ភ្នំពេញ ៖ បន្ទាប់ពីលោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លើកឡើងថា ប្រភេទស្រូវធ្លាក់ថ្លៃ គឺជាប្រភេទស្រូវស្រាល នាំចូលពូជពីវៀតណាម និងថា មកពីប្រជាកសិករ សម្រុកធ្វើស្រែ ចង់ចំណេញខ្លាំងពេកមក ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានបញ្ចេញមតិប្រតិកម្មថា រដ្ឋមន្រ្តីកសិកម្ម ខ្លួនឯងមិនកើត បែរជាបន្ទោសកសិករ ។ ជាមួយនេះ មេបក្សថ្មីរូបនេះ បានគាំទ្ររាជរដ្ឋាភិបាល ដែលបានសម្រេចទម្លាក់ថវិកា ចំនួន៣០លានដុល្លារអាមេរិក បន្ថែមទៀត ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ ដែលកំពុងតែចុះថោក ប៉ុន្តែលោកថា សូមធ្វើឲ្យមាននិរន្តរភាព កុំធ្វើបែបប្រជាភិថុតិនយោបាយ ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា “លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ខ្លួនឯងមិនកើត បែរជាស្តីបន្ទោសឱ្យកសិករទៅវិញថា ស្រូវចុះថោក មកពីកត្តាប្រជាកសិករសម្រុកធ្វើស្រែ ចង់ចំណេញខ្លាំងពេក?” ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថា ការស្ដីបន្ទោស ការមិនបានចង្អុលបង្ហាញឲ្យមានផែនការច្បាស់លាស់ មិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទេ គឺអ្នកដឹកនាំ ត្រូវទទួលខុសត្រូវ ត្រូវពន្យល់ប្រជាពលរដ្ឋ ឲ្យមានហេតុផល ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងកសិកម្ម ជាអ្នកទទួលខុសត្រូវក្នុងការមើលអំពីប្រជាកសិករធ្វើស្រែ ធ្វើចម្ការ តើគាត់នឹងទទួលបាននូវផលខាត ផលចំណេញបែបណា ទៅនឹងបច្ចេកទេស ទៅនឹងការជូនដំណឹងអំពីការធ្វើស្រែ ធ្វើចម្ការហ្នឹង? អ្វីជាផលិតផលដែលអាចមានទីផ្សារ ដែលអាចទទួលតម្លៃសមរម្យណា គឺថារដ្ឋមន្រ្តី ដែលទទួលខុសត្រូវខាងកសិកម្មហ្នឹង ត្រូវបង្ហាញទៅសេនាធិការ រចនាសម្ព័ន្ធរបស់ខ្លួន ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ នៃផ្នែកកសិកម្មហ្នឹង ត្រូវប្រាប់ប្រជាពលរដ្ឋ មិនត្រូវទៅស្ដីបន្ទោសប្រជាពលរដ្ឋទេ ហើយប្រជាពលរដ្ឋ គឺរំពឹងលើរដ្ឋមន្រ្តី លើក្រសួងពាណិជ្ជកម្ម ឬក៏ស្ថាប័នណា មិនថាឈ្មួញកណ្ដាល ឬក៏ផ្នែកណាផ្សេងដែលពាក់ព័ន្ធនឹងស្រែចម្ការ នៃកសិកម្មរបស់ប្រជាពលរដ្ឋ ដែលទទួលបាននូវផលិតផលជាស្រូវ ជាផ្លែឈើ ឬក៏ជាដំណាំដាំដុះ ដូចជា កៅស៊ូ សណ្ដែកសៀង សណ្ដែកបាយ ស្វាយចន្ទី