Monday, January 27, 2025
Homeសង្គម និងជីវិតព្រះគ្រូផុន ភក្តី បង្ហាញវិបត្តិសង្គម៥ ករណីចែកអាំងប៉ាវ ជា.../ន់គ្នាស្លា---/ប់

ព្រះគ្រូផុន ភក្តី បង្ហាញវិបត្តិសង្គម៥ ករណីចែកអាំងប៉ាវ ជា…/ន់គ្នាស្លា—/ប់

ភ្នំពេញ ៖ បន្ទាប់ពីកើតមានហេតុការណ៍មនុស្សប្រជ្រៀតគ្នាយកអាំងប៉ាវ បណ្ដាលឲ្យស្លាប់ ៤នាក់ និងរបួស៥នាក់ នៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មក ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី ព្រះធម្មកថិកល្បី បានលើកឡើងថា ហេតុការណ៍នេះ បានឆ្លុះបញ្ចាំងពីវិបត្តិសង្គម ៥ចំណុច ជាពិសេសគឺបង្ហាញពីភាពខ្វះខាត ក្រលំបាករបស់ប្រជាជនដល់កម្រិតមួយដែលគួរឱ្យសង្វេគ និងភាពគ្មានរបៀបរបបក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមដែលដណ្តើមគ្នារស់ មិនចេះជួយគ្នា ចង់អ្នកណាស្លាប់រស់មិនគិត ព្រមទាំងបង្ហាញពីការធ្លាក់ចុះនូវសីលធម៌ គុណធម៌ ជាមនុស្សជាតិ។

  ព្រះគ្រូធម្មាចារ្យ ផុន ភក្តី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ថា “តើការចែកអាំងប៉ាវ ជាន់គ្នាស្លាប់នេះ ជាព័ត៌មានពិតឬយ៉ាងណាបងប្អូន? ព្រោះលោកគ្រូ យូរៗលែងចង់ហ៊ានជឿព័ត៌មានតាមប្រព័ន្ធនេះ វាមានអ្នកផ្សាយខុសការពិតច្រើនពេក លែងចង់ជឿកើត ។ ប៉ុន្តែបើព័ត៌មាននេះពិត វាឆ្លុះបញ្ចាំងពីអ្វីខ្លះក្នុងសង្គមយើង ដែលគួរពិចារណា?

ទី១. បង្ហាញពីភាពខ្វះខាត ក្រលំបាកដល់កម្រិតមួយដែលគួរឱ្យសង្វេគ។

ទី២. បង្ហាញពីភាពគ្មានរបៀបក្នុងការរស់នៅ និងការអប់រំ ដែលមិនចេះអត់ធ្មត់តម្រង់ជួរតាមរបៀបរៀបរយ។

ទី៣. បង្ហាញពីការរស់នៅរបស់មនុស្សក្នុងសង្គមមួយ ដែលមិនចេះជួយគ្នា ឱ្យតែខ្លួនបាន ចង់អ្នកណាស្លាប់រស់មិនគិត សូម្បីរបស់ដែលគេឱ្យ ត្រូវបានគ្រប់គ្នាសោះ។

ទី៤. បង្ហាញពីភាពគ្មានសីលធម៌ គុណធម៌ជាមនុស្សជាតិនឹងគេ ស្រុកនេះ (ស្រ្តីពោះធំ ជនពិការ កូនក្មេង មនុ ស្សចាស់ ។ល។ ) គេគោរពនិងផ្តល់អាទិភាពមុនគ្រប់យ៉ាង ឧ. ជិះឡានក្រុង បើឃើញមនុស្សចាស់ចូល គេក្រោកឈរ បើអស់កៅអី ទុកជូនគាត់ នេះជាសីលធម៌ក្នុងការរស់នៅ។

ទី៥. បង្ហាញពីសង្គមមួយដែលគ្មានច្បាប់ទម្លាប់ក្នុងខ្លួនទាល់តែសោះ និងមានរឿងជាច្រើនទៀត ដែលគួរពិចារណាឱ្យដល់ ទើបឃើញថា វាឆ្លុះបញ្ចាំងពីសង្គមនេះ គួរឱ្យរន្ធត់សង្វេគបំផុត។

ទៅទីពឹងអ្វីសម្រាប់ជាតិ ទៅគិតថា ខ្មែរមានទុក្ខ ជួយគ្នាដូចម្តេចកើត បើពេលនេះ បាយនៅមានហូប ព្រោះលុយ ៤ម៉ឺន អាចជាន់គ្នាស្លាប់ ចុះបើគេឱ្យលើសនេះ មិនលក់ជាតិ និងគ្នាឯងទាំងមូលទៅហើយទេ? អ្នកសិក្សាឱ្យស៊ីជម្រៅ ទើបគួរឱ្យសង្វេគបំផុត“ ។

