Friday, February 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពេទ្យតាកែវ បំភ្លឺប្រើប័ណ្ណ ប.ប.ស ពេទ្យទុកចោល រហូតកូនស្លា.../ប់ក្នុងពោះ

ពេទ្យតាកែវ បំភ្លឺប្រើប័ណ្ណ ប.ប.ស ពេទ្យទុកចោល រហូតកូនស្លា…/ប់ក្នុងពោះ

ខេត្តតាកែវ ៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានចេញសេចក្តីបំភ្លឺ បុរសម្នាក់ បានអះអាងថា ប្រពន្ធរបស់ខ្លួន មានផ្ទៃពោះគ្រប់ខែ ឈឺពោះសម្រាល ខ្លួនប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីឱ្យក្រុមគ្រូ ពេទ្យជំនាញជួយសម្រាលកូនឲ្យ លុះទៅដល់បែរជាត្រូវគ្រូពេទ្យទុកចោល ២យប់ រហូតបណ្តាលឱ្យកូនរបស់ខ្លួនបានស្លាប់នៅក្នុងផ្ទៃ ដែលករណីនេះគឺដោយសារខ្លួនប្រើប័ណ្ណ ប.ប.ស ទើបពេទ្យទុកចោល មិនយកចិត្តទុកដាក់។

សេចក្តីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានខ្លឹមសារថា «នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Vong SoPheak បានសរសេរចុះផ្សាយថា ៖ ជួយ shares ម្នាក់មួយផងបងប្អូន ឱ្យថ្នាក់គ្រប់គ្រងខាងមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឃើញផង។ កាលពីថ្ងៃទី 13/02/2025 ប្រពន្ធខ្ញុំបាទបានឈឺពោះឆ្លងទន្លេ ពេលនោះខ្ញុំបានដឹកប្រពន្ធទៅសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ពេលនោះ មន្ទីរពេទ្យបានទុកអ្នកជំងឺចោល មិនព្រមជួយ។ អ្នកជំងឺឈឺពោះចាប់តាំងពីយប់ថ្ងៃទី11/02/2025 គាត់ទុកអ្នកជំងឺចោល រហូតដល់ថ្ងៃទី13/02/2025 អ្នកជំងឺទ្រាំលែងបាន រហូតដល់ស្លាប់កូនក្នុងផ្ទៃនៅក្នុងមន្ទីរពេទ្យ។ ក្រោយពីកូនក្នុងផ្ទៃបានស្លាប់ ក្រុមគ្រួសារអ្នកជំងឺបានសុំឱ្យក្រុមគ្រូពេទ្យជួយវះកាត់ ដើម្បីជួយសង្គ្រោះម្តាយ តែគាត់មិនព្រម! រហូតដល់មានការប្រកែកគ្នាប្រហែលកន្លះម៉ោង ទើបគ្រូពេទ្យព្រមវះកាត់ឱ្យ។ ខ្ញុំចង់សួរថា ៖ តើអ្នកប្រើប័ណ្ណ (ប.ប.ស) ដូចពួកខ្ញុំ កាត់លុយរាល់ខែ ហេតុអ្វីពេលចូលពេទ្យបង្អែកមួយនេះ បែរជាមិនយកចិត្តទុកដាក់ ហើយទុកអ្នកជំងឺចោលបែបនេះ? លេងសើចនឹងជីវិតមនុស្សពេកហើយ ដល់តែមានខ្សែ ទើបគ្រូពេទ្យព្រមមើល យកចិត្តទុកដាក់មែនទេ? ចុងក្រោយ ខ្ញុំសុំឱ្យលោកគ្រូ/អ្នកគ្រូ មេត្តាកុំយកជីវិតមនុស្ស មកលេងសើចអី! បើសិនជារឿងនេះកើតលើគ្រួសារលោកគ្រូ/អ្នកគ្រូវិញ តើគាត់គិតម៉េចដែរ? ហើយការប្រើប័ណ្ណ ប.ស.ស នេះក៏ទើបតែជួបដែរ ធ្លាប់តែឮគេនិយាយ ឥឡូវជួបហើយ ដូចគេនិយាយមែន ចូលពេទ្យ គេមិនអើពើទេ អរគុណ (ពាក្យពេចន៍ខាងលើនេះ ជារបស់បណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Vong SoPheak ជាអ្នកចេញផ្សាយ)»។

សេចក្តីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ បន្តថា «មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមធ្វើការបំភ្លឺជូនសារធារ ណជន មេត្តាជ្រាបថា ៖ ករណីស្ត្រីពពោះ អាយុ២៦ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ Vong SoPheak បានចូលសម្រាកពេទ្យ វេលាម៉ោង ៤និង៤៦នាទីព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយឈឺពោះសម្រាល គ្រប់ ខែ កូនទី១ មិនមែនចូលសម្រាកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចការលើកឡើងរបស់គាត់ទេ។ ហើយនៅពេលអ្នកជំងឺចូលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យប្រចាំការនៅផ្នែកសម្ភព បានធ្វើការទទួលនិងពិនិត្យតាមបច្ចេក ទេសវេជ្ជសាស្ត្រភ្លាមៗ វេលានោះឃើញថា មាត់ស្បូនមិនទាន់បើកនៅឡើយទេ។ ក្រុមការងារបានបូមឈាមយកទៅពិនិត្យ និងវិភាគតាមបច្ចេកទេស។ ឯការលើកឡើងថា មានការប្រកែកគ្នាប្រហែលកន្លះម៉ោង ទើបគ្រូពេទ្យព្រមវះកាត់ឱ្យ ការពិតគឺក្រុមគ្រូពេទ្យ បានកំពុងប្រជុំពិភាក្សាគ្នាលើករណីនេះ និងធ្វើការពិនិត្យអេកូផ្ទៃពោះឡើងវិញ ដើម្បីផ្តល់ជាជម្រើសផ្នែកវេជ្ជសាស្ត្រជូនអ្នកជំងឺ»។

សេចក្តីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ បន្តទៀតថា «មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមជម្រាបជូនថា មន្ទីរពេទ្យ ពុំទុកអ្នកជំងឺចោល ទោះមានឬមិនមានប័ណ្ណ ប.ស.ស មានឬមិនមានបណ្ណ័មូលនិធិសមធម៌ នោះឡើយ។ ចំពោះករណីខាងលើក្រុមការងារបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ជួយទាំងម្តាយ និងកូន និងបានខិតខំ ពន្យល់ផ្តល់ព័ត៌មានជាបន្តបន្ទាប់ដល់ក្រុមគ្រួសារ។ មន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមចូលរួមសោកស្តាយចំពោះមរណភាពទារកក្នុងពោះ»៕

RELATED ARTICLES