Sunday, September 8, 2024
Homeតារាខ្មែរខាន់ ជេមស៍ សារភាពមានគូជីវិតហើយ

ខាន់ ជេមស៍ សារភាពមានគូជីវិតហើយ

ខាន់ ជេមស៍ ជាតារាចម្រៀងខ្លាំងទាំង៣ របស់ផលិតកម្មសាន់ដេ មានខេមរៈសិរីមន្ដ និងឆាយ វីរៈយុទ្ធ ដែលពេលនេះកំពុងតែប្រជែងគ្នាដ៏ខ្លាំងក្លាលើទ្រនំតែមួយ តែលោកជេមស៍ មិនអាចលេចធ្លោដាច់គេ ដូចកាលនៅផលិតកម្ម Rock បានឡើយ ព្រោះសិរីមន្ដ និងវីរៈយុទ្ធ ក៏មិនធម្មតាដែរនោះ។

តាមក្រុមអ្នកជំនាញសិល្បៈបានឲ្យដឹងថា ខាន់ ជេមស៍ សមត្ថភាពមិនអន់ជាងខេមរៈ សិរីមន្ដ ឬឆាយ វីរៈយុទ្ធ ឡើយ តែកន្លងមក តារារូបនេះមិនអាចយកលេខមួយបាន ដោយសារតែការធ្វើបទចម្រៀងមិនត្រូវ ដូចកាលនៅ Rock ។

ក្នុងជំនួបផ្ទាល់ជាមួយលោកខាន់ ជេមស៍ កាលពីពេលថ្មីៗនេះ អតីតតារា Rock រូបនេះ បានអះអាងថា ខ្លួនមានការសប្បាយចិត្ត ដែលពេលនេះ មានការងារសិល្បៈច្រើននៅរដូវក្ដៅនេះ ចំណែករឿងថា សាន់ដេ មានតារាប្រុសខ្លាំងដល់ទៅ៣នាក់នោះ ជាការធម្មតាមិនមានការប្រជែងគ្នាឡើយ។

ខាន់ ជេមស៍ រៀបរាប់ថា ”ខ្ញុំបានទទួលច្រៀងឲ្យក្រុមហ៊ុនច្រើននៅឆ្នាំនេះ ហើយទទួលបានតម្លៃខ្លួនគួរសម គឺជិត២ពាន់ដុល្លារ ក្នុង១កម្មវិធី តែដោយសាររដូវក្ដៅមិនទាន់ចប់អីចឹង ខ្ញុំមិនអាចទាន់អាចកំណត់បានថា ឆ្នាំនេះបានប្រាក់ចំណូលបានប៉ុន្មានទេ។ ចំពោះការនៅសាន់ដេ ខ្ញុំនិងលោកសិរីមន្ដ លោកវីរៈយុទ្ធ មិនមានការប្រកួតប្រជែងគ្នាទេ គឺជាករប្រឹងរៀងៗខ្លួនប៉ុណ្ណោះ ហើយពួកយើងក៏មិនដែលមានបញ្ហាអីជាមួយគ្នាដែរ”។

ក្រៅពីអាជីពចម្រៀង ខាន់ ជេមស៍ បានបើកហាងស្ទូចបង្កងមួយ នៅទួលគោក តែមិនសូវដំណើរការល្អឡើយ ព្រោះហាងនោះតម្រូវលើភ្ញៀវដែលកាលីបៗ  ទើបភ្ញៀវធម្មតាៗមិនហ៊ានចូល។

ខាន់ ជេមស៍ ជាតារាដែលមានស្នេហ៍អាថ៌កំបាំងជាច្រើនឆ្នាំមកហើយ ដោយតាមប្រភពថា តារាសំឡេងក្រអួនក្រអៅរូបនេះ មានប្រពន្ធកូន២នាក់ទៅហើយ គឺដូចលោកខេមរៈ សិរីមន្ដ​និងឆាយវីរៈយុទ្ធ ដែរ តែលោកជេមស៍ មិនដែលហ៊ានលាតត្រដាងរឿងម្ចាស់ចិត្តនោះឲ្យបានច្បាស់លាស់ឡើយ គឺប្រឹងលាក់ដូចសិរីមន្ដ និងវីរៈយុទ្ធ ដែរ។

ខាន់ ជេមស៍ ព្រមសារភាពនិយាយលាយឡំសំណើចថា ”ខ្ញុំមានគូជីវិតហើយបង! តែខ្ញុំមិនទាន់បានធ្វើពិធីអីធំដុំ (រៀបការ) ដូចគេទេ ដោយសារជាប់រវល់ពេក។ ចំពោះហាងបង្កងនោះ ខ្ញុំបើកបាន៧ខែមកហើយ ឥឡូវនៅអត់ទាន់ដំណើរការល្អមែន ដោយសារតែរើសភ្ញៀវបន្ដិច តែយើងនឹងកែប្រែឆាប់ៗនេះ ដើម្បីឲ្យល្អជាងនេះ”៕

RELATED ARTICLES