ខេត្តព្រះសីហនុ ៖ អគារមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ (ឆេះកង្ហារម៉ាស៊ីនត្រជាក់ នៅក្រៅអគារ) និងឆ្លងឆេះស្បៃនៅខាងលើដំបូល បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកក្នុងអគារ រាប់រយនាក់ ភ័យរត់ជាន់ជើងគ្នា។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅអគារ ១កន្លែង យីហោ ស៊ួយលីហ្វាង ប៊ិងហ្គ័ន ស្ថិតនៅក្នុងតំបន់ឆៃណាថោន ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៩១១ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះជួយបាញ់ទឹកពន្លត់ និងទប់ស្កាត់ការពារកុំឱ្យឆេះរាលដាលភ្លាមៗផងដែរ។

សូមបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចពុំបានប្រើប្រាស់ទឹកពន្លត់នោះទេ ដោយសារមកដល់ទីតាំងកើត ហេតុ ក្រុមសន្តិសុខនៅទីតាំងកើតហេតុ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ឱ្យរលត់ទៅវិញភ្លាមៗ ដោយប្រើបំពង់ពន្លត់អគ្គិភ័យ អស់ជាច្រើនបំពង់។ ចំពោះ ការខូចខាត គឺឆេះខូចខាតកង្ហារម៉ាស៊ីនត្រជាក់ ២គ្រឿង ម៉ាស៊ីនបោកខោអាវ ១គ្រឿង និងស្បៃការពារពន្លឺថ្ងៃ ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕



