Wednesday, January 22, 2025
Homeព័ត៌មានជាតិក្រុមសម រង្ស៊ី ធ្វើបាតុកម្មនៅអាមេរិក ទាមទារការពារកោះគុត រកយុត្តិធម៌ឲ្យលិម គិមយ៉ា

ក្រុមសម រង្ស៊ី ធ្វើបាតុកម្មនៅអាមេរិក ទាមទារការពារកោះគុត រកយុត្តិធម៌ឲ្យលិម គិមយ៉ា

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) នៅក្រៅប្រទេស (ក្រុមសម រង្ស៊ី) បានធ្វើបាតុកម្មនៅអាមេរិក កាណាដា និងប្រទេសផ្សេងទៀត ដើម្បីទាមទារការពារកោះគុត តាមរយៈការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដាក់បណ្ដឹងទៅតុលាការអន្តរជាតិ ទាមទារចំណែករបស់កម្ពុជា ពីថៃ និងរកយុត្តិធម៌ឲ្យលោកលិម គិមយ៉ា អតីតសមាជិកសភាគណបក្សប្រឆាំង ដែលត្រូវឃាតករស៊ីឈ្នួលបាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានចូលរួមដឹកនាំបាតុកម្មនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានបង្ហោះរូបភាពបាតុកម្ម ភ្ជាប់ជាមួយសំណេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថា “ថ្ងៃនេះ ខ្ញុំបានចូលរួមបាតុកម្មការពារកោះគុត ជាមួយបងប្អូនខ្មែរ ប្រមាណជាង ២០០នាក់ នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។  បាតុកម្មនេះ ទាមទារឲ្យលោក ហ៊ុន ម៉ាណែត ត្រូវតែបញ្ជាក់ថា មួយផ្នែកនៃកោះគុត ជារបស់កម្ពុជា។ បាតុករក៏ជំរុញឲ្យរដ្ឋាភិបាល ត្រូវតែប្តឹងករណីកោះគុត ទៅតុលាការអន្តរជាតិ។ បាតុកម្មនេះ ក៏បានទាមទារឲ្យលោក ហ៊ុន ម៉ាណែត លុបចោលអនុស្សរណយោគយល់ ឆ្នាំ២០០១ (MOU 2001 ឬ MOU44) ។ រួមគ្នាការពារកោះគុត កោះខ្មែរ! បាតុកម្មករ ក៏ទាមទារឲ្យស្វែងរកយុត្តិធម៌លើឃាតកម្មលោក លិម គិមយ៉ា ផងដែរ។ ក្នុងអំឡុងបាតុកម្មនេះ យើងក៏បានគោរពវិញ្ញាណក្ខន្ធឯកឧត្តម លិម គិមយ៉ា ។ ខ្មែររួបរួម ខ្មែរឈ្នះ!“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថា ជាលទ្ធផលនៃការធ្វើបាតុកម្ម គឺមានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើង ជាង២០០នាក់ ទាមទារយ៉ាងខ្លាំងក្លា ឲ្យរដ្ឋាភិបាលសម្ដេចហ៊ុន ម៉ាណែត ប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ និងមួយទៀត ទាមទារឲ្យស្វែងរកយុត្តិធម៌ដល់លោកលិម គិមយ៉ា ផងដែរ ហើយបាតុកម្មនឹងបន្តធ្វើទៅមុខទៀត លុះត្រាតែរដ្ឋាភិបាលកម្ពុជា ព្រមប្ដឹងទៅតុលាការអន្តរជាតិ រឿងបញ្ហាកោះគុត ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាតុកម្មនេះ មានបំណងទាមទារឲ្យរដ្ឋាភិបាលប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ រដ្ឋាភិបាល ត្រូវលុបចោលអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ដែលអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ហ្នឹង កម្ពុជា បានបោះបង់ចោលកោះគុត ហើយលោកហ៊ុន ម៉ាណែត ហ្នឹង ត្រូវបញ្ជាក់ថា មួយផ្នែកនៃកោះគុត ជាកម្មសិទ្ធិរបស់កម្ពុជា ។ នេះជាគោលបំណងដែលយើងធ្វើបាតុកម្ម ហើយយើងបានទទួលលទ្ធផល គឺមានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើង ជាង២០០នាក់ គឺមានការទាមទារយ៉ាងខ្លាំងក្លា ឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ ហើយនិងមួយទៀត យើងក៏ទាមទារឲ្យស្វែងរកយុត្តិធម៌ដល់ឃាតកម្មលើលោកលិម គិមយ៉ា ផងដែរ ។ យើងនឹងធ្វើបាតុកម្មបន្តទៀត ហើយយើងនឹងបញ្ចេញមតិតាមបណ្ដាញសង្គម ហើយនិងធ្វើសមាជពីបញ្ហាកោះគុតហ្នឹង ឲ្យខ្លាំងក្លាដូចករណី CLV អាហ្នឹងទើបរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្ដឹងទៅកាន់តុលាការអន្តរជាតិ បញ្ហាកោះគុត ។ បើមិនអ៊ីចឹងទេ គឺលោកហ៊ុន ម៉ាណែត មិនព្រមប្ដឹងទៅកាន់តុលាការអន្តរជាតិនោះទេ“ ។

