ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២ ឆ្នាំ២០១៦ លោកថែល ថៃ ដែលពេលនេះបានក្លាយជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស នោះ ចាប់ផ្ដើមមានទីផ្សារ ហើយថែមទាំងអាចរកប្រាក់ចំណូលបានខ្ពស់ទៀតផង ជាមួយតម្លៃខ្លួនច្រៀង Concert ១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លាឯណោះ។ ការដែលថែល ថៃ ត្រូវបានអ្នកដឹកនាំកម្មវិធីប្រគំតន្ដ្រីចាប់អារម្មណ៍ពេលនេះ ដោយសារតែតារាហង្សមាស រូបនេះ ផ្ទុះបទ ”ចង់ទៅ ទៅៗ” ដែលច្រៀងឆ្លងឆ្លើយពីឱក សុគន្ធកញ្ញា បទ ”ចង់ទៅៗៗ” កំពុងទទួលបានការគាំទ្រនាពេលនេះ។
ក្នុងជំនួបផ្ទាល់ជាមួយថែល ថៃ កាលពីពេលថ្មីៗនេះ បុរសសក់រួញអង្គាដីរូបនេះ និយាយថា រូបគេពិតជាមានការមមាញឹកមែន នាពេលនេះ ព្រោះត្រូវថតបទចម្រៀងថ្មីៗ និងការច្រៀង Concert តាមខេត្តក្រុងជាច្រើន។
ថែលថៃ ប្រាប់ថា ”នៅរដូវក្ដៅនេះ ខ្ញុំបានច្រៀងឲ្យក្រុមហ៊ុនស្រាបៀរកម្ពុជា ស្រាបៀរអង្គរ ស្រាបៀរTuborg ភេសជ្ជៈខារ៉ាបាវ ជាដើម ដែលភាគច្រើនធ្វើតាមខេត្ត។ ចំពោះបទចម្រៀងវិញ ខ្ញុំថតបានជាង២០បទ ហើយខ្ញុំសប្បាយចិត្តដែលបទខ្ញុំមានការការគាំទ្រ គេស្គាល់ច្រើន ពិសេសបទ ”ចង់ទៅៗៗ” នេះ។ ខ្ញុំគិតថា បទចម្រៀងខ្ញុំនៅហង្សមាស អត់មានបញ្ហាទេ គឺចេញគ្រប់គ្រាន់លើទីផ្សារ”។
ថែល ថៃ ជាអតីតកូនក្រុមរបស់នាងឱក សុគន្ធកញ្ញា ក្នុងកម្មវិធីប្រលងចម្រៀងThe Voice Cambodia រដូវកាលទី២នោះ ហើយតារារូបនេះត្រូវបានគេសរសើរថា មានចរិតសុភាពរាបសារ និងចេះគោរពរៀមច្បងទៀតផង ទើបលេចឭថា មានក្រមុំៗមិនតិចឡើយតាមស្នេហ៍ ពេលដែលលោកថៃ ទៅច្រៀងនៅហាងមួយ នៅម្ដុំទល់មុខផ្សារសំណង់១២។
ប្រភពបានឲ្យដឹងថា ក្រោយល្បីបទ ”ចង់ទៅៗៗ” នោះ ថែល ថៃ មានបំណងចង់ចាប់ដៃគូច្រៀងជាមួយអតីត Coach របស់ខ្លួន គឺនាងឱក សុគន្ធកញ្ញា ផងដែរ ដើម្បីឲ្យឆាប់ល្បី ហើយពេលនេះហង្សមាស កំពុងតែពិចារណារៀបចំបទចម្រៀងហើយ។
ថែល ថៃ ប្រាប់ទៀតថា ”ខ្ញុំពិតជាចង់ច្រង់ច្រៀងឆ្លងឆ្លើយជាមួយបងឱក សុគន្ធកញ្ញា មែន បើមានឱកាសនោះ គឺរីករាយខ្លាំងណាស់ ព្រោះគាត់ក៏ធ្លាប់ជា Coach ខ្ញុំដែរ តែនៅលើក្រុមហ៊ុនគាត់រៀបចំឲ្យទេ។ ចំពោះរឿងស្នេហាវិញ ខ្ញុំមិនទាន់មានសង្សារទេ ហើយក៏មិនទាន់ចង់គិតនាពេលនេះដែរ ដោយសារតែផ្ដោតលើសិល្បៈច្រើនជាង”៕