ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ផ្ទះបាយ នៅលើខុនដូ ជាន់ទី១៩ ដោយសារម្ចាស់បន្ទប់ដាក់កម្តៅម្ហូបទុកចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចខុនដូ ផ្លាទីនៀម ស្ថិតនៅអគារលេខ៣៥-៤១ បន្ទប់លេខ១៩០១ ជាន់ទី១៩ ផ្លូវលេខ២៨២ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានករណីអគ្គិភ័យខាងលើ គឺដោយសារតែម្ចាស់បន្ទប់ ដាក់កម្តៅម្ហូប ទុកចោល បណ្តាលឱ្យឆាបឆេះខូចខាតបន្ទប់ផ្ទះបាយ ទំហំ១,៥ម៉ែត្រ គុណនឹង ២ម៉ែត្រ និងរងខូចខាតសម្ភារៈក្នុងផ្ទះបាយ មួយចំនួន។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថ កិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។ ដោយកម្លាំងសមត្ថ កិច្ចជំនាញបាន ធ្វើការគ្រប់គ្រង (ភ្លើងរលត់ទាំងស្រុង) នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា ដោយសារតែការកម្តៅម្ហូបទុកចោល។ គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕
