ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ បានតខ្សែភ្លើងនៅក្នុងផ្ទះដោយខ្លួនឯង លុះដោយ មិនមានជំនាញគ្រប់គ្រាន់ ទើបបណ្តាលឱ្យឆ្លង ចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពី វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
បុរសរងគ្រោះដែលតភ្លើងខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់រូបនេះ មានឈ្មោះប្រាក់ វៃ អាយុ ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
តាមសម្តីកូនស្រីរបស់ជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុក របស់នាង (ជនរងគ្រោះ) បានរៀបចំតបណ្តាញ ភ្លើងនៅក្នុងផ្ទះ ដើម្បីប្រើប្រាស់ ប៉ុន្តែឪពុករបស់ នាងមិនមានជំនាញខាងអគ្គិសនីអ្វីនោះទេ គឺ គ្រាន់តែចេះបន្តិចបន្តួច តាមទម្លាប់ប៉ុណ្ណោះ។ ដំបូងឡើង ក្រុមគ្រួសារបានប្រាប់ថា គួររកជាង ភ្លើងមកតឱ្យវិញ តែឪពុកមិនព្រម ដោយគាត់ សំអាងថា អាចតខ្លួនឯងបានមិនអីទេ។
ប្រភពដដែលបន្តថា លុះពេលកំពុងតភ្លើង សុខៗសង្ស័យខុសបច្ចេកទេស ក៏ស្រាប់តែឪពុក របស់នាង ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យដួល នៅក្នុងផ្ទះ សន្លប់បាត់មាត់បាត់ក។ ភ្លាមនោះ ក្រុមគ្រួសារក៏ប្រញាប់ដឹកបញ្ជូនឪពុកទៅកាន់ មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ជីវិតភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់ ពាក់កណ្តាលផ្លូវ ឪពុករបស់នាង ក៏ដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម ទើបក្រុមគ្រួសារ សម្រេចដឹកសពត្រឡប់មកផ្ទះវិញ រួចរាយ- ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យិនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើង ឆក់ស្លាប់ ប្រាកដមែន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕
អ៊ុំ ណូន