ភ្នាក់​​ងារ​​ទេសចរ​​ឯក​​ជន ជំរុញ​​អោយ​​ធ្វើការ​​រួមគ្នា​​ទាក់​​ទាញ​​ភ្ញៀវ​​បរទេស

ភ្នំពេញ ៖ សហប្រធានក្រុមការងារទេសចរណ៍បានជំរុញឲ្យអ្នកធ្វើការងារឯក ជនក្នុងវិស័យទេសចរណ៍ ធ្វើការរួមគ្នាដើម្បីរិះរកយុទ្ឋសាស្រ្តទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ខណៈការមកដល់របស់ភ្ញៀវទេសចរណ៍នាឆ្នាំនេះបានធ្លាក់ចុះខ្លាំង ធៀបនឹងឆ្នាំមុន។

លោកលូ ម៉េងសហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ កក្កដានេះថា ការមកដល់របស់ភ្ញៀវទេសចរ ណ៍ក្នុងខេត្តសៀមរាបបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ដែលបានធ្វើឲ្យអត្រាប្រើប្រាស់សណ្ឋាគារមានកម្រិតទាប ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយម្ចាស់សណ្ឋា គារនានាបានទំលាក់តំលៃបន្ទប់ ដែលធ្វើឲ្យតំលៃបន្ទប់សណ្ឋាគារនៅខេត្តសៀមរាប មានតំលៃថោកជាងគេក្នុងតំបន់អាស៊ី។

លោកបន្តថា “យើងទាមទារឲ្យអ្នកធ្វើការក្នុងវិស័យនេះរួបរួមគ្នា ដើម្បីធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ពិសេសយើងត្រូវសិក្សាពីយុទ្ឋសាស្រ្តទាក់ទាញភ្ញៀវឲ្យបានម៉ត់ចត់ថែមទៀត”។លោកបន្តថា“វិស័យឯកជនត្រូវធ្វើការងារជាមួយវិស័យឯកជន ហើយរដ្ឋាភិបាលធ្វើការងារក្នុងកម្រិតរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយនិងលើកកំពស់វិស័យនេះ”។

លោកលូ ម៉េងបានបន្តថា ចំនួនភ្ញៀវទេសចរណ៍បានធ្លាក់ចុះតាំងពីខែមិនារហូតមកទល់ពេលនេះ ពិសេសចំនួនភ្ញៀវទេសចរណ៍ជប៉ុន កូរ៉េបានធ្លាក់ចុះច្រើន ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍ចិន អឺរ៉ុប និងភ្ញៀវទេសចរណ៍មកពីសហរដ្ឋអាមេរិកបានកើនឡើង។

លោកឌិត សុមេធារិទ្ឋប្រធានសមាគមសណ្ឋាគារកម្ពុជាបានលើកឡើងស្រដៀងគ្នានឹងលោកលូ ម៉េង ដោយលោកបានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍មកកម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានសភាពស្ងាត់ខ្លាំងនៅក្នុងខេត្តសៀមរាប ប៉ុន្តែនៅរាជធានីភ្នំពេញមិនបញ្ហានោះទេ ដោយសារនៅរាជធានីភ្នំពេញមានអ្នកធុរកិច្ចឡើងចុះច្រើន និងមានសិក្ខាសាលាច្រើន។លោកបន្តថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប បានធ្វើឲ្យតំលៃបន្ទប់សណ្ឋាគារមានការប្រកួតប្រជែងគ្នាស៊ីសាច់ហុតឈាម។

លោកបន្តថា ចំនួនភ្ញៀវទេសចរណ៍បានងាកទៅកាន់ប្រទេសភូមា ដោយសារភូមាទើបបើកទ្វារចំហ ជាទីផ្សារថ្មី និងជាប្រទេសដែលមានរមណីយដ្ឋានទេសចរណ៍ច្រើនផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាង២លាននាក់ កើនឡើង២,៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកគង់ សុភារក្សប្រធាននាយកដ្ឋានស្ថិតិនិងព៌តមានទេសចរណ៍នៃក្រសួងទេសចរណ៍បានទទួលស្គាល់ថា ការមកដល់របស់ភ្ញៀវទេសចរណ៍បរទេសមកកាន់កម្ពុជាឆ្នាំនេះ ពិតជាមានកំនើនទាបជាងឆ្នាំមុន ដោយសារបញ្ហាមួយចំនួននៅតំបន់អឺរ៉ុប បញ្ហាភេវរកម្ម និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន។

លោកឧកញ៉ាសៀង ណាំតំណាងរាស្រ្តខេត្តសៀមរាប និងជាម្ចាស់សណ្ឋាគារគោកធ្លក ក្នុងក្រុងសៀមរាបបានថ្លែងថា សណ្ឋាគារលោកខាតរាល់ខែ ដោយសារការមកដល់របស់ភ្ញៀវទេសចរណ៍បានធ្លាក់ចុះ ក្នុងរដូវមិនសូវសម្បូរភ្ញៀវ ប៉ុន្តែនៅពេលរដូវភ្ញៀវច្រើន សណ្ឋាគាររបស់លោកបានត្រឹមតែទប់ទល់ប៉ុណ្ណោះ៕

ដោយ ៖ គង់ លាងហួរ

៧