រតនគិរី ៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយអង្គការសត្វព្រៃនិងរុក្ខជាតិ (Fauna & Flora) សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វកម្រជាច្រើន នៅក្នុងឧទ្យាន ជាតិ វីរៈជ័យ ក្នុងខេត្តរតនគិរី។

ការស្រាវជ្រាវរបស់អង្គការ Fauna & Flora ក៏បានរកឃើញផងដែរនូវប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើន ដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម ព្រមទាំងបានរកឃើញនិងកត់ត្រាប្រ ភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទ ជាលើកដំបូងផងដែរ នៅប្រទេសកម្ពុជា ដូចជាឈ្លូសយក្ស ដែលជាប្រភេទជិតផុតពូជ។

លោកប៉ាផ្លូ សីណូវ៉ាស (Pablo Sinovas) ប្រធានអង្គការ Fauna & Flora ប្រចាំប្រទេសកម្ពុជា បានប្រាប់ថា តំបន់ដែលសត្វកម្រទាំងនោះ បង្ហាញខ្លួនស្ទើរតែមិនត្រូវបានរុករកនោះទេ ហើយក៏សឹងតែមិនមែនមានព័ត៌មានអំពីជីវៈចម្រុះនៃឧទ្យានជាតិវីរៈជ័យទៀតផង។ លោកបន្តថា “យើងបានរកឃើញប្រភេទសត្វកម្រជាច្រើន ដែលកំពុងរងការគំរាមកំហែង។ ប៉ុន្តែឧទ្យានជាតិ វីរៈជ័យ មានសក្តានុពលក្នុងការផ្តល់នូវជម្រកមួយយ៉ាងរឹងមាំ ដើ ម្បីធ្វើឱ្យប្រាកដថាប្រភេទសព្វកម្រទាំងនោះ នឹងមិនផុតពូជ”។

គួរបញ្ជាក់ថា បើតាមអង្គការ Fauna & Flora កាមេរ៉ា ចំនួន១៥០គ្រឿង ត្រូវបានបង្កប់ ដើម្បីថតទុកសកម្មភាពរបស់សត្វ ក្នុងនោះរួមមាន សត្វឈ្លូសយក្ស ដែលត្រូវបានថតជាប់ក្នុងឆ្នាំ២០២១។

ឧទ្យានជាតិ វីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋ មួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានផ្ទៃដីទំហំ ៤០៥ ៧៦៦ ហិកតារ ស្ថិតនៅភូមិភាគឦសាន ជាប់នឹងប្រទេសឡាវ និងប្រទេសវៀតណាម និងជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណា ផ្សេងឡើយក្នុងពិភពលោក និងជាពិសេសនៅមានប្រ ភេទសត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ។ ជាមួយវិសាលភាពធំធេង ឧទ្យានជាតិ វីរៈជ័យ នៅមានកន្លែងជាច្រើន ដែលមិនទាន់ត្រូវបានរុករកនិងស្រាវជ្រាវ៕
