Sunday, February 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីក្នុងផ្ទះ ចោរលួចម៉ូតូបាត់

ផឹកស៊ីក្នុងផ្ទះ ចោរលួចម៉ូតូបាត់

ភ្នំពេញ ៖ យុវជន ១ក្រុម បានជួបជុំគ្នាផឹកស៊ីនៅក្នុងផ្ទះ ដោយចតម៉ូតូ ៣គ្រឿង និងរថយន្ត ១គ្រឿង នៅខាង មុខផ្ទះ លុះក្រោយមកមានជនសង្ស័យ២នាក់ ឃើញឱកាសល្អ ធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង យកទៅបាត់ដោយសុវត្ថិភាព។

ករណីចោរកាច់កម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមសម្តីបុរសរងគ្រោះជាម្ចាស់ម៉ូតូ បានឱ្យដឹងថា ម៉ូតូដែលត្រូវក្រុមជនសង្ស័យកាច់កយកទៅនោះ ម៉ាក Zommer-X ហើយនៅមុនពេលកើតហេតុ ខ្លួនរួមទាំងមិត្តភក្កិផ្សេងទៀត បាននាំគ្នាយកម៉ូតូចតនៅខាងមុខផ្ទះ ចំនួន៣គ្រឿង រួមទាំងរថយន្ត ១គ្រឿងផង ក្នុងនោះម៉ូតូរបស់គាត់បានចតនៅកៀនមុខមាត់ទ្វារផ្ទះបន្តិច ហើយពួកគេនាំគ្នាអង្គុយផឹកស៊ី និងជជែកគ្នាលេងនៅខាងក្នុងផ្ទះ។

ប្រភពដដែល បន្តថា លុះក្រោយមក ពួកគេបានឮសំឡេងម៉ូតូបញ្ឆេះម៉ូតូ ក៏នាំគ្នារត់ចេញពីក្នុងផ្ទះ មកក្រៅ ស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូចេញបាត់ទៅហើយ ក្រោយមកពួកគេបានទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកទីតាំងកើតហេតុជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ និងធ្វើការសាកសួរនរងគ្រោះ រួចបាននាំជនរងគ្រោះទៅប៉ុស្តិ៍នគបាលសង្កាត់អូរបែកក្អម ដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនក្រុមជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់៕

RELATED ARTICLES