Friday, February 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកផ្ទះសំណាក់វាំងននរូត ឈឺ.../ពោះកើតកូន

ដេកផ្ទះសំណាក់វាំងននរូត ឈឺ…/ពោះកើតកូន

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះ បានចូលដេកនៅផ្ទះសំណាក់មួយកន្លែង ដែលមានវាំងននរូតបិទបាំងចំណតយានជំនិះ ដែលគេហៅថាផ្ទះសំណាក់់វាំងននរូត ស្រាប់តែសម្រាលកូននៅក្នុងបន្ទប់ផ្ទះសំណាក់ លុះសម្រាលកូនរួចហើយ ទើបទាក់ទងទៅសាច់ញាតិនិងមិត្តភក្តិ ឱ្យជួយហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យ បង្កការភ្ញាក់ផ្អើលដល់មហាជន និងអ្នកសារព័ត៌មាន ចុះទៅត្រៀបត្រា នៅមុខផ្ទះសំណាក់កើតហេតុ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបន្ទប់ផ្ទះសំណាក់ «ផ្ការាត្រី» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីខាងលើ មិនច្បាស់ថាចូលសម្រាកផ្ទះសំណាក់ តាំងពីពេលណានោះទេ ដោយមានការលាក់លៀមពីខាងផ្ទះសំណាក់ ក៏ដូចជាស្ត្រីរងគ្រោះផងដែរ។ លុះពេលឈឺ ពោះសម្រាលកូនក្នុងបន្ទប់ផ្ទះសំណាក់រួចហើយ ទើបស្ត្រីខាងលើ បានទាក់ទងតាមទូរស័ព្ទ ទៅបងប្អូនសាច់ ញាតិ និងមិត្តភក្តិ សុំឱ្យជួយហៅរថយន្តសង្គ្រោះ មកជួយដឹកចេញពីផ្ទះសំណាក់ខាងលើ ទៅកាន់មន្ទីរពេទ្យ។

ប្រភពដដែល បន្តថា បន្ទាប់ពីមានការរាយការណ៍សុំជំនួយរថយន្តសង្គ្រោះ ក៏មានរថយន្តសង្គ្រោះរបស់មន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) បានចុះទៅដល់កន្លែងកើតហេតុ ហើយក្រុមការងាររថយន្តសង្គ្រោះ បានចូលទៅក្នុងផ្ទះសំណាក់ លើកស្ត្រីដែលទើបសម្រាលកូន ជាមួយទារក ដាក់ប្រង់ការ ដោយមិនទាន់កាត់ ទងសុខនៅឡើយ រួចដឹកតាមរថយន្តសង្គ្រោះ  យកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ភ្លាមៗ។

ជុំវិញហេតុការណ៍ខាងលើនេះ ភាគីខាងផ្ទះសំណាក់ ហាក់មានការលាក់បាំង មិនបានផ្តល់ព័ត៌មានដល់ក្រុមអ្នកសារព័ត៌មានឡើយ ។ បើតាមការសង្កេត ផ្ទះសំណាក់កើតហេតុខាងលើ មានវាំងននរូតនៅតាមមុខបន្ទប់នីមួយៗ នៅពេលមានភ្ញៀវចូល បុគ្គលិកផ្ទះសំណាក់បានទាញវាំងននរូតបិទបាំងយានជំនិះ មិនឲ្យមើលឃើញ ឡើយ ទើបគេហៅថា «ផ្ទះសំណាក់វាំងននរូត» ហើយក្រោយកើតហេតុខាងលើ បន្ទាប់ពីរថយន្តសង្គ្រោះបានដឹកស្ត្រីសម្រាលកូនក្នុងផ្ទះសំណាក់ ចេញទៅផុតភ្លាម បុគ្គលិកផ្ទះសំណាក់ បានទាញទ្វាររបងបិទជិតឈឹងតែម្តង៕

RELATED ARTICLES