  ព្រះគ្រូផុន ភក្តី បានសរសេរបន្ថែម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា “សង្ឃឹមពេលជាតិមានអាសន្ន ឬប្រជា ជនខ្មែរ មានទុក្ខ ទៅជួយគ្នាឯណាបាន បើត្រឹមលុយ ៤ម៉ឺន យើងជាន់គ្នាស្លាប់ ទាំងដែលនៅមានបាយហូប ចុះទម្រាំដាច់បាយ ឬបើគេឲ្យលើសនេះ មិនកាប់សម្លាប់គ្នាឯង? ពិចារណាឲ្យដល់ ទើបគួរឲ្យសង្វេគសង្គមខ្មែរយើង ។ ខ្មែរខ្ញុំអើយ! ម្ដេចក៏ដល់ថ្នាក់នេះ?“ ។

  គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១០និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរាប់រយពាន់នាក់ បានប្រមូលផ្តុំគ្នាទៅទទួលយកអាំងប៉ាវ នៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លុះក្រោយមក ដោ យសារតែចំនួនមនុស្សច្រើន ហើយម្នាក់ៗប្រឹងប្រជ្រៀតគ្នា ដើម្បីចូលទៅយកអាំងប៉ាវ ជាហេតុធ្វើឱ្យមានការកកកុញណែនណាន់តាន់តាប់ រហូតជាន់គ្នាដួលសន្លប់ជាបន្តបន្ទាប់ លុះក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បានបាត់បង់ជីវិត ចំនួន៤នាក់ ចំណែក ៥នាក់ទៀត កំពុងសង្គ្រោះបន្ទាន់។

  ជនរងគ្រោះ ទាំង៤នាក់ ដែលបាត់បង់ជីវិត រួមមាន ទី១-ឈ្មោះម៉ាន់ ស៊ីយ៉ាន ភេទប្រុស អាយុ៧១ឆ្នាំ មានលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ស្លាប់នៅមន្ទីរពេទ្យព្រះអង្គឌួង)។ ទី២-ឈ្មោះគង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ភូមិដំរៀងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្លាប់នៅមន្ទីរពេទ្យព្រះអង្គឌួង)។ ទី៣-ឈ្មោះរឿន ចេក ភេទស្រី អាយុប្រហែល៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត) និងទី៤-ឈ្មោះ យស់ សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិកន្សោមអក ស្រុកកំពង់កំត្របែក ខេត្តព្រៃវែង (ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត)។

  ចំណែកជនរងគ្រោះទាំង៥នាក់ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ រួមមាន ទី១-ឈ្មោះជិន តុន ភេទប្រុស អាយុ៧៥ឆ្នាំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ទី២-ឈ្មោះកែវ ភឿន ភេទប្រុស អាយុ៦៥ឆ្នាំ។ ទី៣-ឈ្មោះហេង សានី ភេទប្រុស អាយុ១៣ឆ្នាំ។ ទី៤-ឈ្មោះនូ ស៊ី ភេទស្រី អាយុ៣៥ឆ្នាំ និងទី៥-ភេទប្រុស (មិន ទាន់ស្គាល់អត្តសញ្ញាណ)។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាច្រើននាក់ បានទៅទទួលអាំងប៉ាវ នៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីទទួលព័ត៌មានថា អ្នកឧកញ៉ា សុខ គង់ នឹងចែកអាំងប៉ាវ (លុយ ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាម) ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥ នេះ ដូចដែលអ្នកឧកញ៉ា តែងតែបានចែកទាន ជារៀងរាល់ឆ្នាំ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម ។ លុះក្រោយមក ដោយសារតែចំនួនមនុស្សច្រើនលើសលប់ ហើយម្នាក់ៗប្រឹងប្រជ្រៀតគ្នាចូលតែរៀងខ្លួន ជាហេតុធ្វើឱ្យកើតមានការកកកុញ ហប់ខ្យល់ និងធ្វើឱ្យមនុស្សជាន់គ្នា ខ្លះបានដួលសន្លប់ និងខ្យល់គរ ។

  ក្រោយមានហេតុការណ៍នេះកើតឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងមានរថយន្តសង្គ្រោះបន្ទាន់ ជាច្រើនគ្រឿង ដែលបញ្ជូនចេញទៅតាមបណ្តាមន្ទីរពេទ្យ ចុះមកកាន់កន្លែងកើតហេតុ បញ្ជាផ្ទាល់ភ្លាមៗ អន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត មន្ទីរពេទ្យបង្អែកចតុមុខ មន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ច អាជ្ញាធរ បានចុះទៅសម្រួល បំបែកបងប្អូនប្រជាពលរដ្ឋ កុំឱ្យប្រមូលផ្តុំគ្នាតទៅទៀត ។

  បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីយកអាំងប៉ាវ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសរួចមក លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗ ចំនួន៥លានរៀល និងមឈូស១ ។ ចំណែកអ្នករងរបួស ទទួលបានការឧបត្ថម្ភចំនួន ២លានរៀល។ ដោយឡែក អ្នកឧកញ៉ា សុខ គង់ និងកូនប្រុស គឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព ៦ពាន់ដុល្លារ និងអ្នករបួសម្នាក់ ៤លានរៀល ។ ថវិកាទាំងនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ក្នុងមន្ទីរពេទ្យ នៅថ្ងៃកើតហេតុនោះតែម្តង ៕ កុលបុត្រ

RELATED ARTICLES