Thursday, February 20, 2025
Homeសង្គម និងជីវិតក្តីស្រមៃនាដការីកម្សត់ សាលី ស្រីមាស មន្ត្រីវប្បធម៌ អំពាវនាវជនរួមជាតិជួយបំពេញ

ក្តីស្រមៃនាដការីកម្សត់ សាលី ស្រីមាស មន្ត្រីវប្បធម៌ អំពាវនាវជនរួមជាតិជួយបំពេញ

ភ្នំពេញ ៖ ស្របពេលដែលកញ្ញាសាលី ស្រីមាស នាដការីរបាំអប្សរា វ័យ២៥ឆ្នាំ ដែលមានទេពកោសល្យ និងមានសម្រស់ស្អាតផូរផង់ ពេលនេះកំពុងធ្លាក់ខ្លួនឈឺខូចក្រៀន (តម្រងនោម) ត្រូវចំណាយថវិកាព្យាបាលជំងឺ លាងឈាមជាប្រចាំ និងចាំបាច់ត្រូវធ្វើការវះកាត់ប្តូរតម្រងនោម ហើយចុងក្រោយនេះ ក្រុមគ្រួសារនាង អស់លទ្ធភាពរកប្រាក់ព្យាបាល ក៏បានប្រកាសលក់ផ្ទះ ខណៈដែលសាច់ញាតិ និងមិត្តភក្ដិរបស់នាដការីវ័យក្មេងរូបនេះ ក៏បានប្រកាសអំពាវនាវដល់សប្បុរសជន ជាពិសេសអ្នកសិល្បៈ ជួយដល់សិល្បការិនីរបាំបុរាណរូបនេះផងនោះ  ២០២៥ មន្ត្រីក្រសួងវប្បធមនិងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ប្អូនជនរួមជាតិទាំងអស់ រួមគ្នាជាធ្លុងមួយ ជួយសង្គ្រោះជីវិតស្រីមាស តាមរយៈចិត្តសន្តោសប្រណី ក្តីអាណិតអាសូរ ជួយបរិច្ចាគថវិកាទោះបីជាតិចក្តី ច្រើនក្តី ដើម្បីជួយបំពេញក្តីស្រមៃនាដការីដ៏កម្សត់រូបនេះ ឱ្យបាននៅរស់រានមានជីវិតបន្ត បម្រើវិស័យសិល្បៈបុរាណខ្មែរ តទៀតផង។ 

លោកបណ្ឌិត ហ៊ឺ វីរៈ មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្បៈ ដេលថ្មីៗនេះ ទើបតែបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខសិល្បការិនីរបាំបុរាណខ្មែរ សាលី ស្រីមាស ដល់គេហដ្ឋាន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “សូមជួយបំពេញក្តីស្រមៃនាដការីដ៏កម្សត់នេះផង! កញ្ញា សាលី ស្រីមាស នាដការីវ័យ ២៤ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ធ្លាប់តែបង្ហាញស្នាមញញឹម កាយវិការរស់រវើក លើកស្ទួយសិល្បៈបុរាណខ្មែរ ប្រែបែរជាមានទឹកមុខស្រពាប់ស្រពោន ខ្លួនប្រាណរីងរៃ ដៃព្យួរសេរ៉ូម បូមឈាមលាងឈាម ជាច្រើនលើកច្រើនសា ដោយសារជំងឺដ៏កាចសាហាវ បណ្តាលឱ្យខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរ ខាងគ្រូពេទ្យណែ នាំឱ្យផ្លាស់ប្តូរតម្រងនោមឆាប់ៗ តាមដែលអាចធ្វើទៅបាន ដើម្បីសង្រ្គោះជីវិតនាង។

