ខេត្តបាត់ដំបង ៖ មុខសញ្ញាចោរស្រីជើងចាស់ ចំនួន២នាក់ បានប្រព្រឹត្តបទល្មើស ចំនួន២ករណីដាច់ដោយ ឡែកពីគ្នា ក្នុងថ្ងៃតែមួយ ដោយបានចូលទៅប្រើល្បិចយកគ្រឿងអលង្ការ ទៅលក់ រួចបន្លំកាឡៃ ដូរយកមាស ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកមោងប្ញស្សី និងស្រុកថ្មគោល។ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ភេទស្រី និងមានវ័យប្រហាក់ប្រហែលគ្នា ហើយសកម្មភាពប្រព្រឹត្តបទ ល្មើសក៏ដូចគ្នាទៀត ដែលពួកចោរស្រីវ័យចាស់ ទាំង២នាក់នេះ បានប្រើល្បិចយកគ្រឿងអលង្ការ (មាស) ទៅលក់ រួចបន្លំលួចបានលុយរាប់ពាន់ដុល្លារពីជនរងគ្រោះ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ករណីទី១-នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានមុខសញ្ញាស្ត្រីវ័យចំ ណាស់ម្នាក់ បានចូលទៅកាន់តូបលក់គ្រឿងអលង្ការ មួយកន្លែង នៅក្នុងផ្សារមោងប្ញស្សី ស្ថិតក្នុងស្រុកមោងប្ញស្សី ដោយស្ត្រីរូបនោះបានយកខ្សែកមាស ទៅលក់បានលុយ ចំនួន៣ពាន់ដុល្លារ។ ប៉ុន្តែមុននឹងប្រគល់-ទទួលលុយ ចោរស្រីវ័យចំណាស់នោះ បានប្រើល្បិចសុំអ្នកលក់ មើលនេះ មើលនោះ ធ្វើឱ្យអ្នកលក់វិលក្បុង រួចចោរស្រីជើងចាស់ ដៃរហ័សនេះ បានបន្លំយកគ្រឿងកាឡៃដែលខ្លួនរៀបចំជាស្រេច ទៅប្តូរយកគ្រឿងអលង្ការ (មាសសុទ្ធ) ដែលខ្លួនយកទៅលក់ រួចគេចខ្លួនបាត់មួយប៉ប្រិចភ្នែក។

ប្រភពដដែល បន្តថា ក្រោយពីស្ត្រីដៃឆើតគេចខ្លួនបាត់ ជនរងគ្រោះបានពិនិត្យមើលគ្រឿងអលង្ការនោះម្តង ទៀត ទើបដឹងថា ជាកាឡៃ ក៏មានការផ្អើលឆោឡោពេញផ្សារ តែចោរស្រីនោះបានគេចបាត់ទៅហើយ នៅសល់តែភិនភាគនិងសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្នុងផ្សារ។
ដោយឡែក ករណីទី២-កើតឡើងនៅតូបលក់គ្រឿងអលង្ការ មួយកន្លែង ក្នុងផ្សារថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ដោយស្ត្រីសង្ស័យម្នាក់ មានភិនភាគ និងវ័យស្រដៀងគ្នានឹងជនសង្ស័យករណីទី១ បានយកគ្រឿងមាស ទៅលក់ (មាសសុទ្ធ) ឱ្យជនរងគ្រោះ និងបានប្រើវិធី ពង្វក់អ្នកលក់វិលក្បុង រួចយកគ្រឿងកាឡៃ បន្លំប្តូរយកមាសសុទ្ធ ដូចករណីទី១ដែរ ហើយក៏គេចខ្លួនបាត់ដោយសុវត្ថិភាព។

ជុំវិញករណីនេះ លោកសេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ប្រាប់ថា ពិតជាមានអំពើចោរកម្មបែបនេះកើតឡើង នៅផ្សារថ្មគោលមែន ដោយចោរស្រីវ័យចំណាស់នោះ ពាក់មួកនិងពាក់ម៉ាស់ ហើយសកម្ម ភាពជនសង្ស័យបានប្រើល្បិចយកមាសទៅលក់ លុះបានលុយដល់ដៃ ជននេះប្រើល្បិចសុំជនរងគ្រោះមើលគ្រឿងអលង្ការរបស់ខ្លួនម្តងទៀត ក៏ឆ្លៀតឱកាសបន្លំប្តូរជាមួយគ្រឿងកាឡៃ ស្របពេលជនរងគ្រោះមិនបានចាប់អារម្មណ៍។
យ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះ៕