ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសុខ ទូច ត្រូវបានកម្លាំងនគរបាលឃាត់រថយន្ត ពិនិត្យជាតិអាល់កុល កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតកើតជាជម្លោះពាក្យសម្តី ដោយលោកបណ្ឌិតសុខ ទូច អះអាងថា ក្នុងនាមជាប្រពលរដ្ឋម្នាក់ លោកគោរពច្បាប់ យល់ព្រមទទួលស្គាល់កំហុសថាលោកបានទទួលសា្របៀរមួយកំប៉ុង នៅមុនពេលប៉ូលិសឃាត់ត្រួតពិនិត្យ តែអ្វីដែលលោកខឹងច្រ ឡោត មិនអាចទប់អារម្មណ៍បាន គឺនៅពេលលោកសុំដូរទុយោថ្មី ដើម្បីសុវត្ថិភាពសុខភាព កុំឆ្លងរោគ ប៉ូលិសបែរជាគំហកឲ្យលោកថា “អ្ហែងស្អី បញ្ជាកងកម្លាំង?” ។ ចំណែកខាងសមត្ថកិច្ច បានបំភ្លឺថា លោកបណ្ឌិតសុខ ទូច ជាអ្នកប្រើកាយវិការនិងពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ច និងមិនព្រមសហការផ្លុំជាតិអាល់កុល ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះចែករំលែកវីដេអូនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ស្ដីពីសកម្មភាពសមត្ថកិច្ចប៉ូលិសចាប់ឃាត់រថយន្តរបស់លោក ដើម្បីត្រួតពិនិត្យជាតិកុល នៅពេលរាត្រី ក្នុងពេលលោកបានចេញពីកន្លែងទទួល អាហារ បន្ទាប់ពីហត់នឿយក្នុងការចុះទៅបំពេញបេសកកម្មនៅតាមខេត្ត ។ នៅក្នុងវីដេអូនោះ លោកបណ្ឌិតសុខ ទូច ចង់បញ្ជាក់ថា លោកមិនខ្លាចឲ្យសមត្ថកិច្ចចាប់ផ្លុំជាតិអាល់កុលទេ ព្រោះលោកទទួលទានស្រាបៀរ អស់តែមួយកំប៉ុងប៉ុណ្ណោះ អ្វីដែលធ្វើឲ្យខឹង និងកើតជាជម្លោះជាមួយសមត្ថកិច្ចប៉ូលិស ដោយសារតែសមត្ថកិច្ចបានប្រើពាក្យសម្តីមិនសមរម្យមកលើរូបលោក នៅពេលរូបលោកសុំដូទុយោថ្មី មិនផ្លុំទុយោដែលមាត់អ្នកមុនៗ ដើម្បីបង្ការឆ្លងរោគ។ ក្នុងន័យនេះ លោកសុខ ទូច បញ្ជាក់ថា លោកមិនបំណងបង្គាប់បញ្ជាសមត្ថកិច្ចនោះទេ តែសមត្ថកិច្ចបែរជាចោទលោកថា បញ្ជាកងកម្លាំង ហើយថែមទាំងពាក្យ “អ្ហែង” មកកាន់លោក ដែលជាឧត្ដមមន្រ្តីមួយរូប ធ្វើឲ្យលោកមិនអាចទទួលយកបាន ទើបលោកបានចែករំលែកវីដេអូដែលគេថតបាន និងផ្ញើឲ្យលោកនេះ ដោយភ្ជាប់ជាមួយសំណេរថា “នេះជាសកម្មភាពពេលដែលខ្ញុំច្រលោតហើយ ក្រោយពេលហៅខ្ញុំ អាផង អ្ហែងផង“ ។

បន្ថែមលើសំណេរបញ្ជាក់ពីសកម្មភាពនាំឲ្យខឹងច្រឡោតខាងលើនេះ លោកបណ្ឌិតសុខ ទូច ក៏បានសរសេររៀបរាប់ពីដំណើរដើមទងនាំឲ្យកើតរឿងរ៉ាវនៅយប់នោះ ក្នុងទំព័រហ្វេសប៊ុក ដដែលថា “ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្ត ប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបប៊ីយែរ មួយកំប៉ុងប៉ុណ្ណោះ ដើម្បីរំសាយការហត់នឿយ។ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយ ទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះ នៅបាសិត។ នៅតាមផ្លូវមកផ្ទះ បានជួបសមត្ថ កិច្ចអនុវត្តច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាន និងឲ្យខ្ញុំផ្លុំវាស់កម្រិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដែលមាត់របស់អ្នកចាស់ ឆ្លងរោគ។ ផ្ទុយទៅវិញ គេគំហកថា អ្ហែងស្អី បានមកបញ្ជាកងកម្លាំង? ខ្ញុំកំពុងតែហត់នឿយផង ឮបែបនេះ ខ្ញុំទប់មិនជាប់ ក៏ឆេវឆាវ កើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំ ចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុល ដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ ឲ្យខ្ញុំផ្លុំម្តងទៀត តែក្រោយនេះ ខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថា បើខ្ញុំខុស ចង់ដាក់ខ្នោះខ្ញុំ ដាក់ទៅ! កាយវិការច្រលោត ព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថា ខ្ញុំសុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថា ស្រវឹងជោកជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯង ជាង៦០០គីឡូម៉ែត្រ និងមានបញ្ហាភ្នែកស្ងួត លុបមុខ ញីភ្នែកជាច្រើនដង ហត់នឿយជាប់ មិនមានបានសម្រាក។ មានប៉ូលិស ដៀលខ្ញុំធ្វើដល់បណ្ឌិត ចរិតអ៊ីចឹង។ ខ្ញុំជាពលរដ្ឋម្នាក់ បើខ្ញុំខុស ខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កម្រិតដែលបង្កបញ្ហាផង តើឲ្យខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំឲ្យគ្រួសារខ្ញុំថតវិញ គេមិនឲ្យថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ។ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថា ផ្ទះខ្ញុំឆ្ងាយ គេមិនដឹកទេ។ ក្រោយមក ទើបមានកង់បីមួយទៀត ព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះ គេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយ ដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ“ ។

ក្រោយពីបានឃើញការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ដូចខាងលើនេះ បានធ្វើឲ្យមានការលើកឡើងយ៉ាងផុសផុលពេញបណ្តាញសង្គម ដែលភាគច្រើននៃការលើកឡើងរបស់មជ្ឈដ្ឋានតាមដានបណ្ដាញសង្គមទាំងនោះ ឲ្យតម្លៃលោកបណ្ឌិត សុខ ទូច មានសីលធម៌ល្អជាងសមត្ថកិច្ច ។
លោកបណ្ឌិត គិន ភា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា បានចូលទៅសរសេរខម្មិនក្នុងវីដេអូដែលលោកបណ្ឌិត សុខ ទូច បានបង្ហោះខាងលើនោះថា «ល្មមដល់ពេលវេលាដែលត្រូវព្យាបាលដំបៅសង្គមនេះហើយ!
បញ្ហាសង្គមយើងបច្ចុប្បន្ន ប្រៀបដូចជាដំបៅដែលកើតនៅលើសារពាង្គកាយយើង គឺនៅកើតលើអវៈយវៈនិងដងខ្លួនទាំងមូល។ បើមិនព្រមព្យាបាលដំបៅសង្គមនេះទេ ថ្ងៃណាមួយ រាងកាយទាំងមូលនឹងស្លាប់។ កុំមើលងាយកមរមាស់ បើវាកើតពេញដងខ្លួន ក៏វារំខានអ្នកមិនអាចសម្រាកបានដែរ នោះមិនទាន់គិតដល់ដំបៅងារដែលមានជាច្រើនកន្លែងផង។
សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ពួកគេមិនមានការគួរសមផង ចុះទម្រាំងប្រជាពលរដ្ឋធម្មតា តើឥរិយាបថពួកគេបែបណា?
ដើម្បីប្រកែកយកឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះសកម្មភាពកន្លែងកើតហេតុ ដោយគ្មានក្រមសីលធម៌ ហើយបង្ហោះតែមួយកំណាត់ ដែលគិតថាខ្លួនមានប្រៀប។
សកម្មភាពរបស់នគរបាលចរាចរណ៍បែបនេះ មិនបង្ហាញពីការអនុវត្តក្រមសីលធម៌ សីលធម៌ និងវិជ្ជាជីវៈទេ។ ពួកអស់លោកកំពុងតែរុញឱ្យរាជរដ្ឋាភិបាល បាក់មុខ ក្រសួងមហាផ្ទៃ បាក់មុខ អគ្គស្នងការដ្ឋាននគរបាលជាតិ បាក់មុខហើយ។
សូមអស់លោកទៅសម្ភាសន៍ប្រជាពលរដ្ឋទៅ មានប៉ុន្មានភាគរយដែលគិតថា នគរបាលចរាចរណ៍ បំពេញការងារប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌នោះ?
សូមកុំរុញឱ្យខ្លោច រោចឱ្យឆៅ!»។

ចំណែលោក សយ សុភាព អ្នកកាសែតជើងចាស់ម្នាក់ និងជាមន្រ្តីរាជរដ្ឋាភិបាល បានស្នើមេបញ្ជាការអង្គភាព គួរមានការណែនាំបុគ្គលជាសមត្ថកិច្ចដែលមានអាកប្បកិរិយាមិនល្អ លើលោកបណ្ឌិត សុខ ទូច ដែលជាអ្នក ចេះដឹង ឱ្យយល់ដឹងពីរបៀបរបបការងារ ដើម្បីកុំឲ្យខូចដល់កងកម្លាំងមានសមត្ថកិច្ច ។ ជាពិសេសលោកថា ភ្នាក់ងារមានសមត្ថកិច្ចជំនាន់មុន មិនដែលមានអាកប្បកិរិយាដាក់អ្នកចេះដឹង ឬមន្ត្រីមានកិត្តិយស និងបណ្ឌិតបែបនេះទេ ។
លោក សយ សុភាព បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “ទោះបីបងៗភ្នាក់ងារមានសមត្ថកិច្ចជំនាន់មុន ក៏មិនដែលមានអកប្បកិរិយាបែបនេះដាក់អ្នកចេះដឹង ឬមន្ត្រីមានកិត្តិយស និងបណ្ឌិតបែបនេះដែរ។ ហេតុអីពេលនេះ បែរជាអញ្ចឹងទៅវិញ? សូមមេបញ្ជាការអង្គភាព គួរមានការណែនាំបុគ្គលជាសមត្ថកិច្ច ឱ្យយល់ដឹងពីរបៀបរបបការងារ។ សុំទោស! ខ្ញុំមិនចង់មានយោបល់ទេ តែលោកបណ្ឌិត សុខ ទូច ជាឥស្សរជនរបស់ជាតិ មួយរូប ដែលត្រូវគោរព ហើយលោកបណ្ឌិត ជាឧត្តមមន្ត្រីជាន់ខ្ពស់ ដែលឡាយព្រះហស្តដោយព្រះរាជក្រឹត្យ តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល។ ម៉្យាងនេះមិនមែនជាបទលើ្មសព្រហ្មទណ្ឌទេ ត្រឹមតែជាបទលហុ ។ សូមមេបញ្ជាការ នៃស្ថាប័នមានសមត្ថកិច្ចផ្ទាល់ មេត្តាពិនិត្យឡើងវិញ និងកែសម្រួលរបៀបរបបការងារ។ គួររៀនសូត្រតាមរៀមច្បង“ ។
ទោះបីយ៉ាងណា បន្ទាប់ពីមានការលើកឡើងតាមបណ្តាញសង្គម យ៉ាងផុសផុល លើករណីត្រួតពិនិត្យជាតិស្រវឹងលើរូបលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចអញ្ជើញលោកបណ្ឌិត សុខ ទូច និងសមត្ថកិច្ចពាក់ព័ន្ធ ចូលមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីព័ត៌មាននេះ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃដដែលនោះថា “តាមបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច ដោយឯកឧត្តមស្នងការ បានឲ្យការិយាល័យបុគ្គលិក អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍ គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយឲ្យលោកស្នងការរង ផែនការងារនគរបាលចរាចរណ៍ និងលោកស្នងការរង ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយចោទប្រកាន់មកលើសមត្ថកិច្ចថា បានប្រើពាក្យមិនសមរម្យចំពោះគាត់“ ។
ជាមួយគ្នានោះដែរ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោង១១និង៣១នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវភ្នំពេញ-ហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី នោះផងដែរ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបំភ្លឺថា “នៅវេលាម៉ោង ១១និង៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញ-ហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្តមួយគ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 បានធ្វើដំណើរក្នុងរថយន្ត មានគ្នា២នាក់ (ប្រុស ០១នាក់ ស្រី ០១នាក់) ឆ្លងកាត់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចខាងលើ ខណៈនោះសមត្ថកិច្ចបានឃាត់រថយន្តនេះឱ្យអ្នកបើកបរចូលមកសហការជាមួយសមត្ថកិច្ច ត្រួតពិនិត្យជាតិស្រវឹង“ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បំភ្លឺបន្តថា “បន្ទាប់មក សមត្ថកិច្ចបានឃើញអ្នកបើកបរ ចុះមកសហ ការជាមួយសមត្ថកិច្ច ដោយសមត្ថកិច្ចនៅគោលដៅនោះ មិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ នៅពេលនោះ គាត់មានកាយវិការនិងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។ បន្ទាប់មក គាត់បានយល់ព្រមផ្លុំខ្យល់ ៤ទៅ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះ មិនដល់កម្រិតខ្យល់ ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាង ទាញកញ្ឆក់ម៉ាស៊ីនផ្លុំខ្យល់ ពីដៃសមត្ថកិច្ច ដោយចោទថា ដាក់បំពង់ផ្លុំខ្យល់ចាស់ ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថា បំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយ ប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយ យកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់ (អា) ទៅវិញ និងចោទថា ប្រើប្រាស់កាយវិការមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ច ស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល “។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្តទៀតថា “បន្ទាប់មក គាត់ (លោកបណ្ឌិត សុខ ទូច) បានរើយកអីវ៉ាន់ វ៉ាលស និងសម្ភារៈ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង។ បន្ទាប់មក សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ“ ៕ កុលបុត្រ