Friday, February 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីឈ្លោះគ្នា ដុ.../តផ្ទះចោល

ផឹកស៊ីឈ្លោះគ្នា ដុ…/តផ្ទះចោល

ភ្នំពេញ ៖ បន្ទប់ជួលរបស់ប្រជាពលរដ្ឋ ចំនួន៣បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យខូចខាតអស់ទាំងស្រុង ដោយមូលហេតុត្រូវបានប្រជាពលរដ្ឋអះអាងថា បណ្តាលមកពីជនសង្ស័យម្នាក់ កើតមានជម្លោះ ពាក្យសម្តីជាមួយអ្នកជិតខាង រួចធ្វើសកម្មភាពដុតផ្ទះចោល ធ្វើឱ្យកើតមានអគ្គិភ័យឆាបឆេះ និងផ្អើលដល់សមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ចំនួន១០ឡាន។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៦១៤ តាមផ្លូវលំ ភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ បានអង្គុយផឹកស៊ី រួចក៏កើតមានជម្លោះពាក្យសម្តីជាមួយអ្នកជិតខាង ស្រាប់តែក្រោយមក ជនសង្ស័យបានធ្វើសកម្មភាពដុតផ្ទះ ធ្វើឱ្យកើតមានអគ្គិភ័យឆាបឆេះឡើងតែម្តង និងផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ឱ្យដឹងបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿង ក្នុងនោះរួមមាន រថយន្ត ពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប។ រថយន្តជំនួយមកពីកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ សរុបប្រើប្រាស់ទឹកបាញ់ពន្លត់អស់ ១០ឡាន ស្មើនឹង ៤២ម៉ែត្រគូប។

ចំពោះប្រភេទផ្ទះរងគ្រោះនេះ គឺថ្មប្រក់ស័ង្កី ទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់ជួល ទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ ចំនួន៣បន្ទប់ រួមទាំងសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង។ ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៦និង២០នាទីព្រលប់ថ្ងៃដដែល។ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។ គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ករណីបង្កជាអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីមនុស្សដុត ហើយជនសង្ស័យដែលបានដុតផ្ទះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES