ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថ ១រូប ដែលផឹកស៊ីស្រវឹង ជិះម៉ូតូចូលទៅក្នុងវត្តសំបួរមាស រករឿងទះកំផ្លៀងព្រះសង្ឃ ចំនួន៣អង្គ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នោះ ត្រូវបានថ្នាក់ដឹកនាំអាវុធហត្ថរាជ ធានីភ្នំពេញ សម្រេចដាក់ទណ្ឌកម្មវិន័យ ខណៈដែលបុគ្គលអាវុធហត្ថខាងលើ បានទទួលស្គាល់កំហុស និងសងជំងឺចិត្តដល់តំណាងសាមណេរទាំង៣អង្គ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២៥ ថា ករណីពលអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលបានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ នៅវត្តសំបួរមាស ត្រូវបាន អង្គភាពសម្រេចដាក់ទណ្ឌកម្មវិន័យហើយ។ ក្រៅពីការដាក់ទណ្ឌកម្មវិន័យ ស្តីបន្ទោសដោយលាយលក្ខណ៍អក្សរហើយនោះ ពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា ក៏បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងព្រមសងសំណងជំងឺចិត្តដល់តំណាងសាមណេរទាំងបីអង្គផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់អំពីសាវតាររឿង អង្គហេតុ និងអង្គច្បាប់ ក្នុងហេតុការណ៍ដែលបានកើតឡើងនៅវត្តសំបួរ មាស នោះថា ៖ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេ បញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មាន គោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ អំពីករណីពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ នៅវត្តសំបួរមាស មេត្តាជ្រាបដូចខាងក្រោម ៖

ក-អំពីសាវតារ ៖ ឈ្មោះសយ ច័ន្ទស័ក្តដារ៉ា ធ្លាប់បានបួសជាសង្ឃ នៅវត្តសំបួរមាស ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ហើយបានសឹកពីសាមណេរ ដាក់ពាក្យចូលបម្រើកងរាជអាវុធហត្ថនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលបួសជាសង្ឃ នៅឆ្នាំ២០១៣ ខ្លួនបានយក ក្មេងប្រុស ១នាក់ ឈ្មោះយ៉ាន មករា អាយុ៦ឆ្នាំ ធ្វើជាកូនសិស្ស ស្នាក់នៅក្នុងកុដិជាមួយគ្នា (ក្មេងប្រុសនោះរស់នៅភូមិជាមួយគ្នា ម្តាយក្រីក្រ កំព្រាឪពុក)។ លុះដល់ឆ្នាំ២០២១ ឈ្មោះ យ៉ាន មករា ក៏បានបួសជានេន នៅវត្តសំបួរមាស ស្នាក់នៅក្នុងកុដិជាមួយគ្នា រហូតដល់ឆ្នាំ២០២៣។
ខ-អំពីអង្គហេតុ ៖ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះសយ ច័ន្ទស័ក្តដារ៉ា បានជូនមិត្តភក្តិ ចំនួន២នាក់ ចេញពីកន្លែងកម្មវិធីខួបកំណើតមកសម្រាកនៅវត្ត (១-ឈ្មោះពៅ រ៉ាវី មុខរបរអ្នកដុតសពនៅវត្ត ២-ឈ្មោះមេន ថាមុំ មុខរបរអ្នកបើកបររថយន្តរបស់វត្ត) ហើយឈ្មោះសយ ច័ន្ទស័ក្តដារ៉ា ក៏បានឱ្យឈ្មោះមេន ថាមុំ យកម៉ូតូជូនខ្លួនទៅបន្ទាយវិញ។ ពេលចេញដំណើរ ក៏បានឃើញនេនព្រះនាម យ៉ាន មករា គង់លើបង់ថ្ម នៅមុខកុដិ ឈ្មោះសយ ច័ន្ទស័ក្តដារ៉ា ក៏ឱ្យឈប់ម៉ូតូ ហើយសួរសុខទុក្ខលោកនេន ព្រះនាម យ៉ាន មករា និងបានជជែកប្រកែកគ្នា បង្កឱ្យមានជម្លោះ មិនបណ្តាលឱ្យមានរបួសស្នាមទេ។