ដំឡូងមី ជាដើម ជាពិសេស ស្រូវ ហ្នឹង ។ អ៊ីចឹងយើងត្រូវឲ្យជាដំណឹង ហើយបង្ហាញប្រាប់ កុំឲ្យចេះតែធ្វើអីអត់មានផែនការច្បាស់លាស់ ហើយយើងបែរជាបន្ទោសប្រជាពលរដ្ឋ ។ អ្នកស្រែ តើឲ្យគាត់ទៅធ្វើស្អី? ក្រៅតែពីធ្វើស្រូវ ហើយនិងធ្វើចម្ការ ដើម្បីដាំបន្លែ ផ្លែឈើអីហ្នឹង ។ អ៊ីចឹងទីផ្សារនេះ ត្រូវឲ្យដឹងថា តំបន់ណាដែលត្រូវការបន្លែណា ផ្លែឈើណា ស្រូវបែបណា ឬក៏ដំណាំដាំដុះបែបណា ជាអ្វីដែលគាត់ធ្វើនៅក្នុងអាជីពរបស់គាត់ជាអ្នកស្រែចម្ការ ។ ខ្ញុំថាការដែលស្ដីបន្ទោស ការដែលមិនបានចង្អុលបង្ហាញឲ្យមានផែនការច្បាស់លាស់ គឺថាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទេ គឺថាអ្នកដឹកនាំត្រូវទទួលខុសត្រូវ ត្រូវពន្យល់ប្រជាពលរដ្ឋឲ្យមានហេតុមានផល កុំបន្ទោសប្រជាពលរដ្ឋថាចង់បានចំណេញពេក ព្រោះគាត់អ្នកស្រែ ឲ្យតែមានទឹក គាត់ធ្វើស្រូវហើយ ។ អ៊ីចឹងហើយបានគេចង់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធធារាសាស្រ្ត ទីផ្សារ ពូជ បច្ចេកទេសបែបណា ដើម្បីឲ្យប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ។ ពីមុន ប្រជាកសិករ ស្ទើរតែ៨៥% ធ្វើស្រែ តែឥឡូវហ្នឹងស្ថិតិវាធ្លាក់មក ៦០% ជាង ដោយសារតែប្ដូរពីការធ្វើស្រែ ធ្វើចម្ការ វាចេះតែខាតពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយរដូវទៅមួយរដូវ គាត់ទៅជាចំណាកស្រុកទៅធ្វើកម្មករនៅថៃ ហើយក៏គាត់ទៅធ្វើការរោងចក្រកាត់ដេរ នៅទីរួមខេត្ត នៅរាជធានីភ្នំពេញ គឺថាវាជាការអស់ក្ដីសង្ឃឹម អាហ្នឹងវាជាបញ្ហាដែលខ្ញុំមើលឃើញ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ខ្ញុំឯកភាពថា ស្រូវវាធ្លាក់ចុះ តែស្រូវដែលមានពូជពីយួនមក ហៅពូជ ៥៤ ហើយយើងត្រូវប្រាប់ថា អាពូជ៥៤ហ្នឹង យើងប្រកាសទូទាំងប្រទេសទៅ ឲ្យដឹងថា ការដែលយួន គេធ្វើស្រែបានផល នាំចេញស្ទើរតែលេខ១ លេខ២ ប្រកួតវ៉ាជាមួយនឹងប្រទេសថៃ ប្រទេសឥណ្ឌា អីជាដើមហ្នឹង ដោយសារពួជស្រូវប្រភេទអ្វី? ហើយក្នុងកម្រិតធ្វើស្រែ ក្នុងមួយរដូវ ពីរដង ឬបីដង ឬក៏យ៉ាងណា យើងត្រូវឲ្យច្បាស់លាស់ ហើយយើងជាអ្នកបច្ចេកទេសកសិកម្ម យើងត្រូវផ្ដល់ពូជ យើងត្រូវបង្ហាញពួកគាត់ឲ្យធ្វើទៅតាមស្ដង់ដារ ធ្វើយ៉ាងម៉េចដើម្បីឲ្យស្រូវកុំចុះថោក ហើយមានឈ្មួញ មានទីផ្សារយ៉ាងណា វាប្រសើរជាជាងនៅពេលដែលស្រូវចុះថោក