Monday, January 20, 2025
Homeព័ត៌មានជាតិលោកឃ្លាំង ហួត ថាសម្តេចហ៊ុន សែន ពួកប្រឆាំងបង្កាច់បង្ខូច ចង់បំផ្លាញ

លោកឃ្លាំង ហួត ថាសម្តេចហ៊ុន សែន ពួកប្រឆាំងបង្កាច់បង្ខូច ចង់បំផ្លាញ

ភ្នំពេញ ៖ លោកឃ្លាំង ហួត អភិបាលរងរាជរាជធានីភ្នំពេញ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ពួកប្រឆាំងនៅក្រៅប្រទេស បានយកករណីឃាតកម្មលិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្រ្គោះជាតិ មកបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស ចង់បំផ្លាញសម្ដេចហ៊ុន សែន ។

គួររំលឹកថា ថ្មីៗនេះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានបង្ហោះសារសំឡេងដែលអះអាងថាជាសំឡេងសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ដោយលោកបញ្ជាក់ថា នេះជាសារសំឡេងរបស់សម្ដេចហ៊ុន សែន បញ្ជាលោកឃ្លាំង ហួត តាមកម្ចាត់សកម្មជនប្រឆាំងនៅប្រទេសថៃ មុនពេលមានព្រឹត្តិការណ៍បាញ់ប្រហារលោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ នៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បង្កឡើងដោយបុរសជនជាតិថៃម្នាក់។

លោកសម រង្ស៊ី បានសរសេរបញ្ជាក់នៅក្នុងការបង្ហោះសារសំឡេងនោះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ថា “នេះជាសារបែកធ្លាយសំឡេងរបស់ “ហ៊ុន សែន” ដែលបញ្ជាឲ្យតាមសម្លាប់លោក ផន ផាន់ណា និងសកម្មជនផ្សេងៗទៀតនៅថៃ ដែលរហូតមកដល់ពេលនេះ គេបានសម្លាប់លោក “លិម គិមយ៉ា”។ ហ៊ុន សែន គឺជាមេឃាតករ។ ការថតសំឡេងបែកធ្លាយកាលពីខែកញ្ញា ឆ្នាំ២០២៤ នេះ សំឡេងលោក ហ៊ុន សែន បានឮផ្ទាល់ ដាក់បទបញ្ជាឲ្យ “ក្រុមភារកិច្ច” ឬ “ក្រុមការងារ” ដើម្បី “លុបបំបាត់” ក្រុមប្រឆាំងខ្មែរ រស់នៅប្រទេសថៃ។ បទបញ្ជាជាក់លាក់មួយ ដាក់គោលដៅសកម្មជនបក្សប្រឆាំង CNRP ឈ្មោះ ផន ផាន់ណា ដែលត្រូវ “យកមកវិញ ទោះក្នុងតម្លៃណាក៏ដោយ” មកកម្ពុជា “ស្លាប់រស់”។ ហ៊ុន សែន ផ្តាំទៅភ្នាក់ងារខ្លួន (សំដៅលើ “កងកម្លាំងយើង”) សហការជាមួយ “អាវក្រហម” (អ្នកគាំទ្រ Thaksin Shinawatra) ឱ្យសម្រេចកិច្ចការនេះ តែមិនត្រូវប្ដឹងឬពាក់ព័ន្ធនឹងប៉ូលិសថៃឡើយ ។ ផន ផាន់ណា ទើបតែរត់គេចពីប្រទេសថៃ បាន ហើយសព្វថ្ងៃមករស់នៅសហរដ្ឋអាមេរិក ជាជនភៀសខ្លួននយោបាយ។ បទបញ្ជារបស់លោកហ៊ុន សែន បង្ហាញខ្លួនឱ្យអនុវត្តតាមគោលដៅមួយទៀត ៖ អតីតសមាជិកសភាជាតិប្រឆាំង លិម គិមយ៉ា ដែលត្រូវបានគេធ្វើឃាតកម្មទាំងថ្ងៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥“ ។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា សារសំឡងដែលបែកធ្លាយនោះ គឺជាសំឡេងពិតរបស់សម្ដេចហ៊ុន សែន មិនមែនជាសំឡេងរៀបចំដោយ AI នោះឡើយ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ដែលគេថា សំឡេងលោកហ៊ុន សែន បែកធ្លាយហ្នឹង ជាសំឡេងក្លែងក្លាយ ដែលបង្កើតដោយ AI ហ្នឹង មិនមែនជាការពិតទេ អាស៊ីសេរី គេបញ្ជូនទៅឲ្យអ្នកជំនាញធ្វើកោសល្យវិច័យហើយតើ ថាសំឡេងហ្នឹងវាពិតជាសំឡេងលោកហ៊ុន សែន ។ អ្នកដែលថា សំឡេង AI ហ្នឹង គឺអ្នកហ្នឹងទៅបំភ្លៃការពិតហើយ មានន័យថា អត់យល់អីទាំងអស់ ។ ដូច្នេះនិយាយថា សំឡេង AI ហ្នឹង មិនមែនជាការពិតនោះទេ គឺសំឡេងពិតរបស់លោកហ៊ុន សែន គេធ្វើកោសល្យវិច័យហើយ ខាងអាស៊ីសេរី គេឲ្យអ្នកជំនាញធ្វើ ។ ហើយលោកហ៊ុន សែន គាត់និយាយគំរាមគេ សម្លាប់គេហ្នឹងជាធម្មតា មិនបាច់ចាំទៅសំឡេងបែកធ្លាយទេ សំឡេងធម្មតាក៏គាត់និយាយដែរ គាត់សម្លុតគំរាមគេ សម្លាប់គេតែអ៊ីចឹងឯង សំឡេងចេញជាសាធារណៈក៏គាត់ធ្លាប់និយាយដែរ ចាំបាច់ទៅខ្វល់រឿងសំឡេងហ្នឹង AI ឬអត់នោះ ទោះបីមិនសំឡេងបែកធ្លាយ ក៏គាត់និយាយអ៊ីចឹងដែរ វាអត់មានអីខុសប្លែកគ្នានោះទេ“ ។

