ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណីលួចលាក់បើកស៊ីសង អនឡាញខុសច្បាប់ នៅចំណុចអគារអាផាតមិន ១កន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ជាជនជាតិចិន និងវៀតណាម សរុបប្រមាណ ជាង៣០០នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេ តុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយយោងតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធ ចុះទៅធ្វើការឡោមព័ទ្ធទីតាំងអគារអផាតមិន មួយកន្លែងខាងលើ ដែលបានលួចលាក់បង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់ បន្ទាប់ពីមានការរាយកាណ៍ពីពលរដ្ឋថា ទីតាំងអាផាតមិន ខាងលើនេះ សម្បូរទៅដោយជនជាតិចិន និងជនជាតិវៀតណាម ចេញចូលនៅចំណុចអគារនេះ ទើបនាយឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឱ្យចុះទៅបង្ក្រាបភ្លាមៗ។

ប្រភពដដែល បន្តថា ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនជាតិចិន និងជនជាតិវៀតណាម ប្រុសស្រីចំនួន ជាង៣០០នាក់ ដែលកំពុងពួនសម្ងំលួចលាក់បង្កប់បើកនិងលេងល្បែងស៊ីសងអន ឡាញខុសច្បាប់ ដកហូតបានវត្ថុតាង សម្រាប់ដំណើរការ ល្បែងស៊ីសង។

ជនបរទេសប្រុសស្រី ជាង៣០០នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការនគរ បាលជាតិ ដើម្បីអនុវត្តតាមនីតិវិធី៕