គ- អំពីអង្គច្បាប់ ៖ -មាត្រា២១៧ បទហិង្សាដោយចេតនា ជាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី២លានរៀល ទៅ ៦លានរៀល។ -មាត្រា២២៨ បទហិង្សាស្រាល ជាអំពើប្រព្រឹត្តទៅលើអ្នកដទៃ នូវហិង្សាស្រាល ដែលមិននាំឱ្យរបួសទេនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥ពាន់រៀល ទៅ១សែនរៀល។ យោងតាមអង្គហេតុខាងលើ ពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តទង្វើឆ្គាំឆ្គង រំលោភក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ។
ឃ- អំពីទណ្ឌកម្មវិន័យ ៖ -មាត្រា៤១ ទណ្ឌកម្មផ្នែកវិន័យមាន ៖ ១-ចំពោះនាយទាហាន និងនាយទាហានរង ៖ -ការព្រមាន -ការស្តីបន្ទោស -ការបន្ទោសដោយលាយលក្ខណ៍អក្សរ ឬការផ្អាកមុខដំណែង។ ២-ចំពោះពល ទាហាន ៖ -ការព្រមាន -ការជាប់បញ្ញត្តិ -ការផ្អាកមុខ តំណែង។ -មាត្រា៤២ ការបន្ថយឋានន្តរស័ក្តិ ត្រូវធ្វើចំពោះយោធិនដែលមានកំហុសធ្ងន់ និងប្រព្រឹត្តល្មើសបទបញ្ញត្តិច្រើនដង។ ការបន្ថយឋានន្តរស័ក្តិនេះ ត្រូវវិនិច្ឆ័យនិងផ្តល់យោបល់ពីក្រុមប្រឹក្សាវិន័យ។
យោងតាមអង្គហេតុខាងលើ ពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌វិជ្ជាជីរៈទៅលើព្រះសង្ឃ ទោះបីខ្លួនធ្លាប់បួស ឬជាគ្រូរបស់លោកនេនអង្គនោះក្តី ខ្លួនបានសឹកពីភិក្ខុ គឺពីបព្វជិត មកជាគ្រហស្ថហើយ មិនត្រូវប្រព្រឹត្តទង្វើបែបនោះទេ។
ង-ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី នៅសាលាអនុគុណខណ្ឌដង្កោ បានប្រារឰពិធីរម្ងាប់អធិករណ៍ ករណីជម្លោះនៅវត្តសំបួរមាស មានសមាសភាពដូចខាងក្រោម ៖
១- ព្រះវិន័យមុនី ចឹក ចុន្ន ព្រះអនុគុណខណ្ឌបង្កោ និងជាព្រះចៅអធិការវត្តស្លែង
២- លោកមាស ញិល មន្ត្រីមន្ឌីរធម្មការនិងសាសនា រាជធានីភ្នំពេញ
៣- លោកស៊្រាន ម៉ៃ ប្រធានការិយាល័យព្រះពុទ្ធសាសនា មន្ទីរធម្មការ
៤- ព្រះកិរិយាភិបាល កុង ពិសី ព្រះចៅអធិការវត្តសំបួរមាស រួមទាំងមន្ត្រីសង្ឃប្រចាំខណ្ឌដង្កោ និងសាមណេរដែលពាក់ព័ន្ធករណីជម្លោះ
៥- លោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសហការី
៦- តំណាងភាគីពាក់ព័ន្ធករណីជម្លោះខាងលើ។
បន្ទាប់ពីព្រះអនុគុណ មានថេរដីកាសួរនាំអំពីអង្គហេតុ ទៅកាន់សាមណេរ ចំនួន៣អង្គ ហើយសាមណេរទាំងបីអង្គ ព្រមអនុគ្រោះ និងទទួលយកនូវការសុំខមាទោស ព្រមទាំងព្រះចៅអធិការ និងព្រះគ្រូសូត្រទាំងពីរព្រះអង្គ ក្នុងវត្តសំបួរមាស បានឯកភាពតាមសំណូមពររបស់សាមណេរទាំងបីអង្គ ដើម្បីរំលត់អធិករណ៍។ ក្នុងនាមព្រះអនុគុណ ក៏បានទទួលយកការអភ័យទោសពីពលបាលឯក សយ ចាន់ស័ក្តដារ៉ា ដោយបានថ្វាយបង្គំសុំខមា ទោសចំពោះព្រះអនុគុណ ព្រមទាំងសាមណេរទាំងបីអង្គ។
