទះចរាចរណ៍ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ធ្វើការសម្របសម្រួល សុំឱ្យបើកផ្លូវវិញ ចៀសវាងរាំងស្ទះក្នុងការធ្វើដំណើរ៕
