ភ្នំពេញ ៖ តារាសម្តែងជើងចាស់ ល្បីឈ្មោះមួយរូប បានទម្លាយរឿងផលិតករមួយចំនួន កេងប្រវ័ញ្ចកម្លាំងញើសឈាម (ថត២ថ្ងៃ គិតលុយឲ្យតែ១ថ្ងៃ) ដែលហាក់ដូចជាបំបាក់ទឹកចិត្តតារាចាស់ៗ ហើយនេះជាមូលហេតុមួយដែលតួសម្តែងចាស់ៗ កាន់តែក្រ ត្រដរមិនរួច។


អ្នកស្រី រ៉េត រ៉ូស ជាតារាសម្តែងជើងចាស់មួយរូប បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ថា «សូមផ្ដាំដល់បងប្អូនសិល្បករ ពេលដែលទទួលគេថត ត្រូវសួរឱ្យច្បាស់ពីពេលវេលា កុំឲ្យខកចិត្តដូចខ្ញុំ។ ផលិតករមួយចំនួនតូចកេងប្រវ័ញ្ចលើកម្លាំងញើសឈាមតួចាស់ៗខ្លាំងណាស់ ឱ្យយើងទៅដល់ទីតាំង ម៉ោង ៦:៣០ ព្រឹក ថតរហូតដល់ស្អែកឡើង ម៉ោង ៦:០០នាទីព្រឹកវិញ បានចប់ សុំសួរមតិបងប្អូនបន្តិច តើការគិតលុយឲ្យតែមួយថ្ងៃ ត្រឹមត្រូវដែរទេ? សូមខម្មិនម្នាក់មួយមក? តែខ្ញុំបានប្រាប់ថា ខ្ញុំសុំគិត ២ថ្ងៃ តែខាងផលិតកម្ម នៅតែគិតឲ្យ ១ថ្ងៃ ដូចជាបំបាក់ទឹកចិត្តយាយចាស់ តាចាស់ ពេកហើយ»។

អ្នកស្រីរ៉េត រ៉ូស បានបន្តថា «ពេលតួចាស់ៗ គេមិនហៅថត កាន់តែក្រ គ្មានលុយទិញថ្នាំ បែរជានិយាយបែបមើលងាយថា ចាស់ៗ សុំតែជំនួយ ចុះពេលដែលហៅគាត់ថត មួយរឿង មានប៉ុន្មានថ្ងៃ? ហើយមួយថ្ងៃ ឲ្យគាត់ប៉ុន្មានដែរ? នេះហើយជាហេតុផលដែលតួចាស់ដូចខ្ញុំ កាន់តែក្រ»។

ជុំវិញការទម្លាយរឿងផលិតករកេងប្រវ័ញ្ចកម្លាំងពលកម្មខាងលើនេះ «នគរធំ» មិនអាចសុំការបញ្ជាក់បន្ថែមពីតារាសម្តែងខាងលើនេះបានទេ កាលពីល្ងាចម្សិលមិញ ទើបមិនដឹងថា ផលិតកររូបណា ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មតួសម្តែងបែបនេះ?

ទោះបីជាយ៉ាងណា តាមប្រភពខ្លះថា ករណីដែលទម្លាយដោយតួសម្តែងជើងចាស់ខាងលើនេះ គឺបន្ទាប់ពីតារាសម្តែង រ៉េត រ៉ូស ត្រូវបានផលិតករហៅទៅថតស្ពតពាណិជ្ជកម្ម ឱ្យធនាគារ ABA កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ៕


