ខេត្តព្រះសីហនុ ៖ ជនសង្ស័យ ១ក្រុម បានបន្លំខ្លួនជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ រួចនាំគ្នាធ្វើសកម្មភាពស្ទាក់ឆែកឆេររថយន្ត ១គ្រឿង និងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) រួចគំរាមទារប្រាក់ពីជនរងគ្រោះ ចំនួន៣០០០ដុល្លារ ជាថ្នូរនឹងការដោះលែង ធ្វើឱ្យជនរងគ្រោះភ័យ ក៏យល់ព្រមប្រគល់ប្រាក់ ឱ្យក្រុមជនសង្ស័យ។ ទីបំផុតកម្លាំងជំនា ញអាវុធហត្ថបានបើកការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបក្រុមជនសង្ស័យជាប៉េអឹមក្លែងក្លាយ បានចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ថា ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេម រភូមិន្ទ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មានឱ្យបានជ្រាបអំពីក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាព ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បន្តថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការ ស្រាវជ្រាវស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៥នាក់ រួមមាន ទី១-ឈ្មោះភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។ ទី២-ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។ ទី៣-ឈ្មោះកុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៤-ឈ្មោះហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ និងទី៥-ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្តឹងថា មានមន្ត្រីកងរាជអាវុធហត្ថ ចំនួន៤ទៅ៥នាក់ បានចាប់ឆែកឆេររថយន្ត និងបានចោទថា ជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះ ចំនួន៣០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធ ចំនួន៣០០០ដុល្លារ ឱ្យទៅក្រុមជនសង្ស័យនោះ ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោកសេង ម៉េងស៊្រុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់ យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។
មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមថា ក្រុមជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជា ជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ ១ម៉ឺនដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ច ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម៕
