ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ កំពុងឈប់ចាក់សាំងម៉ូតូ នៅលើចិញ្ចើមថ្នល់ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ បានបោះពួយមកបុកពេញទំហឹង បណ្តាលឱ្យបុរសចំណាស់ ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។
បុរសចំណាស់រងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះង៉ែត ផាន អាយុ៦៨ឆ្នាំ មានលំនៅ ភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះចាន់ ស៊ីណា ភេទប្រុស អាយុ៣៦ ឆ្នាំ មានលំនៅ ភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះង៉ែត ផាន បានឈប់ចាក់ សាំងម៉ូតូ នៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥។ ស្រាប់តែរំពេចនោះ មានរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពាក់ ស្លាកលេខ ភ្នំពេញ 2Q-8748 បើកបរក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើត ហេតុ ស្រាប់តែរេចង្កូតបុកជនរងគ្រោះ ពេញទំហឹង បណ្តាលឱ្យប៉ើងអូសទាំងម៉ូតូ ទាំងមនុស្ស ធ្លាក់ចូលក្នុងដីចម្ការអ្នកភូមិ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំដោះ ស្រាយនៅពេលក្រោយ។ ចំណែកសពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
