ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) នៅក្រៅប្រទេស ខាងក្រុមលោកសម រង្ស៊ី រួមទាំងលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅប្រទេសបារាំង ផងដែរ បានអះអាងថា ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលស្នេហាជាតិ និងបូរណភាពទឹកដី បានស្នើបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដើម្បីប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ ដើម្បីទាមទារចំណែកមួយភាគធំនៃកោះនេះ ពីថៃ មកជារបស់ខ្មែរវិញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រីមួរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ រួមជាមួយអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក និងបណ្តាញយុវជនកម្ពុជាសកល បានបន្តរៀបចំសមាជពលរដ្ឋខ្មែរ-អាមេរិកាំង ស្តីពី «កោះគុត» នៅទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ដោយមានការចូលរួមពីពលរដ្ឋខ្មែរ និងអតីតតំណាងរាស្រ្តអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) មួយចំនួន ដូចជា លោកឡុង រី អតីតតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកនុត រំដួល អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ជាដើម ។ ជាមួយគ្នានេះ ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលក្នុងនោះរួមមានអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំងមួយចំនួន ដូចជាលោកអ៊ុំ សំអាន ជាដើម បានចូលរួមធ្វើបាតុកម្មនៅតាមរដ្ឋមួយចំនួន ក្នុងសហរដ្ឋអាមេរិក ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅតុលាការអន្តរជាតិ ទាមទារចំណែកនៃកោះគុត របស់កម្ពុជា ពីថៃ យកមកគ្រប់គ្រងវិញ។
នៅក្នុងសមាជ ដែលផ្ដួចផ្ដើមគំនិតរៀបចំដំបូងដោយលោកស្រី មួរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បើតាមការអះអាងរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានឲ្យដឹងថា នៅក្នុងពិធីនោះ ដោយសារតែមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយត្រកូលហ៊ុន (សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត) មិនខ្វល់ពីការបាត់បង់ទឹកដី ជាពិសេសកោះគុត ពលរដ្ឋខ្មែរ ស្នើឲ្យបង្កើតរដ្ឋាភិបាលក្រៅប្រទេសថ្មី ដើម្បីរៀបចំសំណុំរឿងកោះគុត ប្ដឹងទៅតុលាការអន្តរជាតិ ទាមទារចំណែកនៃកោះគុត ពីថៃ យកមកគ្រប់គ្រងវិញ ។
លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ថា “ក្រុមបាតុករទាមទារឲ្យរបបក្រុងភ្នំពេញយកសំណុំរឿងកោះគុជ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ពលរដ្ឋខ្មែរដែលបានចូលរួម ស្នើឱ្យបង្កើតរដ្ឋាភិបាលក្រៅប្រទេសថ្មី ដើម្បីប្ដឹងករណីកោះគុតទៅតុលាការអន្តរជាតិ ដោយសារតែរបបត្រកូលហ៊ុន មិនខ្វល់ពីការបាត់បង់ទឹកដី“ ។
ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោក ផន ផាន់ណា អតីតយុវជនគណបក្សប្រឆាំង ដែលបានរត់ភៀសខ្លួនទៅដល់សហរដ្ឋអាមេរិក និងកំពុងបន្តសកម្មភាពប្រឆាំងនៅក្រៅប្រទេស បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថា ការធ្វើសមាជ និងបាតុកម្ម ជាពិសេសការបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនេះ ដើម្បីព្យាយាមដាក់សម្ពាធទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ ហើយបើសិនជារដ្ឋាភិបាលខ្មែរ នៅតែព្រងើយកន្ដើយ មិនយកចិត្តទុកដាក់នឹងបញ្ហាបូរណភាពទឹកដី ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេនោះ រដ្ឋាភិបាលក្រៅប្រទេស នឹងមានរូបរាងឡើងឆាប់ៗ ។