ទោះបីយ៉ាងណា ក្រោយឃើញការសរសេរនិងការបង្ហោះសារសំឡេងខាងលើ ពីសំណាក់លោកសម រង្ស៊ី លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា សំឡេងដែលទណ្ឌិតសម រង្ស៊ី បង្ហោះផ្សាយថា សម្តេចហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងករណីលិម គិមយ៉ា នេះ គឺជាសំឡេងក្លែងក្លាយ ដែលបង្កើតឡើងដោយ AI ។ ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ និងសូមកុំបន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះជាដាច់ខាត។

ជុំវិញបញ្ហានេះដែរ លោកឃ្លាំង ហួត ទីប្រឹក្សាសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ជានិច្ចកាល ពួកប្រឆាំង ដឹកនាំដោយទណ្ឌិតសម រង្ស៊ី បានដាក់គោលដៅដើម្បីបំផ្លាញសម្តេចហ៊ុន សែន តាមគ្រប់រូបភាព ព្រោះសម្តេចហ៊ុន សែន ជាគ្រឹះដ៏រឹងមាំរបស់ប្រទេស និងគណបក្សប្រជាជនកម្ពុជា។ ដូច្នេះអ្នកដែលបង្កើតសំឡេង AI មានចេតនាទុច្ចរិត ចង់បំផ្លាញសម្តេចហ៊ុន សែន និងបំផ្លាញប្រទេសជាតិ ។ ដោយឡែកពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា នៅទីក្រុងបាងកក នោះ លោកឃ្លាំង ហួត បានបញ្ជាក់ថា លោកមិនដែលស្គាល់ ឬមិនដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះលី រតនរស្មី ដែលតុលាការថៃ ចេញដីកាចាប់ខ្លួន ដោយចោទប្រកាន់ថាជាអ្នកជួលខ្មាន់កាំភ្លើងឲ្យបាញ់សម្លាប់លោកលិម គិមយ៉ា នោះឡើយ ។ លោកឃ្លាំង ហួត បញ្ជាក់បន្ថែមថា សមត្ថកិច្ចថៃ បញ្ជាក់ហើយថា ឃាតកម្មនេះ គឺជាករណីទំនាស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយក្រៅប្រទេសនោះទេ ។ លោកឃ្លាំង ហួត បានអំពាវនាវឲ្យខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងប្តេជ្ញាការពារសុខសន្តិភាព ឱ្យបានគង់វង្ស ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។

