Saturday, January 25, 2025
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្ម ក្រុមសម រង្ស៊ី ថានាយករដ្ឋមន្ត្រីកម្ពុជា ល្ងង់ខ្លៅ ទីប្រឹក្សា៥៣៧នាក់

បក្សកាន់អំណាច ប្រតិកម្ម ក្រុមសម រង្ស៊ី ថានាយករដ្ឋមន្ត្រីកម្ពុជា ល្ងង់ខ្លៅ ទីប្រឹក្សា៥៣៧នាក់

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោក ផន ផាន់ណា អតីតអនុប្រធានយុវជនគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ខាងក្រុមលោកសម រង្ស៊ី ដែលបានលើកឡើងថា នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត ល្ងង់ខ្លៅក្នុងការដឹកនាំប្រទេសតូចមួយ ទើបត្រូវការទីប្រឹក្សានិងជំនួយការ ដល់ទៅ ៥៣៧នាក់ ខណៈដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចលេខ១ លើពិភពលោក មានទីប្រឹក្សាតែ ២៧នាក់ ។ បក្សកាន់អំណាច ចាត់ទុកការប្រៀបធៀបដឹកនាំរបស់សហរដ្ឋអាមេរិក និងកម្ពុជា គឺខុសបរិបទនយោបាយ និងភូមិសាស្រ្តនយោបាយពិភពលោក ព្រោះការតែងតាំងទីប្រឹក្សា តិចឬច្រើន គឺជាឆន្ទានុសិទ្ធិរបស់មេដឹកនាំ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា កម្ពុជា ក៏ចង់ក្លាយជាប្រទេសមហាអំណាច ដូចសហរដ្ឋអាមេរិក ដែរ តែយើងធ្វើវាមិនកើត ដូច្នេះកុំយកទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក និងទីប្រឹក្សានាយករដ្ឋមន្រ្តីកម្ពុជា មកប្រៀបធៀបគ្នា តិចនិងច្រើន ព្រោះមិនអាចដូចគ្នាទេ ទាំងបរិបទនយោបាយ ភូមិសាស្រ្តនយោបាយ ក៏ដូចជាទីតាំង វប្បធម៌ ទំនៀមទម្លាប់ ។ ម្យ៉ាងទៀត ការតែងតាំងទីប្រឹក្សាច្រើន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា មិនមែនបានន័យថា ធ្វើឲ្យខាតថវិកាជាតិទេ ព្រោះទីប្រឹក្សាមួយចំនួន មិនបានយកប្រាក់ខែ ឬប្រាក់មុខងារបន្ថែមនោះទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ខ្ញុំអត់មានប្រតិកម្មអីទេ ពីព្រោះកម្ពុជាយើង វាខុសប្លែកពីអាមេរិក ហើយវាជាឆន្ទានុសិទ្ធិរបស់មេដឹកនាំ ។ នៅក្នុងខ្មែរ វាជាសិទ្ធិសម្រេចរបស់មេដឹកនាំខ្មែរ ហើយនៅអាមេរិក ជាសិទ្ធិសម្រេចរបស់មេដឹកនាំអាមេរិក ។ បរិបទវាខុសគ្នា ទីតាំងក៏ខុសគ្នារាប់ម៉ឺនគីឡូ អ៊ីចឹងទៅធ្វើដូចគ្នាម៉េចកើត ។ ប្រទេសអាមេរិក ប្រទេសមហាអំណាច យើងទៅធ្វើស្រុកខ្មែរ ឲ្យទៅមហាអំណាច យើងចង់ហើយ ក៏ប៉ុន្តែយើងធ្វើវាមិនកើត ។ មិនអាចដូចគ្នាទេ បរិបទភូមិសាស្រ្តនយោបាយ ក៏ដូចជាទីតាំង ក៏ដូចជាវប្បធម៌ ទំនៀមទម្លាប់ ហើយការដឹកនាំវាខុសគ្នា ចង់ឲ្យដូចគេម៉េច?“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះថា ការតែងតាំងទីប្រឹក្សាច្រើននេះ ធ្វើឲ្យខាតថវិកាជាតិ និងថាអាណិតរាស្រ្តបង់ពន្ធនោះ ក៏សុំសួរទៅវិញថា ហីចុះបើទីប្រឹក្សាមួយចំនួនធំលើសលប់ហ្នឹង អត់មានយកប្រាក់ខែផង មានតែកិត្តិយសតើ! មានតែងតាំងទីប្រឹក្សាមួយ ប្រាក់ខែមួយ ទីប្រឹក្សាពីរ ប្រាក់ខែពីរឯណា វាអត់មានទេ ហើយមួយចំនួនទៀត គឺជាមន្រ្តីរាជការដែលមានប្រាក់បៀវត្សរួចហើយ មកតែងតាំងធ្វើទីប្រឹក្សាបន្ថែមលើភារកិច្ចបច្ចុប្បន្ន ។ អ៊ីចឹងទេ អត់មានថែមប្រាក់ខែទេ យកប្រាក់ខែចាស់ ក្នុងក្របខ័ណ្ឌចាស់របស់ខ្លួន ។ អ៊ីចឹងគាត់មើលតែចំនួន គាត់រាប់គុណយកតែប្រាក់ខែច្រើន ការពិតគាត់អត់ដឹងខ្យល់អីនៅផ្ទៃក្នុងកម្ពុជា ហ្នឹងអត់ដឹង!“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “និយាយទៅ ការតែងតាំងទីប្រឹក្សាច្រើនឬតិចនេះ វាជាសិទ្ធិសម្រេចរបស់ប្រមុខដឹកនាំប្រទេស ហើយដូចសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បញ្ជាក់កន្លងមក គឺតែងតាំងដើម្បីប្រសិទ្ធភាពការងារហ្នឹងហើយ ។ បើមិនមានសំណូមពរ ភារកិច្ចទេ អាហ្នឹងគឺថ្នាក់ដឹកនាំ មិនតែងតាំងទេ“ ។