លោក ផន ផាន់ណា បានមានប្រសាសន៍ថា “បាទ! មានការគាំទ្រខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ពេលដែលយើងធ្វើសមាជ ដែលសម្របសម្រួលដោយចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ យើងបានបង្ហើបថា បើសិនជារដ្ឋាភិបាល មិនស្ដារលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស មិនបើកលំហឲ្យគណបក្សប្រឆាំង ចូលរួមធ្វើនយោបាយនៅកម្ពុជា ពេញដៃពេញជើងទេ គឺចរន្តមួយនឹងរៀបចំបង្កើតរដ្ឋាភិបាលនិរទេស ហើយសម្របសម្រួលឲ្យចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ ជាពិសេសយើងដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ ហើយនេះបើសិនជារដ្ឋាភិបាលខ្មែរ នៅតែព្រងើយកន្ដើយ មិនយកចិត្តទុកដាក់នឹងបញ្ហាបូរណភាពទឹកដី មិនយកចិត្តទុកដាក់នឹងបញ្ហាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យទេ រដ្ឋាភិបាលក្រៅប្រទេស នឹងមានរូបរាងឡើងឆាប់ៗ »។
ជាមួយគ្នានោះដែរ លោកសុភ័ណ្ឌ ឡារី សកម្មជនអតីតបក្សប្រឆាំង ខាងក្រុមលោកសម រង្ស៊ី និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកល ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក ហើយបានចូលរួមនៅក្នុងសមាជស្តីពីកោះគុត នោះដែរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថា ពលរដ្ឋខ្មែរ ច្បាស់ជាចង់បានរដ្ឋាភិបាលមួយ ដែលធ្វើការដើម្បីប្រជារាស្រ្តពិតប្រាកដ មិនមែនធ្វើការដើម្បីអំណាច បក្ខពួកខ្លួនដូចបច្ចុប្បន្ន ។ ដូច្នេះពលរដ្ឋខ្មែរ នៅក្រៅប្រទេស ពិតជាបានស្នើឲ្យបង្កើតរដ្ឋាភិបាលក្រៅប្រទេស ឬក្រុមប្រឹក្សាបង្រួបបង្រួមជាតិ ព្រោះពួកគាត់គ្មានសង្ឃឹមទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ថាហ៊ានយកករណីកោះគុត ឬកោះគុជ ទៅប្ដឹងនៅតុលាការអន្តរជាតិ ។
លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “បាទ! ខ្ញុំគាំទ្រនូវការស្នើសុំរបស់ពលដ្ឋខ្មែរក្រៅប្រទេស ដែលស្នើឲ្យបង្កើតរដ្ឋាភិបាលក្រៅប្រទេស ឬក៏ក្រុមប្រឹក្សាបង្រួបបង្រួមជាតិ ហៅថា អ្នកតំណាងឲ្យពលរដ្ឋខ្មែរ ក្រៅប្រទេសហ្នឹង ពីព្រោះដោយសារតែគាត់អស់សង្ឃឹម ហើយគាត់គ្មានសង្ឃឹមទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ដែលតំណាងឲ្យពលរដ្ឋហ្នឹង ហ៊ានយករឿងករណីកោះគុតនេះ ទៅប្ដឹងនៅតុលាការអន្តរជាតិ ដូចយើងបានឃើញស្រាប់ហើយ រហូតមកដល់ពេលនេះ ខាងថៃ គេប្រកាសហើយថា កោះគុត ជារបស់គេ ១០០០% ក៏ប៉ុន្តែកម្ពុជា វិញ ក្នុងការដឹកនាំរបស់របបបច្ចុប្បន្ន ហើយដឹកនាំដោយលោកហ៊ុន ម៉ាណែត ហ្នឹង គឺសូម្បីតែនិយាយក៏មិនហ៊ានផង ទាំងប្រធានព្រឹទ្ធសភា ដែលជាឪពុករបស់គាត់ គឺពលរដ្ឋស្នើសុំឲ្យបង្ហាញឆន្ទៈអំពីរឿងទឹកដី រឿងកោះគុត នេះ សុំឲ្យបង្ហាញអំពីថា តើរដ្ឋាភិបាលកម្ពុជា គិតយ៉ាងម៉េច បើសិនជាថៃ គេប្រកាសបែបហ្នឹង? ហើយឲ្យគាត់ឆ្លើយ គឺគាត់ប្រឹងប្រែងគេចវេះពីអ្វីដែលពលរដ្ឋឆ្ងល់ អ្វីដែលពលរដ្ឋចង់បាន អ្វីដែលពលរដ្ឋស្នើសុំ ។ អ៊ីចឹងនៅពេលណាដែលពលរដ្ឋមានអ្នកដឹកនាំ ហើយអ្នកដឹកនាំមិនទទួលខុសត្រូវ ឬមិនដោះស្រាយបញ្ហាដែលពលរដ្ឋកំពុងតែឆ្ងល់ ហើយចង់បាន ចង់ដឹងចង់ឮ អ៊ីចឹងពលរដ្ឋច្បាស់ណាស់ថា គាត់ច្បាស់ជាចង់បានរដ្ឋាភិបាលមួយ ដែលធ្វើការដើម្បីប្រជារាស្រ្តពិតប្រាកដ មិនមែនធ្វើការដើម្បីអំណាចបក្ខពួកខ្លួនដូចបច្ចុប្បន្នទេ“ ។
ស្រដៀងគ្នានេះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ថា ករណីកោះគុត ជម្រើសដែលល្អបំផុត រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ត្រូវប្ដឹងទៅតុលាការអន្តរជាតិ ប៉ុន្តែបើមិនព្រមប្ដឹង ឬធ្វើតាមការចង់បានរបស់ពលរដ្ឋខ្មែរទេ ជម្រើសចុងក្រោយ មានតែបង្កើតរដ្ឋាភិបាលក្រៅប្រទេស ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ជម្រើសល្អ គឺយើងស្នើឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្ដឹងទៅតុលាការអន្តរជាតិ ។ អានេះគឺជាជម្រើសដែលល្អបំផុត ក៏ប៉ុន្តែបើសិនជារដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ទោះបីតវ៉ាយ៉ាងម៉េចហើយ គាត់នៅតែមិនប្ដឹងទៅតុលាការអន្តរជាតិ រឿងករណីកោះគុតហ្នឹង ជម្រើសចុងក្រោយ មានតែបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដើម្បីប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិហ្នឹងឯង ព្រោះអាហ្នឹងជាជម្រើសចុងក្រោយហើយ បើយើងអត់មានជម្រើស មិនដឹងធ្វើម៉េចអាហ្នឹង ។ ប៉ុន្តែយ៉ាងណា ដូចខ្ញុំថាអ៊ីចឹង គោលបំណងសំខាន់របស់យើង គឺស្នើឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្ដឹងទៅតុលាការអន្តរជាតិ គឺជាជម្រើសទី១ ហើយជាជម្រើសល្អបំផុត ហើយជម្រើសចុងក្រោយ បានយើងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដើម្បីប្ដឹងករណីកោះគុត ទៅតុលាការអន្តរជាតិ អាហ្នឹងបើសិនជាទោះបីយើងតវ៉ាយ៉ាងណាហើយ នៅតែរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនប្ដឹងករណីនេះទៅកាន់តុលាការអន្តរជាតិ“ ។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានប្រកាសបង្កើតចលនាជាតិតស៊ូ ដែលមានឈ្មោះពេញថា «ចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្រ្តខ្មែរ»។ ការបង្កើតចលនានេះឡើង លោកសម រង្ស៊ី បានបញ្ជាក់ថា គឺដើម្បីទាមទារការរៀបចំការគ្រប់គ្រងប្រទេស និងសង្គមជាតិឡើងវិញ តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញជូនប្រជាពលរដ្ឋ ។ ចលនានេះនឹងបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាក្បាលម៉ាស៊ីន ហើយក្រុមប្រឹក្សាជាតិតស៊ូនេះ នឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ឬរដ្ឋាភិបាលនៅក្រៅប្រទេស ។
ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ននេះ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ទទួលបាននូវការពារយ៉ាងរឹងមាំ តាមរយៈការបោះឆ្នោតដោយសេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ ដែលកើតចេញពីសំឡេងពលរដ្ឋ។ ដូច្នេះការបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស គឺជារដ្ឋាភិបាលខុសច្បាប់។ កម្ពុជា មានរាជរដ្ឋាភិបាល តែមួយគត់ ដែលតំណាងស្របច្បាប់ ទាំងក្នុងប្រទេស និងឆាកអន្តរជាតិ គឺរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកបានព្រមានថា អ្នកចូលរួមចលនាខាងលើ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ក៏អាចប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ ព្រោះការបង្កើតរដ្ឋាភិបាលថ្មីនេះ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការធ្វើបដិវត្តន៍ពណ៌ ដណ្ដើមអំណាច។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ថា គម្រោងបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនេះ ជាករណីខុសច្បាប់ ហើយការដែលនិយាយថា រាជរដ្ឋាភិបាល កើតឡើងពីការបោះឆ្នោត មិនត្រឹមត្រូវ គឺជាការចោទប្រកាន់ មួលបង្កាច់ បំផ្លើសការពិតទាំងស្រុង ព្រោះការបោះឆ្នោតនៅកម្ពុជា តែងតែមានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ រាប់ម៉ឺននាក់ តាមដាន រួមទាំងភ្នាក់ងារបក្សនយោបាយផ្សេងៗ តាមសង្កេតការណ៍ផងដែរ។ ដូច្នេះដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការដោយសេរី និងយុត្តិធម៌។ យ៉ាងណាពាក់ព័ន្ធគម្រោងបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់ថា គណបក្សពុំមានការព្រួយបារម្ភឡើយ ដោយសារលោកយល់ថា សាធារណជនទូទៅ បានឃើញពីស្ថានភាពសុខសន្តិភាពក្នុងប្រទេស ហើយលោកជឿថា ពលរដ្ឋ មិនជឿការញុះញង់ណាមួយឡើយ ។
