Friday, February 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចតឡានមុខវិមានរដ្ឋសភា ភ្លើងឆេះ.../២គ្រឿង

 ចតឡានមុខវិមានរដ្ឋសភា ភ្លើងឆេះ…/២គ្រឿង

ភ្នំពេញ ៖ រថយន្តតូយ៉ូតា ព្រូស ១គ្រឿង ចតចោលសុខៗ ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាតទាំងស្រុង និងរាលឆេះរថយន្ត ១គ្រឿងទៀតដែលចតក្បែរគ្នា។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខរដ្ឋសភា ស្ថិតនៅតាមផ្លូវរដ្ឋសភា ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

រថយន្តទាំង២គ្រឿង ដែលរងការឆាបឆេះ រួមមាន ១-រថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាក លេខ ភ្នំពេញ 2BQ-6541 (ឆេះខូចខាតផ្នែកខាងមុខអស់ទាំងស្រុង ខូចខាតប្រមាណ៨០ភាគរយ) និងទី២-រថយន្តម៉ាក Toyota Veloz ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BY-8441 (ត្រូវភ្លើងឆេះរោលបណ្តាលឱ្យខូចមួយចំហៀងមុខផ្នែកខាងឆ្វេង ខូចខាតប្រមាណ១០ភាគរយ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីក្បាលរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6541 ស្របពេលនោះប្រជាពលរដ្ឋ បានផ្អើលឆោឡោ នាំគ្នាជួយយកទឹកមកជះពន្លត់ដែរ តែមិនអាចគ្រប់គងបាន ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញ មកជួយអន្តរាគមន៍។ ចំណែករថយន្តម៉ាក Toyota Veloz ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BY-8441 ដែលចតក្បែរគ្នានោះ ត្រូវភ្លើងរោលបណ្តាលឱ្យខូចមួយចំហៀងមុខផ្នែកខាងឆ្វេងផងដែរ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់ អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃដដែល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា ដោយសារតែការឆ្លងប្រព័ន្ធភ្លើង។ យ៉ាងណាគ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES