ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ ដែលទើបតែចេញពីពន្ធនាគារ បានធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿងបានសម្រេច រួចព្យាយាមរត់គេចបានត្រឹមរយៈពេល៤០នាទី ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ នាំយកមកចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចខាងមុខបន្ទប់ជួលគ្មានលេខ តាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយឿង ប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ ធ្លាប់ជាប់ ពន្ធនាគារ ១លើក ពាក់ព័ន្ធករណីគ្រឿងញៀន និងទើបតែចេញពីពន្ធនាគារញ កាលពីពេលថ្មីៗ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះម៉ាប់ កំពុងរត់គេចខ្លួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7711 មកចតទុកនៅខាងមុខបន្ទប់ជួល ដោយចាក់សោកត្រឹមត្រូវ រួចជនរងគ្រោះចូលទៅលេងផ្ទះមិត្តភក្តិនៅក្បែរនោះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួន។ លុះជនរងគ្រោះចេញមកវិញ បាត់ម៉ូតូ ក៏មានការផ្អើលឆោឡោ និងប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកឃាត់ខ្លួនជនសង្ស័យ។
ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង ១១និង២០នាទីថ្ងៃដដែល ពោលគឺរយៈពេល៤០នាទីក្រោយមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាង នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះម៉ាប់ បានរត់គេចខ្លួនបាត់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ធ្វើការសាកសួរ និងកសាងសុំណំរឿងចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