ដោយឡែក ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព ឆ្នេរអង្កោល» ក្នុងខេត្តកែប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការបង្កើតចលនាតស៊ូ របស់លោកសម រង្ស៊ី ជាការទាក់ទាញខាងនយោបាយ នៅពេលដែលមន្ត្រី សមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំង ដែលធ្លាប់ដើរតាមលោកសម រង្ស៊ី បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «ម្សិលម្ង៉ៃ ឃើញមានការបង្កើតចលនាតស៊ូអីណានេះ។ ប៉ុន្មានថ្ងៃមុន ឃើញលោកស្រីម្នាក់ លោកស្រី មូរ សុខហួរ គាត់ទៅបង្កើតចលនាប្រជាធិបតេយ្យ ធ្វើប្រធានបានបន្តិច ឥឡូវធ្លាក់តួនាទីមកអនុប្រធានវិញហើយ ព្រោះលោកសម រង្ស៊ី បង្កើតចលនាថ្មីមួយ គាត់ធ្វើប្រធាន។ ខ្ញុំមិនដឹងថា បង្កើតធ្វើអី? តើ គោលដៅអី? ប៉ុន្តែបើយើងមើលវិភាគ វាអត់មានអីថ្មីទេ។ គោលដៅនៅតែដដែល បង្កើតអីប្លែក។ ប៉ុន្តែខ្ញុំគិតថា អាចវាមានបញ្ហាមួយ ដោយសារក្នុងរយៈពេលមួយឆ្នាំនេះ ជាពិសេស ៦ ខែចុងក្រោយនេះ គឺមានចលនាដែលប្រជាពលរដ្ឋទាំងក្នុងប្រទេស ដែលធ្លាប់ជាសមាជិកបក្សរបស់គាត់គាំទ្រគាត់ បានចេញមកចូលរួមជាមួយរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ។ ឥឡូវសូម្បីអ្នកគាំទ្រគាត់ ដើរចោលពីគាត់ ដោយសារគេអស់ជំនឿ។ អ៊ីចឹងហើយ ដាច់ខាត ត្រូវតែបង្កើតស្អីថ្មី ដើម្បីទាក់ទាញ ដើម្បីជាចលនា អាចថាប្រមូលថវិកា ប្រមូលបច្ច័យ ប្រមូលអី ខ្ញុំមិនដឹងទេ។ ប៉ុន្តែបង្កើតព្រឹត្តិការណ៍! ហើយវ៉ាប់ឡើង គឺថាយើងលែងជឿការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះ។ អ៊ីចឹងបានន័យថា គាត់បោះឆ្នោតមិនឈ្នះ គាត់ទៅបង្កើតចលនា តាំងខ្លួនគាត់ធ្វើជាប្រធាន អ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្ត្រី បានន័យថាម៉េច? បានន័យថា កំពុងតែមើលងាយអ្នកបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ៨លាន ២សែននាក់ រួមទាំងអ្នកកែប ជាងប៉ុន្មាន ដូចជាង ២ម៉ឺននាក់ ជិត ៣ម៉ឺននាក់ ទៅបោះឆ្នោតដែរ ២០១៣។ សន្លឹកឆ្នោតរបស់យើង បានន័យថា គាត់លែងឱ្យតម្លៃហើយ» ។
ចំណែកសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឃើញថា ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដឹកនាំដោយលោកសម រង្ស៊ី បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយការបង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» និងការប្រើសញ្ញា «ផ្ការីក» ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នោះមក សម្ដេច បានយកឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ប្រកាសថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ ដែលនឹងកំណត់ចំពោះជនណាឬក្រុមណាដែលមានគម្រោងការឬអំពើគប់គិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព ។
សម្ដេចហ៊ុន សែន បានថ្លែងនៅពេលនោះថា «សន្តិភាពនិងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាម កំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគំរាមកំហែងដល់អរិយធម៌មនុស្សជាតិ។ ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាម កំពុងស្រែកដង្ហោយរកសន្តិភាព ដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាព នឹងកើតមានវិញនៅពេលណាឡើយ។ សម្រាប់កម្ពុជា ទោះបីយើងមានសន្តិភាពពេញលេញ ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាព នៅតែជាបញ្ហាបច្ចុប្បន្នភាព ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយម មកលើសង្គមជាតិយើង សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគំរាមកំហែងពិតដល់សន្តិភាព។ យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍ ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សូមយើងទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាប លើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិនអនុញ្ញាតដាច់ខាត ឱ្យជនណាឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ»។
ក្នុងស្មារតីនេះ សម្ដេចអតីតនាយករដ្ឋមន្រ្តី យល់ថា វាដល់ពេលហើយ ដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើគប់គិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ សម្ដេច ថ្លែងថា យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាព នឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នទេនោះ ៕ កុលបុត្រ