Wednesday, February 12, 2025
Homeសង្គម និងជីវិតប្រទះឃើញកូនសត្វស្លាបកម្របំផុត ក្នុងដែនជម្រកសត្វព្រៃសម្បូណ៌

ប្រទះឃើញកូនសត្វស្លាបកម្របំផុត ក្នុងដែនជម្រកសត្វព្រៃសម្បូណ៌

ភ្នំពេញ : អង្គការ WWF-Cambodia បានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះ បានស្វែងរកទីតាំងសម្បុកនៃប្រភេទសត្វ ស្លាបសំខាន់ៗ កាលពីសប្តាហ៍មុន។

WWF-Cambodia បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អំពីលទ្ធផលនៃបេសកកម្មដែលមានរយៈពេល ៤ថ្ងៃ របស់ខ្លួនថា ទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន ៖ សម្បុកសត្វត្រយងចង្កំក-ស ចំនួន១២ សម្បុក សម្បុកសត្វត្រដក់តូច ចំនួន៥សម្បុក និងសម្បុកសត្វត្មាតភ្លើង ចំនួន១សម្បុក។

ប្រភពដដែល បន្តថា កាន់តែអស្ចារ្យថែមទៀតនោះគឺ ក្រុមការងារថែមទាំងបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស ចំនួន៨ក្បាល និងកូនសត្វត្រដក់តូច ចំនួន៥ក្បាលផងដែរ ដែលកំពុងហោះហើរចេញពីសម្បុករបស់ពួកវា។ តាមរយៈលទ្ធផលនេះ បានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ចំពោះកិច្ចការអភិរក្ស ដោយសារយើងអាចប្រមូលទិន្នន័យសំខាន់ៗសម្រាប់ការយល់ដឹងឱ្យបានច្បាស់ និងពីរបៀបដែលយើងអាចធ្វើសកម្មភាពការពារសត្វស្លាបដែលងាយរងគ្រោះទាំងនេះ ឱ្យចៀសផុតពីហានិភ័យបានយ៉ាងល្អបំផុត។

សូមជម្រាបថា សត្វត្រយងចង្កំកស មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ច្រើនរស់នៅនិងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាបបឹងទន្លេសាប។ វាមានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំក ស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ។

ចំណែកសត្វត្រដក់តូច គឺជាសត្វស្លាបមានមាឌធំ មានកម្ពស់រហូតដល់ ១៣០សង់ទីម៉ែត្រ ហើយស្លាបរបស់វា ពីម្ខាងទៅម្ខាងទៀត មានប្រវែងជាង២ម៉ែត្រ។ ទោះបីជាចំនួនរបស់វានៅលើសកលលោក ត្រូវបានប៉ាន់ប្រមាណថា មានជាងមួយម៉ឺនក្បាល ប៉ុន្តែតួលេខនេះ កំពុងតែធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី៕

RELATED ARTICLES