ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ ព័ន្ធ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់កូនចៅ ក្នុងគោលដៅ ប្រើ ប្រាស់ទិវានៃក្ដីស្រឡាញ់ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ។
![](https://norkorthom.com/wp-content/uploads/2025/02/x5-5.jpg)
សេចក្ដីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ មានខ្លឹមសារថា «ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ បាននិងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះ បានស្តែងឡើងតាមរយៈសកម្មភាពនានា ដោយឈរលើមនោសញ្ចេតនាស្រឡាញ់ ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរ គួរជាទីគោរព និងកោតសរសើរ។ ជាមួយគ្នានេះ នាពេលកន្លងមកទោះជាមានការពន្យល់ ណែនាំ អំពាវនាវ ក៏យើងនៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូច ដែលត្រូវបានសង្គមវាយតម្លៃថា មិនគួរកើតមាន ដោយសកម្មភាពទាំងនោះផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផង»។
![](https://norkorthom.com/wp-content/uploads/2025/02/x4-5.jpg)
សេចក្ដីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ថា ការសិក្សាស្វែងយល់ឱ្យច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺ ជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាពនិងបរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើមនៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់រយៈ ពេលវែងដល់អនាគតនៃបុគ្គលដែលបានប្រព្រឹត្តខុសគន្លង។
![](https://norkorthom.com/wp-content/uploads/2025/02/x2-6.jpg)
ទិវានៃក្តីស្រឡាញ់ នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែក រំលែក ធានានូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនយើង ជាអាទិ៍ ៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាពសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្ស និងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ»។
![](https://norkorthom.com/wp-content/uploads/2025/02/x1-6.jpg)
សេចក្ដីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តទៀតថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់ បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូប មានកាតព្វកិច្ចថែរក្សាការពារ»៕
![](https://norkorthom.com/wp-content/uploads/2025/02/x3-6.jpg)