ខេត្តសៀមរាប ៖ ប្តីប្រពន្ធវ័យចំណាស់ ១គូ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបឈានដល់ការលែងលះដាច់ស្រេច តាមអំណាចសាលក្រមតុលាការ ប៉ុន្តែភាគីបុរសជាប្តី ឱ្យតែផឹកស្រាស្រវឹង ចេះតែតាមរករឿង អុកឡុកអតីតប្រពន្ធ ដល់ផ្ទះជារឿយៗ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសុំអន្តរាគមន៍ពីកម្លាំងជំនាញអាវុធហត្ថ ចុះឃាត់ខ្លួនបុរសជាប្តី យកមកសាកសួរ ហើយគ្រាន់តែធ្វើកិច្ចសន្យា រួចដោះលែងវិញ ដោយឲ្យទាំង លុយថែមដល់បុរសជាអតីតប្តីនោះទៀត ដោយសារសមត្ថកិច្ចប៉េអឹម មើលឃើញពីការលំបាកខ្វះខាតរបស់បុរសប្រពន្ធលែងនេះ។
![](https://norkorthom.com/wp-content/uploads/2025/02/q1-5.jpg)
ករណីវិវាទរវាងអតីតប្តីប្រពន្ធនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ភាគីបុរសជាប្តី ដែលត្រូវកម្លាំងជំនាញអាវុធហត្ថ ចុះឃាត់ខ្លួន មានឈ្មោះម៉ី សំរិទ្ធឌី អាយុ៦៥ឆ្នាំ មុខរបរជាអ្នកចាំផ្ទះឱ្យគេ។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ ពីស្ត្រីរងគ្រោះម្នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីអតីតប្តីរបស់គាត់ ឈ្មោះម៉ី សំរិទ្ធឌី ដែលបានលែងលះគ្នាដាច់ស្រេច តាមសាលក្រមតុលាការទៅហើយ តែបានផឹកស្រាស្រវឹងមកអុកឡុកនិយាយរករឿងគាត់ដល់ផ្ទះ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញការិយាល័យអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះដល់ចំណុចផ្ទះរបស់ស្ត្រីរងគ្រោះខាងលើ ធ្វើការនាំខ្លួនអតីតប្តី មកសាកសួរនៅមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប។
នៅចំពោះមុខមន្ត្រីជំនាញ បុរសជាអតីតប្តី ឈ្មោះម៉ី សំរិទ្ធឌី បានទទួលកំហុស និងធ្វើកិច្ចសន្យាថា ឈប់តាមរករឿងអតីតប្រពន្ធទៀតហើយ ចាប់ពីពេលនេះតទៅ។ បន្ទាប់មក មន្ត្រីជំនាញ បានអនុញ្ញាតឱ្យបុរសជាប្តីនេះ ត្រឡប់ទៅផ្ទះវិញ។
![](https://norkorthom.com/wp-content/uploads/2025/02/q2-5.jpg)
ដោយមើលឃើញពីការលំបាករបស់បុរសឈ្មោះម៉ី សំរិទ្ធឌី សព្វថ្ងៃរស់គ្មានទីពឹង មានមុខរបរជាអ្នកចាំផ្ទះឱ្យគេ ព្រមទាំងមានជំងឺប្រចាំកាយផងនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀម រាប បានឧបត្ថម្ភថវិកាមួយចំនួន និងសន្យាជួយផ្តល់ បាយទឹក នៅពេលដែលមានការខ្វះខាតម្តងម្កាល ដល់បុរសខាងលើផងដែរ៕