បានយើងធ្វើប្រជាភិថុតិនយោបាយ ឬក៏យើងរុញច្រានដាក់លុយ ដើម្បីលំនឹងស្ថិរភាពស្រូវ ឬក៏ឧកញ៉ានេះទៅទិញ ឧកញ៉ានោះទៅទិញ វាមិនមែនជានិរន្តរភាពក្នុងការផ្ដល់ក្ដីសង្ឃឹមឲ្យពលរដ្ឋហ្នឹង ទទួលបាននូវអ្វីជាការផលិតនូវផលិតផលស្រូវ ឬក៏ដំណាំដាំដុះនោះទេ គឺឲ្យមានលំនឹង ហើយទីផ្សារសេរី យើងមិនអាចបិទការយកពន្ធចូលពីក្រៅប្រទេស ឬប្រទេសជិតខាងបានទេ ប៉ុន្តែយើងមានផ្ទៃក្នុងរបស់យើង ធ្វើយ៉ាងម៉េចក្នុងការដំឡើងពន្ធ ទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើ ឬក៏សូ្រវ ក្នុងស្មារតីថាយើងស្រលាញ់ផលិតផលខ្លួនឯង នាំគ្នាបង្កើតនូវគុណភាព បង្កើតនូវការជឿជាក់ ហើយនាំគ្នាជួយទិញផលិតផលខ្មែរ មុននឹងគិតអំពីផលិតផលគេបែបណាៗ ខ្ញុំថាអាហ្នឹងគឺជាការទទួលខុសត្រូវរបស់ក្រសួងកសិកម្ម មិនមែនជាការស្ដីបន្ទោស ហើយគ្មានផែនការជាក់លាក់នោះទេ គឺយើងត្រូវពិគ្រោះគ្នារវាងរដ្ឋនិងរាស្រ្ត ហើយត្រូវធ្វើយ៉ាងម៉េចសម្រាប់ប្រជាកសិករ ដើម្បីធើ្វស្រែចម្ការ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំសាទរទៅនឹងរដ្ឋាភិបាលទម្លាក់ថវិកា ៣០លានដុល្លារ កាលពីថ្ងៃទី១៥ មករា បន្តបន្ទាប់ ដើម្បីជួយទប់លំនឹងនៃតម្លៃស្រូវ វាជួយស្រង់នូវកត្តាជីវភាពប្រជាកសិករហើយ ដោយសារយើងដឹងហើយ គាត់ផលិតស្រូវបានក្នុង ១ហិកតារ ៤ទៅ៦តោន គាត់ត្រូវការបង់ទៅឲ្យថ្លៃច្រូត ទៅឲ្យថ្លៃជី ថ្នាំសង្កូវ ហើយនិងបូមទឹកដាក់ស្រែ ចាក់សាំង មាស៊ូត ។ នេះមិនទាន់និយាយដល់បំណុលធនាគារ ឬក៏ខ្ចីបុលចិន ឈ្មួញផ្សារ ដើម្បីយកពូជ យកជី យកសាំង ម៉ាស៊ូត យកថ្នាំសង្កូវ បាញ់ថែ ទម្រាំបានផល ខ្ញុំថាវាជារឿងល្អ ប៉ុន្តែយើងចង់បានជានិរន្តរភាព កុំឲ្យពេលដែលយើងមានគ្រោះអាសន្ន មានបញ្ហានៃកត្តាស្រូវថោក បានយើងចាប់ផ្ដើមយកមកបំពេញតម្រូវការត្រូវការនៃស្រូវធ្លាក់ថោក គឺវាមិនមែនជាផែនការ ចង់មិនចង់ គេអាចថាជានយោបាយប្រជាភិថុតិ ។ ប៉ុន្តែយើងធ្វើផែនការ មានន័យថា ការពារប្រសើរជាងព្យាបាល ខ្ញុំថាអាហ្នឹងហើយជារឿងល្អទៅវិញ ។ អ៊ីចឹងក្នុងនាមបក្សក្រៅរដ្ឋាភិបាល យើងចង់ឃើញគោលនយោបាយច្បាស់លាស់ បើទោះបីថា រដូវទិញស្រូវនេះ វាចំទៅនឹងការចូលឆ្នាំចិន ឆ្នាំយួន ហើយឈ្មួញយួន ក៏មិនបានចូលមកទិញ ដោយសារជាប់រវល់ចូលឆ្នាំចិន ឆ្នាំយួន ហើយប្រទេសយួន ក៏ត្រូវរងគ្រោះនូវស្រូវបាក់ ក៏ធ្លាក់ថ្លៃតែក្នុង ១តោន បួនរយជាង