ជាក្មេងកំព្រាដែលមានសម្បុកឥតបា កញ្ញា បានតស៊ូនឹងវាសនា ខិតខំព្យាយាមសិក្សា រហូតបានក្លាយជាតួឯកដ៏សំខាន់នៅក្នុងរបាំព្រះរាជទ្រព្យមរតកវប្បធម៌ខ្មែរ ដែលបានសាងស្នាដៃជាច្រើនជូនជាតិមាតុភូមិ ដោយបានចេញទៅសម្តែងសិល្បៈនៅក្រៅប្រទេសជាច្រើន ដូចជាប្រទេសហុល្លង់ សិង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌា និងម៉ិកស៊ីកូ ជាដើម។ សំណល់ជីវិតមួយនេះ កញ្ញា ប្រាថ្នាត្រឹមបានបន្តរស់នៅនឹងគ្នាជាមួយម្តាយមេម៉ាយ ដែលឪពុកបានចាកឆ្ងាយទៅ និងបាននៅបន្តសម្តែងសិល្បៈរបាំដូនតាខ្មែរ ជូនពុកម៉ែ បងប្អូន យាយតា ទស្សនា ទោះបីជាដឹងថា ក្តីសង្ឃឹមនេះតិចតួចយ៉ាងណាក្តី សូមលើកម្រាមដៃដប់ ប្រសព្វផ្គុំ សុំជំនួយជួយជីវិតនាងផង»។

លោកបណ្ឌិត ហ៊ឺ វីរៈ បានសរសេរបន្តថា «តាមការបញ្ជាក់ព័ត៌មានពីក្រុមគ្រួសារ កញ្ញាកើតជំងឺកាចសាហាវប្រភេទនេះ គឺដោយសារកញ្ញា ចូលចិត្តផឹកភេសជ្ជៈដែលមានជាតិផ្អែមច្រើន មិនស្តាប់តាមការណែនាំពីក្រុមគ្រួសារនិងគ្រូពេទ្យ។ នេះជាសារយ៉ាងសំខាន់ដល់សាធារណជនទូទៅ បើចៀសវាងបាន សូមកុំទទួលទានភេសជ្ជៈដែលមានជាតិផ្អែម និងអាហារដែលប៉ះពាល់ដល់សុខភាព ជាពិសេសសូមអំពាវនាវដល់អាណាព្យា បាលសិស្សគ្រប់រូប ត្រូវធ្វើយុទ្ធនាការប្រឆាំងដាច់ខាតនឹងសាលាបណ្តុះបណ្តាលទាំងអស់ ដែលមានលក់ភេស ជ្ជៈនិងអាហារដែលប៉ះពាល់សុខភាពដល់កុមារនិងយុវជន ក៏សូមឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅតាមសាលាទាំងអស់ ត្រួតពិនិត្យ និងរឹតបន្តឹងលើបញ្ហាសំខាន់នេះ»។

លោកបណ្ឌិត ហ៊ឺ វីរៈ បានសរសេរបន្តថា «ជាចុងក្រោយ សុំចិត្តសន្តោសប្រណី ក្តីអាណិតអាសូរ រួមទាំងថវិកា ពីបងប្អូនជនរួមជាតិទាំងអស់ រួមគ្នាជាធ្លុងមួយ ជួយសង្គ្រោះជីវិតនាង ទោះបីជាតិចក្តី ច្រើនក្តី ជួយសម្រេចអភិនីហារថ្មី បំពេញក្តីស្រមៃនាដការីដ៏កម្សត់ម្នាក់នេះ ឱ្យបាននៅរស់រានមានជីវិតបន្តទៀតផង។ ល្បីថាខ្មែរយើង មានអ្នកចេះវេទមន្តច្រើន តាំងពីបុរាណមក ពីមុនដូចជាមិនសូវជឿលើវេទមន្តទេ ប៉ុន្តែពេលនេះ ខ្ញុំគិតថា ប្រជាជនខ្មែរ ពិតជាមានវេទមន្តដ៏អស្ចារ្យ អាចជបនិងជួយមនុស្សបាន ត្រឹមរួមគ្នាបរិច្ចាគថវិកាម្នាក់បន្តិច តាមធនធាន នោះវេទមន្ត នឹងប្រាកដឡើង អាចជួយសង្គ្រោះជីវិតមនុស្សបានមែន»។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខសិល្បការិនីរបាំបុរាណខ្មែរ កញ្ញា សាលី ស្រីមាស ដោយមានជំងឺជាតិពុលឡើងខ្ពស់ បណ្តាលឱ្យខូចតម្រងនោម (ក្រលៀន) យ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន យុវតីសាលី ស្រីមាស កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយត្រូវការប្រើប្រាស់ថវិកាជាច្រើនក្នុងការផ្លាស់ប្ដូរតម្រងនោមថ្មី។ ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថវិកាមួយចំនួន របស់លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។

