ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ជាថៅកែក្រុមហ៊ុននាំចូលនិងស្តុកទឹកឃ្មុំក្លែងក្លាយ ប្រមាណជិត២០តោន ដាក់ពន្ធនាគារព្រៃស (ម២) ជាបណ្តោះ អាសន្ន ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញ។

ស្ត្រីសង្ស័យដែលត្រូវបានតុលាការសម្រេចឃុំខ្លួន មានឈ្មោះង្វៀង ធីថាញ់ធៀន (NGUYEN THI THANH THIEN) ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរជានាយកក្រុមហ៊ុន CHAN HONEY មានកន្លែងកំណើតនៅប្រទេសវៀតណាម។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ឈ្មោះង្វៀង ធីថាញ់ធៀន ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យ ពីបទក្លែងបន្លំដើមកំណើតទំនិញ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង មុខក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.LTD ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ១៣ និងមាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។

យោងតាមមាត្រា៣១ ការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ បុគ្គលទាំងឡាយណាប្រព្រឹត្តអំពើផ្ទុយនិងមាត្រា ១៣ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី១០លាន ទៅ៤០លានរៀល ។

គួរបញ្ជាក់ថា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់ ឈ្មោះ NGUYEN THI THANH THIEN ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយជាប់ពាក់ព័ន្ធការនាំចូលនិងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត ២០តោន។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ ដោយលោកឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO, LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុកទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។

តាមរយៈការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំ សរុបចំនួន១៣០ធុង ដែលមានទម្ងន់សរុប ១៩ ៨៩០គីឡូក្រាម (ជិត២០តោន)។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់ អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុន រួចធ្វើការបិទឃ្លុំបេ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម រួមនិងបុគ្គលពាក់ ព័ន្ធ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។ចុងក្រោយ ចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់និងឃុំខ្លួនស្ត្រីជាម្ចាស់ក្រុមហ៊ុន ឈ្មោះង្វៀង ធីថាញ់ធៀន ពីបទក្លែងបន្លំដើមកំណើតទំនិញ៕


