Thursday, February 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរោងចក្រភ្លើងឆេះហ្ម.../ត់ រដ្ឋមន្ត្រីចុះជួបកម្មករ

រោងចក្រភ្លើងឆេះហ្ម…/ត់ រដ្ឋមន្ត្រីចុះជួបកម្មករ

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វ័រម៉ាត ខេមបូឌា ខូអិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងពីក្បាលព្រលប់ និងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ ១៥១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ក្រោយកើតហេតុភ្លើងឆេះរោងចក្រនេះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត នៃរោងចក្រកើតហេតុ ដើម្បីពិនិត្យស្ថានភាពរោងចក្ររងគ្រោះ និងជួយអន្តរាគមន៍ក្នុងការបើកផ្តល់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍នានាដែលនៅសល់ ជូនកម្មករនិយោជិត ព្រមទាំងមានមន្ត្រីមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA)  រង់ចាំចុះឈ្មោះរកការងារធ្វើភ្លាមៗ ដល់បងប្អូនកម្មករនិយោជិត អាចស្វែងរកការងារថ្មីធ្វើបាន ក្នុងចន្លោះពេលដែលរោងចក្រដែលពួកគេធ្វើការ បានខូចខាតទាំងស្រុង ត្រូវការពេលវេលាយ៉ាងតិច ៤ខែ ដើម្បីសាងសង់ឡើងវិញ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ហ្វ័រម៉ាត ខេមបូឌា ខូអិលធីឌី ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។ រោងចក្ររងគ្រោះ មានទំហំផ្ទៃដី ១ម៉ឺនម៉ែត្រការ៉េ មាន២អគារជាប់គ្នា និងមានទំហំ៥៣០០ម៉ែត្រការ៉េ មានកម្មករនិយោជិតបម្រើការងារ សរុបចំនួន ៤៦៦នាក់ (ស្រី ៣១០នាក់) ។ ចំណែកម្ចាស់សហគ្រាស មានឈ្មោះ យូ មិវ៉ុល (YOO MIWOL) ភេទប្រុស ជាជនជាតិកូរ៉េខាងត្បូង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុ កម្មករ-កម្មការិនី ចប់ម៉ោងការងារ នាំគ្នាចាកចេញត្រឡប់ទៅផ្ទះវិញអស់ទៅហើយ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មានភ្លើងឆេះពីអគារប៉ែក ខាងក្រោយ ផ្នែកខាងកង្ហារបឺតកម្តៅ យ៉ាងសន្ធោសន្ធៅតែម្តង។ ឃើញបែបនេះ សន្តិសុខយាមនៅទីតាំងកើត ហេតុ បានទាញទុយោនិងបំពង់ពន្លត់អគ្គិភ័យ មកបាញ់ទប់ស្កាត់ដែរ តែភ្លើងឆេះកាន់តែខ្លាំងឡើងៗ ទើបរាយ ការណ៍ជូនទៅអាជ្ញាធរ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ មកពីបណ្តាអង្គភាពជាច្រើន ដើម្បីធ្វើការអន្ត រាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

នៅក្នុងហេតុការណ៍នេះ ភ្លើងបានឆេះអគាររោងចក្រអស់ និងធ្វើឱ្យដំបូលរោងចក្រ ត្រូវបានបាក់ស្រុត ហេតុនេះពិបាកក្នុងការបាញ់ទឹកពន្លត់ ទើបអាជ្ញាធរបានសម្រេចយកគ្រឿងចក្រ ១គ្រឿង មកវាយទម្លុះរបងនិងអគាររោងចក្រ និងកាយបំណែកៗ ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួលចូលជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

តាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា នៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០៥ឡាន ស្មើនឹង ៤២០ម៉ែត្រគូប និងមានរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង ៧២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ៦០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់យបញ្ជាការដ្ឋានទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់មណ្ឌលកែប្រែព្រៃស ម.១ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ៤០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់រោងចក្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន ស្មើនឹង ៥០ម៉ែត្រគូប។ សរុបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥១ឡាន ស្មើនឹង ៧៣៨ម៉ែត្រគូប។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វ័រម៉ាត ខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍សង្គ្រោះ រហូតអាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅវេលាម៉ោងជាង ១០យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ ប៉ុន្តែអគាររោងចក្រខាងលើ រួមនិងសម្ភារៈបំពាក់ក្នុងរោងចក្រ ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង។

ក្រោយកើតហេតុអគ្គិភ័យឆេះបំផ្លាញរោងចក្រកាត់ដេរខាងលើនេះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាពរោងចក្ររងគ្រោះ។

សូមបញ្ជាក់ថា រោងចក្រកាត់ដេររងគ្រោះខាងលើនេះ មានកម្មករនិយោជិតបម្រើការងារ សរុប ចំនួន ៤៦៦នាក់ (ស្រី ៣១០នាក់) ។ ក្នុងពេលចុះជួបបងប្អូនកម្មករនិយោជិត លោករដ្ឋមន្ត្រី ហេង សួរ បានសម្ដែងនូវសេចក្ដី សោកស្ដាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកខ្ពស់ ដើម្បីពន្លត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការណ៍ មិនឱ្យរាលដាលដល់កន្លែងផ្សេងទៀត ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ការធានាជូនថា បងប្អូនកម្មករនិយោជិត នឹងអាចបើកប្រាក់ឈ្នួល រួមនិងអត្ថប្រ យោជន៍នានាដែលនៅសល់ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ចំពោះវឌ្ឍនភាពនៃទីតាំងនិងព័ត៌មានផ្សេងទៀតនៃការបើកប្រាក់ឈ្នួលនេះ ក្រសួង នឹងជម្រាបជូនដំណឹងនាពេលក្រោយ ។

លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ចំពោះសុខ ទុក្ខរបស់បងប្អូនកម្មករនិយោជិត នៃសហគ្រាសហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន ។ ជាមួយគ្នានេះ ក្នុងពេលដែលរោងចក្រត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះបងប្អូនកម្មករនិយោជិត អាចស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិ មុខរបរនិងការងារ (NEA) ដែលមានមន្ដ្រី រង់ចាំចុះឈ្មោះរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រកើតហេតុនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនអាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារនៅកន្លែងដើមវិញបាន។

លោក ហេង សួរ បានបញ្ជាក់ដល់បងប្អូនកម្មករនិយោជិតដែរថា សម្រាប់សុពលភាពនិងអត្ថប្រយោជន៍ ប.ស.ស រួមមានផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិត នៅតែទទួលបាន និងអាចប្រើប្រាស់ប័ណ្ណ ប.ស.ស បានជាធម្មតា។ ទន្ទឹមនេះ ក្រុមកាងារ សាខា ប.ស.ស ខណ្ឌដង្កោ បានចុះដល់ទីតាំងផ្ទាល់ និងត្រៀមសម្របសម្រួលក្នុងករណីមានសមាជិក ប.ស.ស ជួបគ្រោះថ្នាក់ ដោយសារករណីភ្លើងឆេះនេះ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមរក្សាភាពស្ងប់ ស្ងាត់ មានការយោគយល់ និងសូមផ្សព្វផ្សាយបន្តទៅកាន់បងប្អូនកម្មករនិយោជិតផ្សេងទៀត នៃរោងចក្រកើតហេតុនេះផងដែរ ៕

RELATED ARTICLES