Friday, February 21, 2025
Homeសង្គម និងជីវិតអាជ្ញាធរប្រយុទ្ធនិងជំងឺអេដស៍ និងអង្គការAHF រៀបចំ ទិវានៃក្ដីស្រលាញ់១៤​កុម្ភៈ លើកកម្ពស់ ការប្រើស្រោមអនាម័យ

អាជ្ញាធរប្រយុទ្ធនិងជំងឺអេដស៍ និងអង្គការAHF រៀបចំ ទិវានៃក្ដីស្រលាញ់១៤​កុម្ភៈ លើកកម្ពស់ ការប្រើស្រោមអនាម័យ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា ប្រារពទិវាស្រោមអនាម័យអន្តរជាតិ (ICD) ដើម្បីអបអរសាទរពីសារប្រយោជន៍នៃស្រោមអនាម័យ និងស្វែងយល់ពីកម្មវិធីសប្បាយៗ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព។ នៅឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិនៅសួនកោះនរា នៅថ្ងៃទី១៤ ខែកុម្ភៈ ចាប់ពីវេលាម៉ោង៤:00ល្ងាច ដល់៩:00យប់ ជាមួយនឹងសកម្មភាពជាច្រើនរួមមានការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ ការអប់រំស្តីពីការប្រើប្រាស់ស្រោមអនាម័យ ការលេងល្បែងកំសាន្ត និងការប្រគុំតន្ត្រីកំសាន្តសប្បាយ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)កម្ពុជាក៍បានផ្តល់ជូនជាព័ត៌មានថា ជារៀងរាល់ថ្ងៃមានការឆ្លងជំងឺកាមរោគច្រើនជាង១លាននាក់នៅទូទាំងពិភពលោក ហើយយោងទៅតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ស្រោមអនាម័យកំពុងតែមានការធ្លាក់ចុះនៅតាមតំបន់ជាច្រើនក្នុងពិភពលោក។ ដោយឡែកការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍គឺមានគោលដៅចំបង និងចាំបាច់បំផុតក្នុងការរួមបញ្ចូលការផ្តល់អាទិភាពជាចំបងដល់ការបង្ការការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យជាដាច់ ខាត ទើបអាចសម្រេចគោលដៅនេះបាន។

ដើម្បីសម្រេចបានគោលដៅដ៏ចំបងនេះ យុទ្ធនាការនៅក្នុងទិវាស្រោមអនាម័យអន្តរជាតិរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានរៀបចំឱ្យមានជាក្បួនដង្ហែ ការជួបជុំ និងសន្និសីទសារព័ត៌មាន ផងដែរ។

 លោកវេជ្ចបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍មានប្រសាសន៍ថា៖ “ការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូគឺជាបង្ហាញនៃសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់គឺបង្ហាញដោយការប្រើស្រោមអនាម័យ ហើយជាពិសេសស្រោមអនាម័យបានជួយសង្គ្រោះជីវិតជាច្រើន ហើយវានឹងជួយ សង្គ្រោះជីវិតមនុស្សជាច្រើនទៀត យើងសាទរចំពោះស្រោមអនាម័យ” ។

លោកបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រ សាសន៍ថា “នៅទូទាំងអាស៊ី វប្បធម៌នៃការរើសអើង និងកង្វះការអប់រំ បន្តរារាំងដល់មនុស្សរាប់លាននាក់ពីការទទួលបានស្រោមអនាម័យ។ “ទិវាស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថាយើងត្រូវដោះស្រាយឧបសគ្គទាំងនេះ ជាមួយនឹងការអប់រំយ៉ាងទូលំទូលាយ និងធានាថាស្រោមអនាម័យត្រូវបានចាត់ទុកជាធនធានសុខភាពសាធារណៈដ៏សំខាន់ មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការមនុស្សគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ” ។

ឯកឧត្តមបណ្ឌិតឈឹម ឃិនដារ៉េត  អគ្គលេខាអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ ជាតំណាងឯកឧត្តមទេសរដ្ឋមន្រ្ដីអៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ មានប្រសា​សន៍ថាការស្វែងយល់ជំងឺអេដស៍របស់យុវវ័យមានកម្រិតទាប​ធ្វើឲ្យគាត់ភ្លេចថាអ្វីជាមេរោគអេដស៍ដែលចំណុចនេះហើយជាបច្ច័យមួយធ្វើឲ្យគាត់មានការឆ្លងជាមួយដៃគូ។យើងមានយុទ្ធសាសន៍ផ្សព្វផ្សាយក្នុងការអប់រំដូចជានៅថ្ងៃValentine’s Day ចឹងគឺមានស្ថាប័នក្រសួងអប់រំ ក្រសួងវប្បធ័ម បានចេញសេចក្ដីអំពាវនាវចំពោះយុវវ័យរបស់យើង។ចំពោះអាជ្ញាធរជំងឺអេដស៍ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្ដីអៀង មូលី យើងសហការណ៍ជាមួយដៃគូដើម្បីធ្វើការផ្សព្វ ផ្សាយ គឺផ្សព្វផ្សាយទៅលើយុវវ័យមិនមែនតែមួយថ្ងៃទេ គឺធ្វើជាប្រចាំ តាមសារព័តមានផង ការចុះបណ្ដុះ បណ្ដាលផង រួមទាំងការធ្វើសិក្ខាសាលា កម្មវិធីនានាតាមសាធារណៈ​គឺយើងបានធ្វើជាប្រចាំ។ឯកឧត្តមផ្ដាំទៅយុវវ័យថា«មេរោគអេដស៍ មិនទាន់ចប់ទេ!អីចឹងសូមប្អូនៗ យុវវ័យមានការប្រុងប្រយ័ត្ន»។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ខែកុម្ភៈទិវាស្រោមអនាម័យអន្តរជាតិនាំមកនូវការយល់ដឹងអំពីសារៈសំខាន់នៃស្រោម អនាម័យ និងបញ្ហាសុខភាពផ្លូវភេទសំខាន់ៗដទៃទៀត។ នៅក្នុងយុទ្ធនាការទិវាស្រោមអនាម័យអន្តរជាតិ គឺជាឱកាសដែល យើងទាំងអស់គ្នាបានរំលឹកថាស្រោមអនាម័យមានសុវត្ថិភាពខ្ពស់ សិចស៊ី និងជាអ្នកការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគ     អេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

 គួរបញ្ជាក់ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ ក្នុងប្រទេសចំនួន ៤៨ នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពពីមេរោគអេដស៍/ជំងឺ   អេដស៍ដ៏ធំបំផុតដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក៕

RELATED ARTICLES