ជាមួយគ្នានោះដែរ ពលរដ្ឋខ្មែរ-អាមេរិកាំង សាខា​គណបក្ស​សង្គ្រោះជាតិ អង្គការ​សង្គមស៊ីវិល នៅ​ទីក្រុង​ឡូវែល​ (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក​ ដឹកនាំដោយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ក៏បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក លិម គិមយ៉ា តាម​បែប​សាសនា នៅក្នុង​សមាជ​ស្ដីពី​កោះគុត នៅ​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០២៥  ។ ពិធីនេះមានការចូលរួមពីលោកស្រី មួរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនខ្មែរដើម្បីប្រជាធិបតេយ្យ និងលោកឡុង រី អតីតតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្រ្គោះជាតិ ព្រមទាំងអតីតថ្នាក់ដឹកនាំបក្សឆាំងនៅក្រៅប្រទេស ជាច្រើនរូបទៀត ។

ចំណែកអតីតគណបក្សសង្រ្គោះជាតិ នៅប្រទេសកាណាដា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក៏បានធ្វើបាតុកម្មទាមទារការពារកោះគុត និងគោរពវិញ្ញាណក្ខន្ធលោកលិម គិមយ៉ា ផងដែរ ។

លោកសោ ចាន់ដេត អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីជំនិតលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅប្រទេសកាណាដា ដែលបានចូលរួមដឹកនាំបាតុកម្មនោះ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ថា “ត្បិត​អាកាសធាតុ​ត្រជាក់​ តែចិត្តយើងក្តៅ ដែលត្រកូលហ៊ុន​ បំផ្លាញ​ជាតិ​យើង​ ។ បាតុកម្មពីទីក្រុងម៉ុងត្រេអាល់​ ខេត្តកេប៊ិច​ ប្រទេសកាណាដា​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២៥“ ។

ដោយឡែក ពលរដ្ឋខ្មែរ ​នៅ​ប្រទេស​ជប៉ុន បាន​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​លើ​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ លោក លិម គិមយ៉ា ​ទាមទារ​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ឡើងវិញ។ ប្រជាពលរដ្ឋ​ខ្មែរ ​ធ្វើការនិង​រស់នៅ​ប្រទេស​ជប៉ុន បានធ្វើ​ពិធី​គោរពវិញ្ញាណក្ខន្ធ​​លោក លិម គិមយ៉ា ដែល​រៀបចំ​ឡើង​នៅ​តំបន់​អ៊ីប៊ីណា (Ebina) ខេត្ត​កាណាកាវ៉ា​(Kanakawa) នៅ​រសៀល​ថ្ងៃអាទិត្យ ​ទី១៩ ខែ​មករា ឆ្នាំ២០២៥ ។

ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ មានអ្នកចូលរួម​ប្រមាណ ​៥០នាក់ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ​បង្សុកូល ​តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក លិម គិមយ៉ា រួមទាំង​បណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​វីរជនស្នេហា​ជាតិ​មួយចំនួន​ទៀត ដែល​​រង​ការ​បាញ់​សម្លាប់ ​នា​ពេល​កន្លងមក។ ពួកគាត់ទាំងនោះ ​បាន​នាំ​គ្នា​ដាក់​កម្រងផ្កា និង​អាន​វិយោគកថា​ដ៏​សោកសៅ ​អំពី​ប្រវត្តិនិង​ការ​តស៊ូ​លះបង់​របស់​លោក លិម គិមយ៉ា ដែល​ពួកគាត់​ចាត់ទុក​​ជា​អ្នក​ស្នេហាជាតិ។

នៅក្នុងវិយោគកថានោះ បានសង្កត់ធ្ងន់ថា «ថ្វី​បើ​រូបកាយ​របស់​លោក ​ឃ្លាត​ឆ្ងាត​ទៅ​ក្តី តែ​សកម្មភាព​តស៊ូ​នយោបាយ​របស់​លោក លិម គិមយ៉ា នឹង​ស្ថិត​នៅក្នុង​ការ​ចងចាំ​របស់​អ្នក​ប្រជាធិបតេយ្យ​គ្រប់ៗ​រូប។ ការ​លះបង់​ដើម្បី​ប្រទេសជាតិ ​របស់​លោក គឺ​ជា​ការ​លះបង់​ដ៏​ធំ​ធេង សូម​ឱ្យ​គំរូ​វីរភាព​នេះ ​ក្លាយជា​ថាមពល​ដ៏​ខ្លាំងក្លា​ ជួយ​ដាស់តឿន​ដល់​ស្មារតី​កូនខ្មែរ​គ្រប់រូប ​ចេះ​ស្រឡាញ់​ជាតិ​មាតុភូមិ មាន​ភាព​ក្លាហាន ចេះ​តស៊ូ​ពុះពារ លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ផលប្រយោជន៍​យើង​ទាំងអស់​គ្នា» ។