សូមបញ្ជាក់ថា ការប្រតិកម្ម បញ្ជាក់របស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ខាងលើនេះ បានធ្វើឡើងក្រោយពីលោក ផន ផាន់ណា អតីតអនុប្រធានយុវជនគណបក្សភ្លើងទៀន និងជាអតីតយុវជននៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាអ្នកនិយមអតីតមេបក្សប្រឆាំង សម រង្ស៊ី បានរិះគន់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចហ៊ុន ម៉ាណែត ជារដ្ឋាភិបាលក្បាលធំ ខ្លួនតួច ព្រោះមានទីប្រឹក្សាដល់ទៅ ៥៣៧នាក់ ផ្ទុយពីសហរដ្ឋអាមេរិក ជាប្រទេសធំ មហាអំណាច កំណត់ឲ្យមានទីប្រឹក្សាប្រធានាធិបតី ត្រឹមតែ៣០នាក់ ហើយលោកដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ ទើបឡើងកាន់តំណែងថ្មី មានទីប្រឹក្សាតែ ២៧នាក់ ។

លោក ផន ផាន់ណា អតីតយុវជនបក្សប្រឆាំង ដែលបានរត់ភៀសខ្លួនទៅដល់ទឹកដីសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ថា “ប្រធានាធិបតីអាមេរិក លោកត្រាំ មានទីប្រឹក្សាចំនួន ២៧នាក់។ យោងតាមច្បាប់អាមេរិក ប្រធានាធិបតី អាចមានទីប្រឹក្សាច្រើនបំផុតត្រឹម ៣០នាក់។ ហ៊ុន ម៉ាណែត មានទីប្រឹក្សាប្រមាណ ៥៣៧នាក់ ពិតជាមហាលោតផ្លោះមែន។ បងប្អូនយល់យ៉ាងណាដែរ” ។

