ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូអ្នកដំណើរ ប្រមាណជាង១០គ្រឿង បានរអិលដួលជាបន្តបន្ទាប់ នៅចំណុចការដ្ឋានមួយកន្លែង ដែលក្រុមហ៊ុនទឹកស្អាត កំពុងកាយដាក់ទុយោ ធ្វើឱ្យបែកភក់នៅលើផ្លូវបេតុង បង្កឱ្យអ្នកដំណើរជិះឆ្លងកាត់ រងគ្រោះថ្នាក់ជាបន្តបន្ទាប់។
![](https://norkorthom.com/wp-content/uploads/2025/02/a1-3.jpg)
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចមុខភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
![](https://norkorthom.com/wp-content/uploads/2025/02/a3-3.jpg)
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មានម៉ូតូប្រជាពលរដ្ឋអ្នកដំណើរ ប្រមាណជាង ១០គ្រឿង បានរអិលដួលជាបន្តបន្ទាប់ នៅត្រង់ចំណុចផ្លូវបេតុង ដែលមានភក់ជ្រាំរអិលប៉ប៉ាច់ លុះពេលម៉ូតូជិះឆ្លងកាត់ មិនបានចាប់អារម្មណ៍និងប្រយ័ត្ន ក៏បានរអិលដួល របួសទាំងមនុស្ស ខូចខាតទាំងម៉ូតូ។
![](https://norkorthom.com/wp-content/uploads/2025/02/a4-3.jpg)
ប្រភពដដែល បន្តថា ផ្លូវ ១ខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅវត្តត្រាច ត្រូវបានក្រុមហ៊ុនទឹកស្អាតប៉ោយប៉ែត កាយដាក់ទុយោទឹក នៅចំណុចលើផ្លូវបេតុង មុខហាងប៊ូសោភ័ណ ត្រូវបានបែកភក់ ហើយប្រជាពលរដ្ឋធ្វើដំ ណើរឆ្លងកាត់ បានជួបគ្រោះថ្នាក់ ជាបន្តបន្ទាប់បែបនេះតែម្តង។
![](https://norkorthom.com/wp-content/uploads/2025/02/a2-3.jpg)
ប្រជាពលរដ្ឋ បានសុំឱ្យក្រុមហ៊ុនទឹកស្អាតក្រុងប៉ោយប៉ែត ដែលកាយដាក់ទុយោទឹកស្អាត ត្រូវលុបចិញ្ចើមផ្លូវ ឱ្យស្អាត ហើយកិនបង្ហាប់ផង កុំឱ្យមានភក់លើផ្លូវបេតុង នាំឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ រអិលដួលរបួស និងខូចខាតម៉ូតូ៕