ខេត្តប្តាត់ដំបង ៖ ស្ត្រី ចំនួន៤នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ត្រូវបាន កម្លាំងអាវុធហត្ថស្រុកសំពៅលូន ចុះបង្ក្រាប ដោយឃាត់ខ្លួន និងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន សរុបចំនួន២២៧ កញ្ចប់ មានទម្ងន់សរុបជិតកន្លះគីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០ ២៥ នៅត្រង់ចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
ស្ត្រីសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវ៉ន វ៉ិ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ ទី២-ឈ្មោះចុក សុភាព ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។ ទី៣-ឈ្មោះហេង ស្រីនួន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន និងទី៤-ឈ្មោះសយ មាន់ ភេទ ស្រី អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថស្រុកសំពៅលូន ដឹកនាំដោយលោកអនុសេនីយ៍ទោលាង សុខលី មេបញ្ជាការកងរាជអាវុធ ហត្ថស្រុកសំពៅលូន បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
ប្រភពដដែល បន្តថា ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ (ភេទស្រី) និងដកហូតបានវត្ថុតាង រួមមាន ១-ម្ស៊ៅក្រាមពណ៌សថ្លា (ice) ចំនួន២២៧កញ្ចប់ ទម្ងន់ ៤៩,៦ក្រាម។ ២-ថ្នាំគ្រាប់ប្រភេទ WY ចំនួន៤៣គ្រាប់។ ៣-ទូរស័ព្ទដៃ ចំនួន២គ្រឿង។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