លោក ផន ផាន់ បានសរសេរបន្ថែម នៅក្នុងខម្មិនថា “ទីប្រឹក្សានិងជំនួយការ ចំនួន ៥៣៧នាក់ រួមមានទីប្រឹក្សារដ្ឋាភិបាល ចំនួន ៣៦៣នាក់ ជំនួយការរបស់លោកហ៊ុន ម៉ាណែត ចំនួន៧០នាក់ និងទីប្រឹក្សារបស់លោកហ៊ុន ម៉ាណែត ចំនួន១០៤នាក់ ទើបត្រូវបានតែងតាំងជាលើកទី១ (នៅមានតែងតាំងជាបន្តបន្ទាប់ទៀត) នៅមិនទាន់គិតពីក្រុមលេខានិងនាយករងខុទ្ទកាល័យផង។ ទីប្រឹក្សានិងជំនួយការ របស់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងទីប្រឹក្សានិងជំនួយការអមក្រសួង ចំនួន២៨ និងលេខាធិការដ្ឋាន ចំនួន២ ទីប្រឹក្សានិងជំនួយការរបស់ប្រធាន អនុប្រធាននៃរដ្ឋសភា និងព្រឹទ្ធសភា ទីប្រឹក្សាអមអគ្គលេខាធិការដ្ឋានរដ្ឋសភានិងព្រឹទ្ធសភា នឹងត្រូវតែងតាំងជាបន្តបន្ទាប់ទៀត គឺមិនតិចជាង ៨៥០០នាក់នោះទេ។ រីឯមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល មានចំនួន ១៥១៣នាក់ (មិនទាន់គិតមន្រ្តីជាន់ខ្ពស់លេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមិនទាន់តែងតាំង)។ ទីប្រឹក្សានិងជំនួយការ និងមន្រ្តីជាន់ខ្ពស់ សរុបទាំងអស់មិនតិចជាង ១ម៉ឺននាក់នោះទេ។ អាណិតតែរាស្រ្ត ខំបង់ពន្ធ ដើម្បីចិញ្ចឹមមន្រ្តីជាន់ខ្ពស់ ទីប្រឹក្សានិងជំនួយការដ៏ច្រើនលើសលប់ ដែលច្រើនជាងគេលើពិភពលោក ។ មេដឹកនាំល្ងង់ខ្លៅទើបត្រូវការទីប្រឹក្សាច្រើនយ៉ាងនេះ“ ។

លោក ផន ផាន់ណា បានសរសេរបន្ថែម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថា “ត្រឹមផន ផាន់ណា កូនកសិករ រៀនបានតិចតួច ធ្វើឲ្យឪពុកកូនត្រកូលហ៊ុន ព្រមទាំងបរិវារ ស្លន់ស្លោ។ ហ៊ុន ម៉ាណែត មានទីប្រឹក្សាជិត ៤០០នាក់ ដឹកនាំប្រទេសឲ្យអន្តរាយ ។ បើផន ផាន់ណា ដឹកនាំ សុំទីប្រឹក្សាត្រឹម ១៥នាក់ ដឹកនាំត្រឹម ៥ឆ្នាំ ប្រកាសទ្រព្យសម្បត្តិ មិនយកប្រាក់ខែ ៥ឆ្នាំ ធានាថា GDP កម្ពុជា នឹងប្រកួតប្រជែងជាមួយវៀតណាម និងថៃ បាន ហើយខ្មែរដែលភៀសខ្លួនទៅធ្វើការនៅស្រុកគេ ជាង៣លាននាក់ នឹងត្រឡប់មកកម្ពុជា វិញ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក ផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា កម្ពុជា ជាប្រទេសតូចប៉ុនសំបកក្ដាម ឬប៉ុនរដ្ឋគេមួយ ប៉ុន្តែបែរជាយកទីប្រឹក្សារហូតដល់រាប់រយ រាប់ពាន់នាក់ ដែលវាអាក្រក់មើលណាស់ ហើយវាបញ្ជាក់ថា រដ្ឋាភិបាល គឺជារដ្ឋាភិបាលអសមត្ថភាព ។

លោក ផន ផាន់ណា បានមានប្រសាសន៍ថា “បាទ! អាហ្នឹងយើងអាចបញ្ជាក់បានហើយ នាយករដ្ឋមន្រ្តីដែលអសមត្ថភាព គឺយកទីប្រឹក្សាច្រើន ហើយយើងឃើញថា វាអត់ប្រយោជន៍ និងស៊ីប្រាក់ខែរដ្ឋអត់ប្រយោជន៍ ហៅថា នាយករដ្ឋមន្រ្តីក្បាលធំ ។ អ៊ីចឹងយើងឃើញនៅប្រទេសគេមហាអំណាចផង គេយកទីប្រឹក្សាមិនដល់ ៣០នាក់ផង ហើយគេគ្រប់គ្រងប្រជាជនរាប់ពាន់លាននាក់ ហើយយើងគ្រាន់តែជាប្រទេសប៉ុនសំបកក្ដាម ប៉ុនរដ្ឋគេមួយ ហើយយកទីប្រឹក្សារហូតដល់រាប់រយ រាប់ពាន់នាក់ហ្នឹង វាអាក្រក់មើលណាស់ ហើយវាបញ្ជាក់ថា រដ្ឋាភិបាលហ្នឹង គឺជារដ្ឋាភិបាលអសមត្ថភាព“ ។

