Monday, January 27, 2025
Homeសង្គម និងជីវិតតាចិញ្ចឹមចៅ៣០នាក់ ហូបបាយជាមួយអំបិល

តាចិញ្ចឹមចៅ៣០នាក់ ហូបបាយជាមួយអំបិល

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ វ័យកាន់តែជរា មិនបានរស់នៅស្រ ណុកស្រួលដូចគេ បែរជារងថ្មបាក់ ត្រូវរ៉ាប់រងចិញ្ចឹមចៅ រហូតដល់ជិត ៣០នាក់ ដោយចៅខ្លះ ឪពុកម្តាយលែងលះគ្នា ខ្លះឪពុកម្តាយធ្វើចំណាកស្រុក ខ្លះត្រូវឪពុកម្តាយ បោះបង់ចោល ទុកឱ្យលោកតាប្រឹងទាំងត្រ ដាបត្រដួស ដើរជីកដំឡូង យកមឱ្យចៅហូប ជួនគ្មានម្ហូប ហូបបាយជាមួយអំបិល។
លោកតាកម្សត់ មានអាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិស្រគុំ ឃុំក្បាល់ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយទទួលបន្ទុកចិញ្ចឹមចៅប្រុសស្រី សរុបប្រមាណជិត៣០នាក់។

តាមប្រភពលោក ស្រេន វុធថា អ្នកធ្វើការជួយសង្គម តាមរយៈការងារមនុស្សធម៌ ជួយស្វែងរកជំនួយឧបត្ថម្ភ សង្គ្រោះចាស់ជរា ជនពិការ និងទុរគតជន បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា “លោកតាអាយុ៧៥ឆ្នាំ ចិញ្ចឹមចៅរហូតជិត ៣០នាក់ ក្នុងបន្ទុក បើខ្ញុំគ្រាន់តែនិយាយ បងប្អូនមិនជឿទេ ដោយសារឪពុកម្តាយក្មេងខ្លះ លែងលះគ្នា ខ្លះបោះបង់ចោល អ្នកខ្លះម្តាយឪពុកទៅថៃ លោកអាណិត ក៏រើសយកមកចិញ្ចឹម ហើយពេលខ្លះក្មេងៗមិនមានអីហូបគ្រប់គ្រាន់ រាល់ថ្ងៃហូបបាយមួយអំបិលក៏មាន ដូចនេះហើយ ទើបលោកតាសូមឱ្យបងប្អូន ជួយដល់ក្មេងៗផង លោកតានិងក្មេងៗ រស់នៅភូមិស្រគុំ ឃុំក្បាល់ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់…”។

លោកតាចិញ្ចឹមចៅជិត ៣០នាក បានរៀបរាប់ប្រាប់ថា សព្វថ្ងៃគាត់មានវ័យ៧៥ឆ្នាំ ត្រូវរ៉ាប់រងចិញ្ចឹមចៅ ជិត៣០នាក់ ដោយមួយថ្ងៃៗ គាត់តែដើរត្រឹកៗ រកជីកដំឡូង តាមអូរ បានតិចតួច យកមកស្ងោរឱ្យចៅហូប ហើយពេលខ្លះសុខចិត្តអង្គុយមើលមាត់ ចៅដោយក្តីស្រេកឃ្លាន ឱ្យតែចៅៗបានឆ្អែតក្រពះ ជួនពេលខ្លះ គ្មានម្ហូប នាំចៅហូយបាយជាមួយអំបិល ក៏មាន។

បុរសចំណាស់ខាងលើ បាននិយាយទាំងអួលដើមកថា “ខ្ញុំ៧០ជាងហើយ ៧៥ហើយ ដើរជីកដំឡូងត្រឹកៗ តាមអូរអ៊ីចឹងទៅ បានតិចតួចទៅ យកមកស្ងោរឱ្យចៅហូប អាណិតចៅដែរ តែធ្វើម៉េច សុទ្ធចៅបង្កើត កាត់ចិត្តមិនបាន បើម៉ែឪបោះបង់ចោលអស់ហើយ ខ្ញុំជួយទៅ សុខចិត្ត ចិញ្ចឹម គ្រប់គ្រងចៅ ខ្លះមានឪពុកម្តាយ ខ្លះអត់…”។
ជាមួយគ្នានេះ លោកតាខាងលើ បានអំពាវនាវដល់កាកបាទក្រហមកម្ពុជា និងបងប្អូនសប្បុរសជន មេត្តាជួយឧបត្ថម្ភជាថវិកាក្តី ជាគ្រឿងឧបភោគ-បរិភោគក្តី តាមសទ្ធាជ្រះថ្លា ដើម្បីឲ្យចៅៗរបស់គាត់ បានហូបចុកផង ព្រោះរូបគាត់ចាស់ហើយ មិនសូវមានកម្លាំងកំហែងរកអាហារឲ្យចៅៗបានហូបចុកគ្រប់គ្រាន់ទេ ៕ ខៀវទុំ

RELATED ARTICLES