ខេត្តក្រចេះ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ កំពុងឡើងចងខ្សែប៉ាណូដីសម្បទានមួយកន្លែង ដែលដាច់ធ្លាក់ ក៏ស្រាប់តែអកុសលត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចឃុំ ចំបក់ ស្រុកព្រែកប្រសព្វ។
ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះឈី ចាប អាយុ៤៨ឆ្នាំ មុខរបរជា មន្ត្រីនគរបាលប៉ុស្តិ៍ចំបក់ មានលំនៅក្នុងឃុំចំបក់ ស្រុកប្រសព្វ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានឡើងទៅលើកផ្ទាំងប៉ាណូដីសម្បទានសង្គមកិច្ចមួយកន្លែង ដែលធ្លាក់រហែក លុះចងរួច- ហើយ ជនរងគ្រោះប្រទះឃើញដែកទីបដែល ជាប់នឹងប៉ាណូធ្លាក់ ក៏ទាញបម្រុងនឹងទម្លាក់ចុះ មកក្រោម ស្រាប់តែដែកទីបនោះ ប៉ះជាមួយ នឹងខ្សែកាប បណ្តាលឱ្យឆ្លងចរន្តឆក់ចរន្តឆក់ ជនរងគ្រោះធ្លាក់មកលើដី ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនិងប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានព្យាយាមជួយ សង្គ្រោះបឋមលើជនរងគ្រោះដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច រាល់ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជា ត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន ពោលគឺមិន ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