ស្របនឹងការលើកឡើងរបស់លោក ផន ផាន់ណា ក្រុមលោកសម រង្ស៊ី ខាងលើនេះ សម្រាប់អ្នកតាមដានយល់ថា ការតែងតាំងមនុស្សច្រើនលើសលប់ តាមក្រសួងបែបនោះ គឺជាការខ្ជះខ្ជាយថវិកាជាតិ បង្កភាពស្មុគស្មាញដល់ប្រព័ន្ធរដ្ឋបាល និងបង្កជាទំនាស់ផលប្រយោជន៍ ដោយអាចមានអ្នកយកតួនាទីទៅកាង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម ។ ប្រសិនបើរដ្ឋាភិបាល យកកញ្ចប់ថវិកាដែលតែងតាំងទីប្រឹក្សា ឬតួនាទីនយោបាយផ្សេងទៀត បង្វែរទៅបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬជួយដល់ប្រជាពលរដ្ឋ នោះនឹងផ្តល់ផលប្រយោជន៍ច្រើនជាង។ ជាពិសេសអ្នកតាមដានលើកឡើងថា ប្រសិនបើរដ្ឋាភិបាល ចង់លើកទឹកចិត្តដល់មន្ត្រីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធណាម្នាក់ដែលមានសមត្ថភាព គឺអង្គភាពនីមួយៗ គួរណាស់តែវិនិច្ឆ័យនិងដំឡើងឋានៈ តួនាទីទៅតាមឋានានុក្រម។ ចំណែកមេធាវី អ្នករកស៊ី និងឧកញ៉ាជាដើម មិនគួរមានតួនាទីជាទីប្រឹក្សាតាមក្រសួង ស្ថាប័នរដ្ឋ ឬទីប្រឹក្សាបុគ្គលណាម្នាក់នោះទេ ព្រោះអាចបង្កជាទំនាស់ផលប្រយោជន៍ ឬធ្វើឱ្យបុគ្គលទាំងនោះ យកឋានៈតួនាទី ទៅកាងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការធ្វើជំនួញ និងការបំពេញវិជ្ជាជីវៈ ។

ទោះបីយ៉ាងណា កាលពីពេលកន្លងទៅ ខណៈមានការរិះគន់ទាក់ទងការតែងតាំងទីប្រឹក្សា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នរដ្ឋយ៉ាងច្រើនលើសលប់នោះ  នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា ការតែងតាំងតំណែង និងតួនាទីច្រើនបែបនោះ គឺដើម្បីលើកទឹកចិត្តដល់មន្ត្រីចាស់ៗ និងដើម្បីធានាប្រសិទ្ធភាពការងារតាមក្រសួងស្ថាប័នរដ្ឋ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការរៀបចំក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល និងការតែងតាំងទីប្រឹក្សាតាមក្រសួង ស្ថាប័នរដ្ឋ មានចំនួនច្រើន គឺដោយសារមានតម្រូវការការងារ និងដើម្បីលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់មន្ត្រីចូលនិវត្តន៍ ព្រោះគណបក្សប្រជាជនកម្ពុជា តែងផ្តល់គុណធម៌ទៅមន្ត្រីដែលបានរួមរស់ជាមួយគណបក្សនិងរាជរដ្ឋាភិបាល បើទោះបីជាផ្តល់តួនាទីក្នុងរូបភាពណាក៏ដោយ។ ដូច្នេះណែនាំទៅរដ្ឋមន្ត្រីទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពស្ថាប័ន រក្សាសាមគ្គីភាព ឯកភាព និងសាមគ្គីផ្ទៃក្នុង ដែលនេះជាយុទ្ធសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា តែងតែអនុវត្ត និងបានយកឈ្នះខ្មែរក្រហម រហូតឈានដល់រំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុង នាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា តាំងពីឆ្នាំ១៩៩៨ មកដល់សព្វថ្ងៃ ៕ កុលបុត្រ    

RELATED ARTICLES