ច- អំពីដំណោះស្រាយ និងចំណាត់ការ ៖
១- ពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានទទួលខុសត្រូវនូវកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តទង្វើឆ្គាំឆ្គង រំលោភក្រមសីលធម៌វិជ្ជាជីវៈ ទៅលើលោកនេន ទាំង៣អង្គ យល់ព្រមសងសំណង ជំងឺចិត្តដល់ភាគីតំណាងសាមណេរទាំងបីអង្គ។ ២- ត្រូវបានដាក់ទណ្ឌកម្មផ្នែកវិន័យ ដូចមានចែងក្នុងមាត្រា៤១ នៃបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ៖ ពលបាល ឯក សយ ច័ន្ទស័ក្តដារ៉ា ទទួលការស្តីបន្ទោស ដោយលាយលក្ខណ៍អក្សរ។

គួររំលឹកថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអំពើហិង្សាកើតឡើង នៅចំណុចបរិវេណវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយព្រះសង្ឃ ១អង្គ គង់ចាំមើលភ្នក់ភ្លើង នៅក្រោមកុដិសុខៗ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ បើកម៉ូតូ ១គ្រឿង ចូលមក រួចហៅព្រះអង្គឱ្យទៅជិត បន្ទាប់មកបានទះកំផ្លៀង ១ដៃ ធ្វើឱ្យព្រះអង្គស្រែកហៅព្រះសង្ឃដូចគ្នាឱ្យជួយ ហើយភ្លាមនោះមានព្រះសង្ឃ ២អង្គទៀត និមន្តចុះពីលើកុដិ បំណងមកជួយ តែបែរជាត្រូវជនសង្ស័យទះកំផ្លៀងព្រះសង្ឃ ២អង្គនោះ ម្នាក់១ដៃថែមទៀត រួចហើយក៏នាំគ្នាគេចខ្លួនបាត់ស្រមោលអស់។

ព្រះសង្ឃរងគ្រោះ មានព្រះនាម យ៉ាន មករា ព្រះជន្ម១៨វស្សា គង់នៅ វត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកព្រះសង្ឃរងគ្រោះ ២អង្គទៀត មិនស្គាល់ព្រះនាមគង់នៅវត្តសំបួរមាស ជាមួយគ្នា។ព្រះសង្ឃរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្ត បានដុតគល់ឈើនិងមែកឈើដែលកាប់ចោល ហើយព្រះអង្គ បានគង់ចាំមើលជាមួយកូនសិស្សលោក ៣ទៅ៤នាក់ទៀត ព្រោះខ្លាចឆេះរាលដាលដល់កុដិក្នុងវត្ត។ លុះមកដល់ម៉ោងកើតហេតុ នៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក មកដល់កន្លែងព្រះអង្គគង់ ក្នុងស្ថានភាពស្រវឹងស្រា និងបានស្រែកហៅព្រះអង្គថា “អាអ្ហែង មកជិតអញ” លុះពេលព្រះអង្គនិមន្តទៅដល់ជិត ជនសង្ស័យបានដេញឱ្យព្រះអង្គ ចូលទៅសិង (ដេក) ជាបន្ទាន់។ ពេលនោះព្រះអង្គបានតបវិញថា “អាត្មាមិនទាន់ទៅសិងទេ នៅចាំមើលភ្លើងរលត់សិន” ស្រាប់តែជនសង្ស័យបានទះកំផ្លៀងព្រះអង្គ ១ដៃ រួចវាយទាត់ធាក់ថែមទៀត ទើបព្រះអង្គបាន ស្រែកហៅព្រះសង្ឃដូចគ្នា ឱ្យមកជួយ ហើយក៏មានព្រះសង្ឃ ២អង្គទៀត និមន្តចុះមកពីលើកុដិ ស្រាប់តែត្រូវជនសង្ស័យទះកំផ្លៀង ម្នាក់១ដៃថែមទៀត៕