លោកឃ្លាំង ហួត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថា “ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២៖៣៥នាទី ថ្ងៃត្រង់ វិទ្យុ VOD បានខលមកសម្ភាសន៍ខ្ញុំ តាមរយៈលេខទូរស័ព្ទ +1253-527-0045 ដោយ VOD បានសួរមកខ្ញុំថា ៖

សំណួរទី១ ៖ មានគេផ្សាយឈ្មោះនិងរូបភាពរបស់លោក សង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះលី រតនរស្មី។ ចំពោះករណីនេះ ខ្ញុំក៏បានបញ្ជាក់ជូនថា ៖ ខ្ញុំមិនដែលស្គាល់ ឬមិនដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះលី រតនរស្មី ឡើយ ។

សំណួរទី២ ៖ តើសំឡេងដែលបែកធ្លាយរបស់លោកហ៊ុន សែន ដែលបានបញ្ជាមកឈ្មោះ អាហួត គឺជាឈ្មោះរបស់លោកមែនឬទេ? ចំពោះករណីនេះ ខ្ញុំបានឆ្លើយថា សំឡេងនោះ មិនមែនជាសំឡេងពិតរបស់សម្តេចតេជោ ហ៊ុន សែន ទេ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ» ។

លោកឃ្លាំង ហួត បានសរសេរបន្តថា​ «ខ្ញុំសូមគូសបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបបន្ថែមថា ចំពោះការបង្កើតសំឡេង AI ខាងលើ គឺក្រុមពួកប្រឆាំង ទទួលបាននូវអត្ថប្រយោជន៍សំខាន់ចំនួន ០២  គឺ ៖

ទី១-បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់សម្តេចតេជោ

ទី២-ក្រុមប្រឆាំងដែលកំពុងរស់នៅទីក្រុងបាងកក ត្រូវបានអង្គការក្រៅរដ្ឋាភិបាល រៀបចំបញ្ជូនឱ្យទៅរស់នៅប្រទេសទី៣ ដូចជា ៖ សហរដ្ឋអាមេរិក និងកាណាដា សមតាមបំណងរបស់ពួកគេ ។

ជានិច្ចកាល ក្រុមពួកប្រឆាំង បានដាក់គោលដៅដើម្បីបំផ្លាញសម្តេចតេជោ ហ៊ុន សែន តាមគ្រប់រូបភាព ព្រោះសម្តេចតេជោ គឺជាគ្រឹះដ៏រឹងមាំរបស់ប្រទេស និងគណបក្សប្រជាជនកម្ពុជា។ ដូច្នេះអ្នកដែលបង្កើតសំឡេង AI គឺមានចេតនាទុច្ចរិត ចង់បំផ្លាញសម្តេចតេជោ និងបំផ្លាញប្រទេសជាតិ» ។

លោកឃ្លាំង ហួត បានសរសេរបន្តទៀតថា «ដោយឡែកពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា នៅទីក្រុងបាងកក ផ្អែកតាមការបញ្ជាក់របស់សមត្ថកិច្ចថៃ គឺជាករណីទំនាស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយក្រៅប្រទេសនោះទេ ។

ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ ទាំងអស់ សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងប្តេជ្ញាការពារសុខសន្តិភាព ឱ្យបានគង់វង្ស ទោះត្រូវបង់តម្លៃណាក៏ដោយ“ ៕ កុលបុត្រ

RELATED ARTICLES