ស្របពេលដែលក្រុមប្រឆាំង និងពលរដ្ឋខ្មែរនៅប្រទេស ធ្វើបាតុកម្មទាមទារការពារកោះគុត និងរកយុត្តិធម៌ជូនលោកលិម គិមយ៉ា នោះដែរ លោកសម រង្ស៊ី អតីតមេ​បក្ស​ប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានអំពាវនាវ​ជា​ថ្មី​ឱ្យ​គ្រប់​គណបក្ស​នយោបាយ ​និង​ពលរដ្ឋ​តស៊ូ​មតិ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន​ ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ថា “ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រុមភាគី រួមទាំងកងកម្លាំងប្រដាប់អាវុធ និងសមាជិកនៃគណបក្សនយោបាយទាំងអស់ សូមចូលរួមឈរជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បី​បញ្ចប់របបផ្តាច់ការដែលដឹកនាំដោយគ្រួសារ ហ៊ុន សែន។ មិនថាគណបក្សប្រជាជនកម្ពុជា ហ៊្វុនស៊ិនប៉ិច ឬគណបក្សសង្គ្រោះជាតិទេ យើងត្រូវរួបរួមគ្នាកសាងប្រទេសជាតិឡើងវិញ លុបបំបាត់អំពើពុករលួយ បញ្ចប់ក្រុមបក្ខពួកនិយម បញ្ចប់ក្រុមឧក្រិដ្ឋជន និងបញ្ចប់របបផ្តាច់ការ។ យើងត្រូវស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាំង​អស់​គ្នា ហើយ​រួម​គ្នា​សង្គ្រោះ​ជាតិ​យើង​ ដែលបច្ចុប្បន្ននេះត្រូវបានបំផ្លាញដោយគ្រួសារហ៊ុន សែន។ យើង​​រួបរួម​គ្នា​​ស្ដារ​អត្តសញ្ញាណជាតិ​ខ្មែរ​យើង​ឡើង​វិញ ហើយ​ស្វែងរក​ឯករាជ្យ​និងសន្តិភាពពិតប្រាកដ ​សម្រាប់​ប្រទេស​យើង។ ច្រើនឆ្នាំមកនេះ យើងធុញទ្រាន់ យើងឆ្អែតឆ្អន់ នឹងរបបផ្តាច់ការនេះខ្លាំងណាស់ ដែលរបបនេះបង្ខំឱ្យយើងរស់នៅក្នុងស្ថានភាពដ៏លំបាកនិងអមនុស្សធម៌ជាទីបំផុត។ គ្រួសារ បងប្អូននិងមិត្តភ័ក្តិរបស់យើង បន្តរងទុក្ខក្រោមការជិះជាន់ និងកេងប្រវ័ញ្ចពីសំណាក់ក្រុមក្បត់ជាតិហ៊ុន សែន។ ពេលនេះជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវចូលរួម ចលនាជាតិតស៊ូ ហើយក្រោកឈរឡើងដើម្បីសង្គ្រោះប្រទេសយើងពីរបបផ្តាច់ការ“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ថា “លោក ហ៊ុន សែន គ្មានសុជីវធម៌ទាល់តែសោះ។ គួរណាស់គាត់ចាត់កូនចៅគាត់ណាម្នាក់ ដែលមានមុខតំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល ឲ្យថ្កោលទោសការបាញ់សម្លាប់លោក លិម គិមយ៉ា នៅទីក្រុងបាងកក ថ្ងៃ ០៧ មករា ២០២៥ ហើយផ្ញើលិខិតរំលែកទុក្ខមួយច្បាប់ ជូនទៅក្រុមគ្រួសារជនរងគ្រោះ។ គួរណាស់គាត់ចាត់រដ្ឋសភា ឲ្យចេញផ្សាយលិខិតរំលែកទុក្ខមួយច្បាប់ផងដែរ ពីព្រោះលោក លិម គិមយ៉ា ធ្លាប់ធ្វើជាតំណាងរាស្ត្រ ដែលមានឋានៈជាឧត្តមមន្ត្រីផុតលេខ។ ការខ្វះសុជីវធម៌បែបនេះ ពីសំណាក់លោក ហ៊ុន សែន និងកូនចៅគាត់ ធ្វើឲ្យអ្នកសង្កេតការណ៍មានមន្ទិលសង្ស័យកាន់តែខ្លាំងលើរូបគាត់ ដែលពេលនេះ ធ្វើមិនដឹងមិនឮពីឃាតកម្មលើរូបលោក លិម គិមយ៉ា“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមទៀត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ថា “សូម​ស្ដាប់ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ បញ្ចេញ​មតិ​ជុំវិញ​បញ្ហា​កោះ​គុត/គុជ នៅក្នុងកម្មវិធីសមាជ នៅក្នុងទីក្រុង Lowell រដ្ឋ Massachusetts។ ពលរដ្ឋខ្មែរដែលបានចូលរួម ស្នើឱ្យបង្កើតរដ្ឋាភិបាលក្រៅប្រទេសថ្មី ដើម្បីប្ដឹងករណីកោះគុត/គុជ ទៅតុលាការអន្តរជាតិ ដោយសារតែរបបត្រកូលហ៊ុន មិនខ្វល់ពីការបាត់បង់ទឹកដី“ ។

