Thursday, February 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុ.../តជញ្ជ្រាំងស្រូវចាប់កណ្តុរ រាលឆេះ៨០​ហិកតារ

ដុ…/តជញ្ជ្រាំងស្រូវចាប់កណ្តុរ រាលឆេះ៨០​ហិកតារ

ខេត្តបាត់ដំបង ៖ ជញ្ជ្រាំងស្រូវ នៅក្នុងស្រែ ស្ថិតលើផ្ទៃដីប្រមាណ ៨០ហិកតារ ត្រូវបានភ្លើងឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច សហការគ្នាពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់​ផង និងកាច់មែកឈើវាយពន្លត់ផង ខណៈដែល មូលហេតុ ត្រូវគេសង្ស័យថា អាចបណ្តាលមកពីក្មេងៗដុតជញ្ជ្រាំងស្រូវ ដើម្បីចាប់កណ្តុរ។

ហេតុការណ៍ភ្លើងឆេះជញ្ជ្រាំងស្រូវនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិក្រឡាញ ឃុំកំពង់ព្រះ ស្រុកសង្កែ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មិនទាន់ដឹងពីមូលហេតុដែលមានឱ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ តែវាបានចាប់ផ្តើមដំបូងឆេះជញ្ជ្រាំងក្នុងស្រែ ដែលកសិករច្រូតរួចហើយ។ នៅក្នុងគ្រោះអគ្គិភ័យភ័យនេះ កម្លាំងជំនាញអធិការដ្ឋានស្រុកសង្កែ និងកម្លាំងការិយាល័យពន្លត់អគ្គិភ័យ បានចេញកម្លាំងនិងរថយន្តពន្តត់អគ្គិភ័យ ចំនួន២គ្រឿង ជួយអន្តរាគមន៍ភ្លាមៗ ខណៈភ្លើងបាននិងកំពុងឆេះរាលដាលពាសពេញវាលស្រែ។ប្រភពដដែល បន្តថា កម្លាំងសមត្ថកិច្ច បានព្យាយាមបាញ់ទឹកទប់ស្កាត់និងពន្លត់ រីឯកម្លាំងសមត្ថកិច្ចមួយចំនួនទៀត ជាមួយប្រជាពលរដ្ឋផង បានព្យាយាមប្រើកម្លាំង កាច់មែកឈើវាយពន្លត់ភ្លើង ដែលកំពុងឆេះរាលដាលទៅកន្លែងដទៃទៀត រហូតពន្លត់រលត់ទាំងស្រុង។

តាមការបញ្ជាក់ពីសមត្ថកិច្ច ករណិអគ្គិភ័យនេះ អាចជាបណ្តាលមកពីក្មេងៗជាអ្នកដុតលេង ឬដុតចាប់កណ្តុរតាមដំបូក ឬស្រែ ខណៈអាកាសធាតុក្តៅ ទើបបង្កជាអគ្គិភ័យឆេះរាលដាល បែបនេះតែម្តង។

សមត្ថកិច្ចស្រុកសង្កែ បានឱ្យដឹងថា តាមការប៉ាន់ប្រមាណ អគ្គិភ័យខាងលើនេះ បានឆេះរាលដាលជញ្ជ្រាំងស្រូវ អស់ប្រមាណ ៨០ហិកតារ តែមិនប៉ះពាលដល់ដំណាំ ឬឆេះរាលឆ្លងចូលដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិទេ ដោយសារសមត្ថកិច្ចនិងប្រជាពលរដ្ឋ បានពន្លត់ និងទប់ស្កាត់បានទាន់ពេល៕

RELATED ARTICLES