ខណៈដែលប្រទេសឥណ្ឌា ប្រទេសថៃ ប៉ាគីស្ថាន ស្រូវគេគឺឡើងទៅដល់ ៥រយដុល្លារជាង ក្នុង១តោន ។ អ៊ីចឹងខ្ញុំថា វាជារឿងមួយរងគ្រោះនៃការខ្ចីដង្ហើមប្រទសជិតខាងដក ហើយនៅប្រទេសថៃ យើងបិទច្រកមិនឲ្យថៃ ចូលទិញទៅទៀត អ៊ីចឹងហើយក៏គេគិតពីផលិតផលគេ ។ អាហ្នឹងយើងមើលឃើញថា តើយើងត្រូវវិធីបែបណា ដើម្បីយើងជួយខ្លួនយើង? ហើយយើងមើលទីផ្សារចិន ប្រជាពលរដ្ឋគេច្រើនរាប់ពាន់លាននាក់ ហើយគេក៏ផលិតស្រូវបានដែរ ដែលជាចំណុចឲ្យយើងរកការវិនិយោគទុនបែបណា? ក្នុងស្រុក ឬក្រៅស្រុក?»។
ប្រធានគណបក្សជំនាន់ថ្មី មានប្រសាសន៍បន្ថែមថា «ហើយក្រសួងពាណិជ្ជកម្ម ក៏ដូចជាអគ្គរាជទូតប្រចាំប្រទេសមួយៗនោះ ត្រូវធ្វើអី? រកទីផ្សារ បង្ហាញនូវស្ដង់ដារស្រូវ បង្ហាញនូវផលិតផល គុណភាពរបស់ប្រជាកសិករខ្មែរ នៅលើទីផ្សារ មិនឲ្យពាក់អាវធំក្រវាត់កហ្នឹង សម្រាប់តែធ្វើកិច្ចការនយោបាយសុទ្ធនោះទេ គឺក្រសួងពាណិជ្ជកម្ម សហការជាមួយអគ្គរាជទូត កុំខ្លាចខ្លួនអន់ តំណាងឲ្យជាតិ ប្រជារាស្រ្ត ប្រជាកសិករ គឺដើរសួរនាំ ដាក់ផែនការទៅក្រុមហ៊ុនបរទេស ឬក៏ក្រសួងស្ថាប័ននៃប្រទេសដែលខ្លួនដាក់ចំណុះទូត គឺយើងធ្វើ កុំគិតតែបង្ហាញថា អញតំណាងនាយករដ្ឋមន្រ្តី អញតំណាងគណបក្សប្រជាជន គិតតែពីដើរអូសទាញគណបក្សនយោបាយ ជាជាងផលប្រយោជនជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ។ អាហ្នឹងគឺយើងគិតឡើងវិញ ដើម្បីតម្កល់ផលប្រយោជន៍រួម ហើយកុំប្រើនយោបាយប្រជាភិថុតិ ដែលធ្វើឲ្យខាតផលប្រយោជន៍ជាតិ ក្នុងខណៈយើងតំណាងឲ្យជាតិ តំណាងឲ្យប្រជារាស្រ្ត ដែលយើងជាអ្នកដឹកនាំបម្រើនូវជាតិ បម្រើនូវប្រជារាស្រ្ត ហើយប្រជារាស្រ្តជាម្ចាស់ឆ្នោត ម្ចាស់ប្រទេស ក្នុងគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ អ៊ីចឹងខ្ញុំស្នើឲ្យអ្នកបន្តវេននៃបក្សកាន់អំណាច ធ្វើផែនការ ។ ខ្ញុំដឹងថា គោលនយោបាយរបស់បក្សកាន់អំណាច មានផែនការច្បាស់លាស់ក៏ពិតមែនហើយ ប៉ុន្តែសុំឲ្យតម្កល់ផលប្រយោជន៍ជាតិ បន្ថែមទៅមុខទៀត ដើម្បីជាការជឿជាក់ កុំឲ្យមានក្ដីអស់សង្ឃឹមរបស់ប្រជាកសិករ ទៅនឹងបំណុល បញ្ហាពុករលួយ ចំណាកស្រុក ជាដើម ។ អាហ្នឹងហើយដែលយើងចង់ឃើញសុខដុមរមនា សុភមង្គលសម្រាប់ជាតិ សម្រាប់ប្រជារាស្រ្ត ដោយមិនមានការរើសអើងនិន្នាការបក្សនយោបាយណាក្រៅតែពីតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជារាស្រ្ត ។ អាហ្នឹងហើយដែលយើងឯកភាពផ្ទៃក្នុងជាតិ ទៅនឹងការធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋ មានភាពសម្បូរសប្បាយ ចេញពីកត្តាជីវភាព ពីផលរបរដែលខ្លួនជាប្រជាកសិករ ធ្វើស្រែ ធ្វើចម្ការហ្នឹង“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើងក្រោយពីលោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃ គឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាម ដែលកសិករប្រើពូជនេះច្រើនលើសលប់ពេក ជាហេតុនាំឱ្យចាល់ គ្មានអ្នកទិញ។ ចំពោះមុខស្ថានភាពនេះ ក្រសួងកសិកម្ម ជំរុញដល់កសិករ គួរបង្កើនការដាំដុះស្រូវពូជរបស់ខ្មែរ ជាពិសេសស្រូវសែនក្រអូប ឱ្យបានច្រើន ដើម្បីធានារក្សាតម្លៃលើទីផ្សារ។
ថ្លែងក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពងស្ពឺ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានមានប្រសាសន៍ថា «ក្នុងមួយរយៈនេះ ដោយសារមានក្រុមមនុស្សមួយចំនួន បានស្រែកថា ស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថា ស្រូវទាំងអស់ គឺធ្លាក់ថ្លៃទាំងអស់។ ដោយឡែកជាក់ស្តែងកសិករ ដែលធ្វើស្រូវវស្សា លក់ទៅកាន់ទីផ្សារ សម្រាប់រោងម៉ាស៊ីនរបស់យើង ពុំមានជួបបញ្ហាទាំងអស់នេះទេ។ សម្រាប់ស្រូវប្រាំង ពេលនេះមានបញ្ហា ដោយសារយើងសម្រុកធ្វើ ចង់ចំណេញច្រើន។ បើតាមស្ថិតិ ការធ្វើស្រូវប្រាំង នាឆ្នាំនេះ គឺជាង៧០ម៉ឺនហិកតារ ក្នុងទំហំការដាំដុះជាង ៧០ម៉ឺនហិកតារនេះ ទម្រាំយើងប្រមូលផល គឺជិត៥លានតោន។ សម្រាប់ជិត ៥លានតោននេះ សុទ្ធតែជាប្រភេទស្រូវ OM អ៊ីចឹងបានជាយើងកំពុងមើល មិនចេះតែអន្តរាគមន៍ ដើម្បីខាតទាំងអស់គ្នានោះទេ ។ ក្នុងករណីនេះ បើយើងបង្ខំឱ្យរោងម៉ាស៊ីនទិញ ដូចយើងឃើញស្រាប់ហើយ រោងម៉ាស៊ីនពេលនេះ សុទ្ធតែអង្ករខ្មែរ និងពួកគាត់បានទិញពេញស្តុកផង។ អង្កររបស់ពួកគាត់ តាមរោងម៉ាស៊ីននេះ មិនទាន់លក់អស់ទេ ហើយអង្ករទាំងនេះ សុទ្ធតែមានតម្លៃខ្ពស់។ អង្ករខ្មែរយើង ក្រអូប មានតម្លៃខ្ពស់ និងសម្រាប់អង្ករវៀតណាម OM មួយរយៈពេលនេះ ធ្លាក់ថ្លៃចុះមែនទែន ហើយឥឡូវនេះ យើងកំពុងមើលជាមួយគ្នាថា ស្រូវដែលកសិករដាំប្រភេទ OM របស់វៀតណាមនេះ យើងអាចធ្វើអ្វីដែលជួយពួកគាត់បាន?» ។
