ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាកងទព័ជើងទឹកប្រទេសឥណ្ឌាចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង ជានាវាចម្បាំង និង១គ្រឿងទៀតជានាវាឆ្មាំសមុទ្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ខណៈដែលប្រតិភូនាវាឥណ្ឌា ចូលចតដល់កំពង់ផែ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប រួមនិងមន្ត្រីអាជ្ញាធរព្រមទាំងសមត្ថកិច្ចកម្ពុជាមួយចំនួនទៀត បានអញ្ជើញទៅទទួលស្វាគមន៍ផងដែរ។

ប្រធានប្រតិភូនាវាកងទព័ជើងទឹកប្រទេសឥណ្ឌា បានផ្សព្វផ្សាយឱ្យដឹងថា នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន២គ្រឿង ដែលចូលចត ធ្វើទស្សនកិច្ចនៅកម្ពុជា នេះ រួមមាន នាវាទី១-ឈ្មោះ INS SUJATA លេខ P56 ប្រភេទ OPV ដឹកនាំដោយមេបញ្ជាការនាវា វរនាវីទោ ARJUN SEKHAR។ នាវាទីពីរឈ្មោះ ICGS VEERA លេខ 35 ប្រភេទ OPV ដឹកនាំដោយមេបញ្ជាការនាវា វរនាវីទោ RAMESH V TALKE។

មន្ត្រីកងទព័ជើងទឹកកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ប្រតិភូនាវាកងទព័ជើងទឹកឥណ្ឌា នឹងមានជំនួបពិភាក្សាការងារជាមិត្តភាពជាមួយសមភាគីកម្ពុជា ការធ្វើទស្សនកិច្ចនិងមានគម្រោងធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា និងកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីដកស្រង់បទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការកងទព័ជើងទឹកប្រទេសទាំង២ កម្ពុជា-ឥណ្ឌា៕