ខេត្តកំពង់ធំ ៖ សត្វគោ ចំនួន១២០ក្បាល នៅស្រុកតាំងគោក ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺសាទឹក ដោយក្រុមការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ការចាក់វ៉ាក់សាំងនេះ ក្រោមកិច្ចសហការរវាងមន្ត្រីភ្នាក់ងារសុខភាពសត្វភូមិ និងរដ្ឋបាលបាលស្រុកតាំងគោក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិ ឃុំ និងមន្ត្រីកសិកម្មឃុំ។
![](https://norkorthom.com/wp-content/uploads/2025/02/x1-11.jpg)
លោកចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម បានណែនាំដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន ត្រូវមានកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺឬងាប់។ ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺសត្វ ឱ្យបានទាន់ពេលវេលា។
![](https://norkorthom.com/wp-content/uploads/2025/02/x5-8.jpg)
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានណែនាំប្រជាកសិករ ដែលមានសត្វគោ ក្របី ឱ្យយកចិត្តទុកដាក់ចំពោះទីកន្លែងរស់នៅរបស់សត្វ សម្អាតទ្រុងជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគ ឱ្យបានញឹកញាប់ យ៉ាងហោច ២ដង ក្នុង១ខែ ផ្តល់ទឹកនិងស្មៅ ព្រមទាំង ចំបើង ឱ្យស៊ីគ្រប់គ្រាន់ យកសត្វទៅចាក់ថ្នាំការពារជំងឺឆ្លង ឱ្យបានទៀងទាត់ តាមការណែនាំពីមន្ត្រីជំនាញ (២លើក ក្នុង១ឆ្នាំ)។
![](https://norkorthom.com/wp-content/uploads/2025/02/x2-10.jpg)
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ បានសត្វគោសរុប ១២០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក ២០០០កម្រិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ៕
![](https://norkorthom.com/wp-content/uploads/2025/02/x6-6.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/x4-8.jpg)