លោកឌិត ទីណា បន្តថា «សម្រាប់ស្រូវប្រភេទអង្ករខ្មែរយើង អាចជួយបាន គឺមិនពិបាកឡើយ ព្រោះថារោងម៉ាស៊ីនស្រូវ ក្នុងស្រុករបស់យើង គេត្រូវការស្រូវប្រភេទបែបនេះ សម្រាប់តម្រូវតាមទីផ្សារ។ ដោយឡែកសម្រាប់ប្រភេទស្រូវ OM ដូចយើងដឹងស្រាប់ហើយ គឺកសិករធ្វើសម្រាប់តម្រូវទីផ្សាររបស់វៀតណាម ដែលកាលពីគ្រោះរាំងស្ងួត គឺគេត្រូវការច្រើនមែនទែន ហើយក៏ឱ្យតម្លៃខ្ពស់ កសិករយើងបើទោះបីមន្ត្រីរបស់យើងបានខិតខំណែនាំពិសេសឱ្យងាកមកដាំស្រូវសែនក្រអូប ក៏ដោយ តែពួកគាត់ចង់ធ្វើស្រូវ OM វិញ។ យើងក៏គោរពតាមកសិករយើងដែរ គាត់ចង់ធ្វើក៏ធ្វើ អាស្រ័យតាមពួកគាត់ដោយ ក្នុងនេះបើគាត់ត្រូវការទឹក យើងក៏ជួយដោះស្រាយទឹក ឥឡូវយើងឃើញហើយថា បញ្ហាធ្លាក់ថ្លៃរបស់ស្រូវ OM នេះមិនងាយឡើងវិញទេ រហូតដល់ចុងរដូវកាលប្រមូលផល ។ អ៊ីចឹងយើងត្រៀមជួយទៅតាមលក្ខខណ្ឌមួយចំនួន តែយ៉ាងណាយើងក៏មិនអាចជួយឱ្យដូចស្រូវខ្មែរយើងដែលមានទីផ្សារ ស្រាប់ដូចសព្វថ្ងៃនេះបានដែរ។ យ៉ាងណាក្រសួង ក៏គិតគូរជួយរយៈពេលវែង ហើយក៏ចង់ពិភាក្សាជាមួយប្រជាកសិករផងដែរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ ក្នុងនេះ ចង់សួរថា បងប្អូនយើងចង់ក្លាយខ្លួនជាសហគមន៍ទំនើបដែរឬក៏អត់? សម្រាប់សហគមន៍កសិកម្មទំនើបនេះ យើងនឹងជួយដល់បងប្អូនប្រជាកសិករយើង ឱ្យត្រឡប់មកធ្វើស្រូវសែនក្រអូប។ ឆ្នាំនេះ បងប្អូនខាតជាមួយស្រូវ OM ហើយពិសេសអ្នកដែលជួលដីគេធ្វើស្រូវទាំងនេះ គឺដឹងតែខាតហើយ តែសម្រាប់អ្នកមិនបានជួលដីគេទេ គឺអាចទប់ទល់ និងអ្នកដែលមានប្រភពទឹកល្អថែមទៀត អាចចំណេញខ្លះៗបាន។ ប៉ុន្តែបើរដូវថ្មី ពួកគាត់ចូលរួមជាមួយសហគមន៍កសិកម្មទំនើប គឺពួកគាត់មិនចាំបាច់ចំណាយលើស្រូវថ្មីទៀតទេ។ ដោយក្នុងនេះមានន័យថា ក្រសួងកសិកម្ម នឹងផ្តល់នូវកម្ចីដល់កសិករ ក្នុងការធ្វើស្រែតែម្តង។ ខ្ចីហើយកសិករដាំដុះ នៅពេលប្រមូលផលហើយទើបកាត់ថ្លៃកម្ចីទាំងនេះ សងដល់ក្រសួងវិញ នោះយើងនឹងឃើញប្រាក់ចំណេញតែម្តង។ អត់មានខាតទេ លើកលែងតែអាកាសធាតុអាក្រក់ រាំងស្ងួតខ្លាំង តែក៏មិនដល់ថ្នាក់បែបនេះដែរ»។
ទោះបីយ៉ាងណា ខណៈពេលដែលតម្លៃស្រូវកំពុងតែធ្លាក់ចុះនោះ រាជរដ្ឋាភិបាល បានសម្រេចទម្លាក់ថវិកា ចំនួន៣០លានដុល្លារអាមេរិក បន្ថែមទៀត ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ គឺការផ្តល់ជាទុនវិនិយោគដល់រោងម៉ាស៊ីន ក្នុងការទិញស្រូវពីកសិករ ដែលធ្វើឱ្យចំនួនថវិកាដែលបានបញ្ចេញសរុបលើវិស័យស្រូវអង្ករនេះ កើនឡើងដល់ជាង ២០០លានដុល្លារ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក បណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារ បន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ ។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល បានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និងដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យ និងធ្វើឱ្យមានស្ថិរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា។
លោកកៅ ថាច ថាច បញ្ជាក់ថា ការបញ្ចេញថវិកានេះ គឺធ្វើឡើងតាមរយៈគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១០។ វិស័យកសិកម្ម ជាពិសេសបញ្ហាស្រូវអង្ករនេះ គឺទាំងរាជរដ្ឋាភិបាលអាណត្តិមុនៗ និងបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់ ព្រោះវាពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងពាណិជ្ជកម្ម។
ជាមួយគ្នានោះដែរ នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានបង្ហាញពីដំណោះស្រាយក្នុងការស្ដារតម្លៃស្រូវដែលធ្លាក់ថ្លៃ រួមមានជាដំណោះស្រាយរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដំណោះស្រាយរយៈពេលខ្លី គឺក្រសួងកសិកម្ម នឹងចេញបញ្ចេញថវិកាដែលរដ្ឋាភិបាលទម្លាក់ជូន រក្សាស្ថិរភាពតម្លៃ និងសហការជាមួយតាមបណ្ដារោងម៉ាស៊ីនកិនស្រូវនានា ឱ្យទិញស្រូវរបស់ពលរដ្ឋ ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម ខាងមុខនេះ ឬស្រូវអូអិម (OM) គ្មានទីផ្សារសោះ។ សម្រាប់ដំណោះស្រាយរយៈពេលមធ្យម គឺក្រសួងបន្តកៀងគរឱ្យកសិករ បន្តចងក្រងជាសហគមន៍ទំនើប ដែលមានច្រើនរាប់រយពាន់គ្រួសារនោះ ក្រសួង នឹងផ្ដល់កម្ចីឱ្យកសិករ សម្រាប់បង្កបង្កើនផល។ ចំណែករយៈពេលវែង គឺការកាត់បន្ថយថ្លៃដើមរបស់ពលរដ្ឋ តាមរយៈការណែនាំឱ្យពលរដ្ឋប្រើប្រាស់ជីកសិកម្មដែលធ្វើដោយពលរដ្ឋផ្ទាល់ ។
លោករដ្ឋមន្ត្រីកសិកម្ម បញ្ជាក់ថា រដ្ឋណាក៏ដោយ ក៏មិនអាចទៅទិញស្រូវទុកដោយខ្លួនឯងនោះទេ តែអ្វីដែលត្រូវធ្វើ គឺបង្កើនទីផ្សារ និងពង្រឹងទីផ្សារក្នុងស្រុក ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ។ លោកបន្តថា រោងម៉ាស៊ីន ចង់ទិញស្រូវបន្ថែមទៀត ប៉ុន្តែពួកគាត់អស់ថវិកា។ ហេតុនេះហើយបានជាមានការធានាឱ្យរោងម៉ាស៊ីនកិនស្រូវ ខ្ចីប្រាក់ ដើម្បីយកទៅទិញស្រូវ សម្រាប់កែច្នៃ ។ លោកបន្តថា ក្រោយពីធ្វើឱ្យបាននូវការរក្សាស្ថិរភាពថ្លៃហើយ យន្តការមួយទៀត គឺការកាត់បន្ថយថ្លៃដើមផលិតកម្ម តាមរយៈការចូលរួមរបស់កសិករ បង្កើតជាសហគមន៍កសិកម្មទំនើប ជាជាងធ្វើការដាំដុះស្រូវជាលក្ខណៈគ្រួសារ ។ លោកពន្យល់ថា ការធ្វើស្រែជាសហគមន៍ ក្នុងទំហំផ្ទៃដីរាប់ពាន់ហិកតារ វាមានការចំណាយតិចជាងការធ្វើជាលក្ខណៈគ្រួសារ ម្តង១ឬ២ហិកតារ ដែលមានការចំណាយទៅលើថ្លៃខ្ពស់ គឺប្រមាណជា ៣,៣លានរៀល ក្នុង១ហិកតារ។ លោកបន្ថែមថា ការផលិតស្រូវ ក្នុងសហគមន៍កសិកម្មទំនើបនេះ គឺធ្វើឡើងតាមសណ្ឋានតែមួយ ដូចជាការប្រើប្រាស់ជី និងថ្នាំកសិកម្ម ដែលអាចធានា និងគ្រប់គ្រងបាននូវគុណភាពស្រូវ បរិមាណ និងតម្លៃ តាមរយៈការចុះកិច្ចសន្យាទិញ-លក់ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ។ ជាពិសេស លក្ខខណ្ឌសម្រាប់អង្ករ នាំចូលទៅអឺរ៉ុប គឺត្រូវការស្រូវដែលមានជាប់ថ្នាំឬជី ត្រឹមតែ ០,០១ក្រាម ក្នុង១គីឡូក្រាម នៅពេលដែលប្រទេសផ្សេងៗ គឺមានត្រឹម ១ក្រាម ក្នុង១គីឡូក្រាម។
ភ្ជាប់ជាមួយចំណុចនេះដែរ លោករដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា ក៏បានស្នើទៅកាន់ម្ចាស់ដីដែលបានជួលទៅឱ្យកសិករ សម្រាប់ធ្វើស្រូវប្រាំង គួរពិចារណាបន្ធូរបន្ថយថ្លៃឈ្នួល តាមដែលអាចធ្វើទៅបាន ស្របពេលដែលតម្លៃស្រូវអូអឹម ធ្លាក់ថ្លៃ។ លោករដ្ឋមន្រ្តី អះអាងថា ដោយសារតម្លៃស្រូវប្រភេទអូអឹម ឡើងថ្លៃកាលពីឆ្នាំមុន កសិករបានខិតខំពង្រីកការធ្វើស្រែបន្ថែមទៀត ពោលគឺធ្វើស្រែរបស់ខ្លួនឯងផ្ទាល់ផង និងជួលដីដែលនៅទំនេរធ្វើបន្ថែមទៀត ហើយការជួលដីនោះទៀតសោត គឺកសិករហ៊ានជួលក្នុងតម្លៃថ្លៃ។ ទោះបីជាបានអំពាវនាវឱ្យម្ចាស់ដី បន្ថយថ្លៃឈ្នួល កុំយកថ្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែលោករដ្ឋមន្ត្រី លើកឡើងថា ក្រសួងកសិកម្ម មិនអាចលូកដៃទៅបង្ខិតបង្ខំម្ចាស់ដីទាំងនោះឱ្យដាច់ខាតត្រូវតែកុំយកតម្លៃថ្លៃបានឡើយ ព្រោះតែកន្លងមក នៅពេលជួលដី ដើម្បីធ្វើស្រែ ទាំងភាគីម្ចាស់ដី និងកសិករ អ្នកជួល សុទ្ធតែបានព្រមព្រៀងគ្នាក្នុងតម្លៃជាក់លាក់មួយច្បាស់ទៅហើយ។ ប៉ុន្តែទោះជាមានកិច្ចសន្យាជាក់លាក់ លោកនៅតែទទូចឱ្យភាគីម្ចាស់ដី ចេះយោគយល់ ជួយគ្នាក្នុងគ្រាលំបាក ៕ កុលបុត្រ