ការអញ្ជើញជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកគ្រូ ហ៊ឹម ណាឡា សាស្ត្រាចារ្យរបាំបុរាណខ្មែរ កញ្ញា មៀន សុវណ្ណា និងកញ្ញា ចិន្តា ពៅអាទិត្យទេវី មន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ឺ វីរៈ បានសាកសួរអំពីស្ថានភាពជំងឺ និងបានជំរុញលើកទឹកចិត្តដល់យុវតី សាលី ស្រីមាស ឱ្យខំប្រឹងតស៊ូជម្នះលើជំងឺដ៏កាចសាហាវមួយនេះ ឱ្យវិវត្តន៍ប្រែក្លាយមកជាសះស្បើយដូចដើមវិញ។ លោកបណ្ឌិត នឹងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា ឱ្យបានថវិកាគ្រប់ចំនួន យកមកព្យាបាលជំងឺរបស់នាដការីកម្សត់រូបនេះ ឱ្យឆាប់ជាសះស្បើយឡើងវិញ ដើម្បីបន្តចូលរួមថែរក្សា ការពារ អភិរក្ស និងលើកស្ទួយនូវសិល្បៈវប្បធម៌ខ្មែរ ក្នុងនាមជាសិល្បការិនីរបាំបុរាណដ៏ឆ្នើមមួយរូប។

ជាការឆ្លើយតប កញ្ញា សាលី ស្រីមាស បានថ្លែងអំណរគុណលោកស្រីបណ្ឌិត ភឿង សកុណា និងលោកបណ្ឌិត ហ៊ឺ វីរៈ ជាតំណាង ដោយក្តីគោរព ដែលបានអញ្ជើញចុះមកសួរសុខទុក្ខមើលស្ថានភាពជងឺរបស់នាងដោយផ្ទាល់ និងបាននាំថវិកាមួយចំនួនមកផ្តល់រូបនាងផ្ទាល់។ កញ្ញាដែលកំពុងតែសម្រាកព្យាបាលជំងឺ សូមអរគុណចំពោះទឹកចិត្ត អាណិតអាសូរ ក្តីមេត្តា ការអនុគ្រោះដ៏ខ្ពង់ខ្ពស់ពីលោកស្រីបណ្ឌិតរដ្ឋមន្ត្រី និងលោកបណ្ឌិត ដែលផ្តល់នូវការលើកទឹកចិត្ត ជួយសង្គ្រោះដល់នាង ធ្វើឲ្យនាងមានកម្លាំងចិតខិតខំតស៊ូរឹងមាំ មើលថែ ព្យាបាលជំងឺខ្លួនឯងបន្តទៅមុខទៀត។

 ជាចុងក្រោយ កញ្ញា សាលី ស្រីមាស បានលើកម្រាមដៃដប់ប្រណម សំពះអរគុណជាថ្មីម្តងទៀតចំពោះការអាណិតដល់រូបនាងជាជាសិល្បការិនីបុរាណ និងសូមជូនពរលោកស្រីបណ្ឌិតរដ្ឋមន្ត្រី លោកបណ្ឌិត ព្រមទាំងបងប្អូនជនរួមជាតិ និងមិត្តភក្តិទាំងអស់ ជួបតែសេចក្តីសុខចម្រើន ចៀសផុតពីជំងឺទាំងពួង៕ ខៀវទុំ

RELATED ARTICLES