ទោះបីយ៉ាងណា ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល «អតីតយុទ្ធជន ប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង»កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី ដែលបានជំរុញឲ្យពលរដ្ឋខ្មែរ ងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ។ សម្ដេច បានដាក់រហស្សនាមថ្មីឲ្យលោកសម រង្ស៉ី ថា «ទណ្ឌិតជើង១០ ភ្នែក៥» ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានពន្យល់ថា ការដាក់រហស្សនាមថ្មី ឲ្យទណ្ឌិតសម រង្ស៊ី ថាឱ្យដេកចាំទៅ បើចង់ប្តូររាជរដ្ឋាភិបាល មិនតាមប្រជាធិបតេយ្យ។ សម្តេច បានផ្ដាំទៅទណ្ឌិតជើង១០ ភ្នែក៥ នោះថា ឱ្យសួរអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សួរព្រមទេ? ឱ្យពួកគាត់មកដុតប្រទេស យកមកមនុស្សទៅទម្លាក់រដ្ឋាភិបាល ទៅទម្លាក់គណបក្សប្រជាជនកម្ពុជា ដែលប្រជាជនជាង៨០ភាគរយ បោះឆ្នោតឱ្យនោះ? គេមិនព្រមទេ។ ប្រជាធិបតេយ្យពិតប្រាកដ គឺគេយកសំឡេងប្រជាជន ហើយប្រជាជន ៥ឆ្នាំ ធ្វើប្រជាមតិម្ដង តាមរយៈការបោះឆ្នោត។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “អ្វីដែលខ្ញុំសំដៅ អ្នកដែលរិះគន់វាយប្រហារមុខសញ្ញាដដែលៗហ្នឹង ទណ្ឌិតជើង១០ ភ្នែក៥ ឥឡូវខ្ញុំលែងហៅលោកអ៊ុំ លោកអីទៀតហើយ ព្រោះជេរៗដល់កហើយ ឥឡូវវាយជេរទាំងត្រកូលតែម្ដង សាហាវតែម្ដង លេងៗសងសឹកតែម្ដងតានេះ។ ឥឡូវខ្ញុំហៅទណ្ឌិតជើង១០ ភ្នែក៥ តែម្ដងទៅ ព្រោះជេរៗសាហាវ។ ដើរមួយថ្ងៃៗ មានតែបបួលប្រជាពលរដ្ឋបះបោរប្រដាប់អាវុធ ថ្ងៃមុន ចេញទៀតហើយ រដ្ឋាភិបាល អត់យកចិត្តទុកដាក់លើប្រជាពលរដ្ឋទេ ងើបបះបោរ តោះបញ្ចប់រដ្ឋាភិបាលត្រកូលហ៊ុន អីចឹងទៅ។ ថ្ងៃមុន CLV-DTA ស្រែកមួយទៀតទៅ ។ ចុងក្រោយ បោះឆ្នោតមិនជាប់ គាត់ថាឥឡូវឈប់បោះឆ្នោត មិនបាច់បោះឆ្នោតអីទេ មានតែវិធីសាស្រ្តតែមួយ បានប្រជាធិបតេយ្យពិតប្រាកដ គឺលើកគ្នាបះបោរផ្ដួលទៅ ដើម្បីយករូបមន្តដូចបង់ក្លាដេស ដើម្បីឱ្យយកអ្នកមួយ តួអង្គពីខាងក្រៅ ដឹកកាប៉ាល់ហោះចូលមកដឹកនាំ ហើយគាត់កំពុងចង់បាន ហ្នឹងដេកចាំទៅ”៕  កុលបុត្រ

RELATED ARTICLES