Friday, February 21, 2025
Homeសង្គម និងជីវិតតា៧៥ឆ្នាំ ឡើងត្នោតចិញ្ចឹមប្រពន្ធកូន

តា៧៥ឆ្នាំ ឡើងត្នោតចិញ្ចឹមប្រពន្ធកូន

ខេត្តកំពង់ស្ពឺ ៖ ដោយសារតែជីវភាពក្រីក្រលំបាក ទើបធ្វើឱ្យបុរសវ័យចំណាស់ម្នាក់ ដែលមានវ័យ៧៥ឆ្នាំទៅហើយ នៅតែបន្តប្រកបមុខរបរឡើងត្នោត ដើម្បីចិញ្ចឹមប្រពន្ធដែលមានជំងឺប្រចាំកាយ ព្រមទាំងកូនប្រុសម្នាក់ មានជំងឺខ្សោយសតិបញ្ញាតាំងពីកំណើត។

បុរសចំណាស់ដែលប្រឹងឡើងត្នោតនេះ មានឈ្មោះសឹង ភឺន អាយុ៧៥ឆ្នាំ មុខរបរឡើងត្នោត និងមានលំនៅក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា លោកតាសឹង ភឺន សព្វថ្ងៃមានវ័យចាស់ជរាណាស់ទៅហើយ ប៉ុន្តែដោយសារតែមានបន្ទុកត្រូវមើលថែចិញ្ចឹមប្រពន្ធកំពុងមានជំងឺ និងកូនប្រុសម្នាក់មានបញ្ហាខ្សោយសតិបញ្ញាតាំងពីកំណើតផងនោះ ទើបរាល់ថ្ងៃ លោកតាតែងប្រឹងឡើងត្នោត ដើម្បីរកប្រាក់មកទិញអង្ករហូប និងទិញថ្នាំសង្កូវព្យាបាលប្រពន្ធ។

ក្រោយរឿងរ៉ាវទុក្ខលំបាករបស់លោកតា វ័យ៧៥ឆ្នាំខាងលើ ត្រូវបានផ្សព្វផ្សាយដឹងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ទើបនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារលោកតា ។

តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីផ្តល់អំណោយដល់លោកតាដ៏សែនកំសត់រូបនេះ លោកស្រីបានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាជន ដែល រស់នៅក្នុងភូមិចំនួន៥ នៃឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានឃើញថានៅទីនេះ មានប្រជាជនងាយរងគ្រោះបំផុត មានចាស់ឥតទីពឹង ជនពិការ និងគ្រួសារក្រីក្រមានកូនច្រើន ចំនួន៤៩គ្រួសារទៀត ហេតុនេះហើយ កាកបាទក្រហមកម្ពុជា បានដោះស្រាយផ្តល់ជូនអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដល់គ្រួសារងាយរងគ្រោះបំផុតទាំងអស់នោះផងដែរ។

ក្នុងឱកាសនោះ លោកស្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាតល្អ ត្រូវបរិភោគទឹកឆ្អិន ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូង សរសៃឈាម ជាដើម។

ជាមួយគ្នានេះ លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិ ហើយសូមអាណាព្យាបាលទាំងអស់ បញ្ជូនកូនៗទៅសាលារៀន ឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។

សូមជម្រាបថា អំណោយដែលលោកតា និងប្រជាជន ចំនួន៤៩គ្រួសារទៀត ទទួលបាន រួមមាន អង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកស៊ីអ៊ីវ ៤យួរ ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ និងថវិកា ចំនួន ១លានរៀល៕

RELATED ARTICLES