ខេត្តកណ្តាល ៖ ផ្ទះ ១ខ្នង រួមទាំងទ្រព្យសម្បត្តិទាំងអស់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុបណ្តាលមកពីការឆ្លងចរន្ត (ទុស្សេខ្សែភ្លើង) ម៉ាស៊ីនបោកគក់ បង្កជាអគ្គិភ័យ និងត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានធុំក្លិនឈ្ងៀម និងឃើញមានផ្សែងខ្មៅហុយចូលផ្ទះរបស់ពួកគាត់ លាយអណ្តាតភ្លើង។ ភ្លាមៗគាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយសារមានផ្សែង ច្រើន លាយនឹងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ។ ភ្លាមៗគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញអន្តរាគមន៍ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកណ្តាល ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងអង្គរក្ស ចំនួន១គ្រឿង បាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទាំងស្រុង។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ហេតុការណ៍អគ្គិភ័យនេះ បានបង្កការខូចខាត រួមមាន ផ្ទះល្វែង ១ខ្នង ជាន់ផ្ទាល់ដី (ឆេះស្ទើរទាំងស្រុង) និងម៉ូតូ ចំនួន៣គ្រឿង កង់ ចំនួន១គ្រឿង ម៉ាស៊ីនដេរ ចំនួន៤គ្រឿង ម៉ាស៊ីនបោកខោអាវ ចំនួន១គ្រឿង កង្ហារ ចំនួន១គ្រឿង គ្រែ ពូក សាឡុង ១ឈុត និងសម្ភារៈមួយចំនួន។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ម៉ាស៊ីនបោកគក់ខោអាវ៕

