ភ្នំពេញ ៖ បុរសជាអ្នកបកប្រែភាសាវៀតណាមម្នាក់ ដាច់យ៉ៃខ្លាំង បែកគំនិតធ្វើសកម្មភាពឆក់ខ្សែកមាសរបស់ស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូកង់បី ជាមួយប្តីនិងកូន តែមិនបានសម្រេច ត្រូវជនរងគ្រោះទាញបានមកវិញ បណ្តា លឱ្យដួលម៉ូតូ និងត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់ខ្សែកនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡុង ឆៃរតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាវៀតណាម ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះឯក តូច ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិធ្លក ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំពោះខ្សែកដែលជនសង្ស័យឆក់នោះ ជាខ្សែកមាស ទម្ងន់ប្រហែល ៥ជី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បី ជាមួយប្តីនិងកូនស្រីតូចម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-8708 ធ្វើដំណើរមកពីក្រោយបានធ្វើសកម្មភាពឆក់ទាញយកខ្សែករបស់ជនរងគ្រោះ តែភ្លាមនោះ ជនរង គ្រោះដឹងខ្លួនទាន់ ស្រវាទាញមកវិញ បណ្តាលឱ្យដាច់ជាកំណាត់ៗ និងធ្វើឱ្យជនសង្ស័យដួលម៉ូតូ ហើយភ្លាម នោះ ប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំគ្នាំឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

